គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម និង​វិធានការ​បង្ការ​

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម និង​វិធានការ​បង្ការ​

កិច្ចសម្ភាសន៍​ជាមួយ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ុង សុផល​, ប្រធាន​ផ្នែក​ជំងឺឆ្លង​, អនុប្រធាន​ការិយាល័យ​បចេ្ចកទេស​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ផ្នែក​គ្លីនិក​នៃ​ជំងឺ​គ្រុនឈាម ស្តី​អំពី​ចំណេះដឹង​ទាក់ទង​នឹង​ជំងឺគ្រុនឈាម និង​វិធានការ​ការពារ​ជំងឺគ្រុនឈាម​។​

សំនួរ​ទី​១  តើ​អ្វី​ទៅជា ជំងឺគ្រុនឈាម​?
ចម្លើយ​៖ ជំងឺគ្រុនឈាម គឺជា​ជំងឺឆ្លង​មួយ​ដែល​បង្កឡើង​ដោយ​វីរុស ហើយ​ប្រភេទ​វីរុស​នោះ​មានឈ្មោះ​ថា វីរុស​ដាំង​។ ហេតុដូច្នេះ យើង​ក៏​ដាក់​ឈ្មោះ​ជំងឺ​នេះ​ឲ្យចំ​តែ​ម្តង​ថា​ជា ជំងឺគ្រុនឈាម​ដាំង​។ ក្នុងពេល​បច្ចុប្បន្ន​នេះ នៅ​ពុំទាន់​មាន​ការព្យាបាល ឬ ការបង្ការ​ជាក់លាក់​ណាមួយ​ប្រឆាំង​នឹង​ជំងឺគ្រុនឈាម​ដាំង​នេះ​នៅឡើយ​ទេ​។​

​សំនួរ​ទី​២  តើ​ជំងឺ​គ្រុនឈាម បង្កឡើង​ដោយសារ​អ្វី​? ហើយ​តើ​វា​ចម្លង​តាម​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត តាម​វិធី​ណាខ្លះ​?
​ចម្លើយ​៖ ជំងឺគ្រុនឈាម មិនមែន​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ដោយ​ផ្ទាល់​នោះទេ គឺ​ជំងឺ​នេះ​ត្រូវបាន​ចម្លង​តាមរយៈ​ការ​ខាំ​របស់​សត្វ​មូស​ខ្លា​ញី ដែល​វា​មាន​ឈ្មោះ​ជា​ភាសា​បច្ចេកទេស​ហៅថា អាអេ​ដែស​អាអេ​ហ្ស៊ី​ប​ស៊ី (Aedes Aegypti)​។ តាមពិត មូស​នេះ​វា​ទៅ​បឺត​ឈាម​ពី​មនុស្ស​ឬ​អ្នកជំងឺ ដើម្បី​បាន​ឈាម​ដែល​មាន​សម្បូរ​ជាតិ​ប្រូតេអ៊ីន​ច្រើន​មក​ចិញ្ចឹម​ពង​របស់​វា​ទេ ប៉ុន្តែ​ដោយសារ​នៅក្នុង​ក្រពេញទឹកមាត់​វា​មាន​មេរោគ និង​មាន​ជាតិ​កុំឲ្យ​ឈាមកក ដូច្នេះ​ពេល​វា​បឺត​ឈាម​មនុស្ស​វា​ត្រូវ​បញ្ចេញ​នូវ​សារធាតុ​កុំឲ្យ​ឈាម​ក​កនោះចូលទៅ ក៏ដូចជា​រុញ​មេរោគ​ទាំងនោះ​ចូលទៅ​ក្នុង​ខ្លួន​យើង នៅពេល​ដំណាលគ្នា​ដែរ​។​

