​តុលាការ​ខេត្តក្រចេះ ស្រាវជ្រាវ​ការចោទប្រកាន់ លើ​លោក ហាក់ ហ៊ាន់​-​សោ វុទ្ធី រឿង​បទល្មើស​ព្រៃឈើ​

ភ្នំពេញ:
 អយ្យការ​អម​សាលាដំបូង ខេត្តក្រចេះ បាន​បញ្ជាក់ថា ទាក់ទង​នឹង​ខិត្តប័ណ្ណ​អនាមិក ចោទប្រកាន់​លើ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង និង​ករណី​បង្ក្រាប​បទល្មើស ព្រៃឈើ​ជាក់ស្តែង ដែល​ទាក់ទង​នឹង​ឈ្មោះ សោ វុទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តក្រចេះ គឺជា​ករណី​មិន​ពិត គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​។​

​យោងតាម​សេចក្តីថ្លែងការណ៍ របស់​អយ្យការ អម​សាលាដំបូង​ខេត្តក្រចេះ កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦ បាន​ឲ្យ​ដឹងថា ករណី​ទី​១. កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦ មាន​ខិត្តប័ណ្ណ​អនាមិក បាន​បោះ​នៅតាម​មណ្ឌល​ប្រឡង ក្នុង​ខេត្តក្រចេះ គឺជា​ករណី​មិន​ពិតប្រាកដ​នោះទេ គ្មាន​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់លាស់​។ ករណី​ទី​២.​នៅ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៦ មាន​ករណី​បង្ក្រាប បទល្មើស​ព្រៃឈើ​ជាក់ស្តែង នៅ​ស្រុក​ស្នួល ដោយ​ចាប់បាន​ជនល្មើស​ម្នាក់ ហើយ​ជនល្មើស បាន​ឆ្លើយ​ដាក់​លើ​លោក សោ វុទ្ធី ព្រះរាជអាជ្ញារង​។

​លុះ​ពេល​តំណាង​អយ្យការ ជជីក​សួរនាំ ជនល្មើស បញ្ជាក់ថា ខ្លួន​មិនដែល​ស្គាល់ឈ្មោះ សោ វុទ្ធី ទេ តែ​ជនល្មើស បាន​ឆ្លើយថា ម្ចាស់​ឈើ​នោះ ឈ្មោះ ហេង ហើយ​ឈ្មោះ ហេង ប្រាប់ថា បើ​គេ​ចាប់បាន ឲ្យ​ឆ្លើយថា ឈើ​ជា​របស់​ឈ្មោះ សោ វុទ្ធី​។​

​អយ្យការ​អម សាលាដំបូង​ខេត្តក្រចេះ បាន​បញ្ជាក់ថា ករណី​ទាំងពីរ ខាងលើនេះ អយ្យការ​អម សាលាដំបូង​ខេត្តក្រចេះ កំពុង​ស្រាវជ្រាវ នឹង​បាន​បញ្ជូន​សំណុំរឿង ជាក់ស្តែង ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​៕N​/S