បឺត សង្ឃឹម និង អ៊ុ​ង វិ​រៈ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​រេញ​CNC

រាជធានី​ភ្នំពេញ ៖  បឺត សង្ឃឹម មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ បាន​ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​CNC ក្នុង​ជំនួប​នា​ថ្ងៃ​សៅរ៍​ទី​២៧ សីហា ស្អែកនេះ ។

បឺត សង្ឃឹម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Samsing Loukchunprathan ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ចំណែក អ៊ុ​ង វិ​រៈ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ
Orngkhanlek Korkanmonvat​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម ។ កីឡាក​ថៃ​ទាំង​២​រូប​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក​ទេ ប៉ុន្តែ​បើ​យោង​លើ​ប្រវត្តិ​ប្រកួត គឺ​ពួក​គេ​ពិតជា​ខ្លាំង​មិនធម្មតា ។ ជាក់ស្ដែង កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​ប្រកួត​ជាមួយ​បឺត សង្ឃឹម លើក​នេះ​ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ រីឯ​បឺត សង្ឃឹម ធ្លាប់​ប្រកួត​បាន​៤៥​ដង ឈ្នះ​៣៣​ដង ចាញ់​១១​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ ដោយសារ​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​បែប​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន​មិនសូវ​ជា​មាន​ជំនឿ​ចិត្ត​លើ បឺត សង្ឃឹម ប៉ុន្មាន​ឡើយ ។ ម្យ៉ាង​មួយ​រយៈ​មកនេះ បឺត សង្ឃឹម មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ប្រកួត​ទៀត​គឺ​រឹតតែ​ធ្វើ​ឱ្យ​គេ​ពិបាក​សង្ឃឹម​ដូច​ឈ្មោះ​កីឡាករ​រូប​នេះ ។

ចំណែក អ៊ុ​ង វិ​រៈ វិញ​កាន់តែ​ពិបាក​សង្ឃឹម ថែម​ទៀត ព្រោះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ឡើង​សង្វៀន​គឺ​តិច​ជាង​គូប្រកួត​ដែល​ជា​កីឡាករ​ថៃ​ឆ្ងាយ​ណាស់ ។ កីឡាករ​ថៃ​មាន​បទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​បាន​១២០​ដង ឈ្នះ​៨០​ដង ចាញ់​៣០​ដង ស្មើ​១០​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។ រីឯ​អ៊ុ​ង វិ​រៈ ធ្លាប់​ប្រកួត​បាន​៥៦​ដង ឈ្នះ​៤៨​ដង ចាញ់​៧​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​១៩​ដង ។ យោង​លើ​ប្រវត្តិ​ប្រកួត​ខុស​គ្នា​ដាច់​ឆ្ងាយ​ម្យ៉ាង​អ៊ុ​ង វិ​រៈ​មាន​វ័យ​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​នោះ ថ្វី​ត្បិត​តែ​គេ​គឺជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​មួយ​រូប ក៏​គេ​ពិបាក​ទុកចិត្ត​ដែរ ដូច្នេះ​បើ​ចង់​ដឹង​ថា នរណា​ខ្លាំង​ជាង​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ  ។

នៅ​លើ​សង្វៀន​ដដែល​ក៏​មាន​គូប្រកួត​មិត្តភាព​រវាង​កីឡា​កម្ពុជា និង​កម្ពុជា​កំដរ​គូ​អន្តរជាតិ​ផង​ដែរ​ដូច​ជា​កីឡាករ​ចាន់ រតនៈ មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ គុន សំណង មក​ពី​ក្លិប​គី​សែ មាន​រិ​ទ្ធ ។ កីឡាករ ម៉ឺន ដា មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សេក ចាន់​រាជ មក​ពី​ក្លិប​អង្គរ​មាន​ជ័យ ខេត្តសៀមរាប ។

ដោយឡែក សម្រាប់​ការ​ប្រកួត​នៅថ្ងៃអាទិត្យខាន​ស្អែក​លើ​សង្វៀន​ទូរទស្សន៍​CNC​ដដែល​ក៏​មាន​កីឡាករ​ជើង​ខ្លាំង​ជា​ច្រើន​គូ​បាន​ណាត់ជួប​គ្នា​ដើម្បី​សាក​វិជ្ជា​គុន​ជូន​ទស្ស​និក​ជន​បាន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្ដា​ហ៍​ដែរ ។ កីឡាករ សិទ្ធ បូ​ណា មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ សុខ ប៊ុ​ន​ធឿ​ន មក​ពី​ក្លិប​ម​ហិ​ទ្ធិ​រិ​ទ្ធ​តា​ដំបង​ដែក។ កីឡាករ ពុ​យ សុខ​លី​ន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង កញ្ញា មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ វ៉ា​ន់​ឌី រង្សី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក​ប្រកួត​​ជាមួយ​កីឡាករ ពេញ វ៉ា​ន់​ថន មក​ពី​ក្លិប​កុមារ​ទេព ។ កីឡាករ​ឡុ​ង សុ​ភ័ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ មាឃ សុ​វ​ណ្ណា​រ៉ា មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ។ កីឡាករ លាស់ យី​ន មក​ពី​ក្លិប​តា​ព្រហ្ម​មានជ័យ ប្រកួត​ជាមួយ​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ ណែម លី​អៀ​ច មក​ពី​ក្លិប​កងពលតូច​លេខ​៨​ភ្នំ​ទ្រព្យ ប្រកួត​ជាមួយ​កីឡាករ លី​ន សុខ​ណាត មក​ពី​ក្លិប​បុរី​រាជសីហ៍​មាន​រិ​ទ្ធ ៕