សំនួរ​ទី​៣  តើ​ជំងឺ​គ្រុនឈាម​នេះ ច្រើន​កើតមាន​នៅ​តំបន់​ណា ហើយ​នៅពេល​ណា​ដែរ​?
​ចម្លើយ​៖ ជំងឺគ្រុនឈាម​ដាំង ត្រូវបាន​គេ​ឃើញ​កើតមានឡើង​នៅ​តំបន់​ត្រូពិច និង​ក្រោម​ត្រូពិច នៅ​ទូទាំង​ពិភពលោក ដែល​ភាគច្រើន​គេ​ឃើញ​កើតមាន​នៅ​តំបន់​ក្នុង​ទីក្រុង ជុំវិញ​ទីក្រុង ឬ ទីប្រជុំជន​ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ ហើយ​មាន​ការខ្វះ​អនាម័យ​បរិស្ថាន ដែល​ខុស​ពី​ជំងឺគ្រុនចាញ់​ដែល​ច្រើន​កើត​នៅ​តំបន់​មាន​ព្រៃ​។ អនាម័យ​បរិស្ថាន​សំដៅ​ទៅ​លើ​ការ​ទុក​ព្រៃរបោះ​ឲ្យ​ដុះ​នៅ​ជុំវិញ​ផ្ទះ​, ការ​ទុក​សំបក​កង់ឡាន កំប៉ុង​ចាស់ៗ ថូផ្កា​ដែល​បង្ក​ឲ្យមាន​ការដក់​ទឹកបាន ដែលជា​ជម្រក​ពង​របស់​សត្វ​មូស ពាងទឹក​មិនបាន​គ្រប​ត្រឹមត្រូវ​។ ជាធម្មតា រដូវ​ដែលមាន​អត្រា​ជំងឺគ្រុនឈាម​ខ្ពស់ គឺ​ច្រើន​តែ​នៅ​រដូវ​ភ្លៀង​ធ្លាក់​ចាប់ពី​ខែ​ឧសភា​ដល់​ខែ​កញ្ញា ដែល​ក្នុង​អំឡុង​រដូវ​នេះ​ដង់ស៊ីតេ​របស់​សត្វ​មូស​មាន​កម្រិត​ខ្ពស់​។ រីឯ​អំឡុង​ពេល​ពី​ខែ​មករា​ដល់​ខែ​មេសា និង​ពី​ខែតុលា​ដល់​ខែ​ធ្នូ ជា​ទូទៅ​វា​មិនមែន​កើត​ជំងឺគ្រុនឈាម​ទេ ដែល​ក្នុង​អំឡុងពេល​នោះ ករណី​ជំងឺ​គ្រុនឈាម​កើត​មាន​តិចតួច​។​

បច្ចុប្បន្ននេះ មាន​ប្រជាជន​ក្នុង​ពិភពលោក​ប្រហែល​ចំនួន​ពាក់កណ្តាល កំពុង​រស់នៅ​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​គ្រុនឈាម​។ ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយ​នេះ ជំងឺ​គ្រុនឈាម​បាន​រីក​រាលដាល​ពី​ការ​កើត​មាន​ក្នុង​ប្រទេស​តែ​មួយ​ចំនួន​តូច រហូតដល់​ការកើតមាន​ជាការ​រាតត្បាត​ក្នុង​១២៨​ប្រទេស​ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ​៤​ពាន់​លាន​នាក់ ហើយ​ករណី​កើត​ថ្មី​(​អាំង​ស៊ី​ដង់​)​នៃ​ជំងឺ​គ្រុនឈាម​ក៏​មាន​ការកើនឡើង​៣០​ដង​ផងដែរ​។ សព្វថ្ងៃនេះ ទ្វីប​អាស៊ី​មាន​បន្ទុក​នៃ​ជំងឺ​គ្រុនឈាម​តំណាងឲ្យ​៧០%​នៃ​បន្ទុក​ជំងឺ​ទាំងមូល​ក្នុង​ពិភពលោក​។

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម និង​វិធានការ​បង្ការ​

សំនួរ​ទី​៤  តើ​ជំងឺ​គ្រុនឈាម​នេះ ប៉ះពាល់​ទៅលើ​មនុស្ស​វ័យ​ណា​ច្រើនជាងគេ​?
​ចម្លើយ​៖ ជំងឺគ្រុនឈាម​ដាំង អាច​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​នៅក្នុង​ប្រទេស​កម្ពុជា ជំងឺ​នេះ​ភាគច្រើន​កើត​នៅ​លើ​ក្មេង​អាយុ​តិចជាង​១៥​ឆ្នាំ​។ ក្មេង​នៅ​ចន្លោះ​អាយុ​៥ ៩​ឆ្នាំ គឺជា​ក្រុម​ដែល​កើត​ជំងឺគ្រុនឈាម​ដាំង​ច្រើនជាងគេ ដោយសារ​តែ​ក្មេង​នៅ​ចន្លោះ​អាយុ​នេះ មិនសូវ​បាន​ទទួល​ការយកចិត្តទុកដាក់​មើលថែ​ដិតដល់​ពី​ឪពុក​ម្តាយ​ឬ​អាណាព្យាបាល​របស់​ពួកគេ​។ ក្មេង​ដែល​ស្ថិត​ក្នុង​ចន្លោះ​អាយុ​១ ៤​ឆ្នាំ គឺជា​ក្រុម​ដែល​មាន​ហានិភ័យ​ខ្ពស់​លំដាប់​ទី​ពីរ​។

សំនួរ​ទី​៥  តើ​មនុស្ស​ម្នាក់​អាច​កើតមាន​ជំងឺគ្រុនឈាម​ដាំង ប៉ុន្មាន​ដង​ក្នុង​មួយជីវិត​?
​ចម្លើយ​៖ មនុស្ស​ម្នាក់ អាច​ជំងឺគ្រុនឈាម​ដាំង​រហូតដល់​៤​ដង​ក្នុង​ជីវិត​របស់​គាត់​។ ការឆ្លង​រោគ​លើក​ដំបូង​នៃ​ជំងឺ​នេះ គេ​ហៅថា ជំងឺ​គ្រុន​ដាំ​ង​(​ដាំង​ក្លាស់​ស៊ី​ក​) ដែល​មិន​ទាន់​មាន​សញ្ញា​បាត់បង់​ផ្លាស្មា និង​ការ​ហូរឈាម​ទេ​។ នៅពេលដែល​មនុស្ស​ម្នាក់​ឆ្លង​ជំងឺ​នេះ​ចាប់​ពី​លើក​ទី​ពីរ​ទៅ ជំងឺ​នោះ​នឹង​ធ្វើ​ការវិវត្ត​ទៅ​ជា​មាន​លក្ខណៈ​ស្មុគស្មាញ និង​ធ្ងន់ធ្ងរ ហើយ​ដែល​បន្ត​វិវត្ត​ទៅ​ជា​ជំងឺគ្រុនឈាម​ដាំ​ង​។ ដូច្នេះ បន្ទាប់ពី​កើត​ជំងឺ​គ្រុន​ដាំង​ទៅ ប្រសិនបើ​មាន​មេរោគ​ដាំង​ប្រភេទ​ផ្សេងៗ​ទៀត​ចូលមកក្នុង​ខ្លួន​ខុសពី​ប្រភេទ​មេរោគ​ដំបូង​នោះ វា​អាច​នឹង​បង្ក​ឲ្យ​កើត​ជំងឺ​គ្រុនឈាម​ដាំង​រហូតដល់​២​ឬ​៣​ដង​ទៀត ដោយសារ​មេរោគ​ដាំង​មាន​៤​ប្រភេទ (​មេរោគ​ដាំង​ទី​១​ដល់​ទី​៤)​។ ជំងឺគ្រុនឈាម​ដាំង​ធ្ងន់ធ្ងរ គឺជា​មូលហេតុ​នាំមុខ​នៃ​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់ ក្នុងចំណោម​កុមារ​នៅតាម​បណ្តា​ប្រទេស​មួយចំនួន​នៅ​ទ្វីប​អាស៊ី និង​អាមេរិក​ឡាទីន​។​

គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នៃ​ជំងឺ​គ្រុនឈាម និង​វិធានការ​បង្ការ​

សំនួរ​ទី​៦  តើ​អ្វីខ្លះ​ជា​រោគសញ្ញា​ឬ​ចង្កោម​រោគសញ្ញា​សង្ស័យ របស់​ជំងឺគ្រុនឈាម​ដាំ​ង​?
​ចម្លើយ​៖ ជំងឺគ្រុនឈាម គឺ​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ មាន​លក្ខណៈ​ស្រដៀង​ជំងឺ​គ្រុន​ផ្តាសាយធំ ដែល​អាច​កើតមាន​ទៅលើ​មនុស្ស​គ្រប់​វ័យ​។ គេ​គួរតែ​មាន​ការសង្ស័យថា​កើត​ជំងឺ​គ្រុនឈាម កាលណា​អ្នកជំងឺ​មាន​អាការ​ក្តៅខ្លួន​ខ្លាំង (៤០​អង្សា​សេ​) ហាក់​មិន​ឆ្លើយតប​នឹង​ថ្នាំ​បញ្ចុះ​កម្តៅ​(​ប៉ា​រ៉ា​សេ​តា​ម៉ុល​) និង​មាន​អម​មក​ជាមួយ​នូវ​រោគសញ្ញា​២​ក្នុងចំណោម​រោគសញ្ញា​ដូចតទៅ​៖ ឈឺ​ក្បាល​ខ្លាំង​, ឈឺ​នៅក្រោយ​រង្វង់​គ្រាប់​ភ្នែក​, ឈឺ​សាច់ដុំ​និង​សន្លាក់​, ចង្អោ​រ​, ក្អួត​, ហើម​ក្រពេញ ឬ ស្នាម​កន្ទួល​លើ​ស្បែក​។ ជាធម្មតា រោគសញ្ញា​ទាំងនោះ​មាន​រយៈពេល​២ ៧​ថ្ងៃ បន្ទាប់​ពី​ដំណាក់កាល​សំងំ​នៃ​មេរោគ​៤ ១០​ថ្ងៃ ក្រោយ​ពី​ការ​ខាំ​នៃ​សត្វ​មូស​ដែល​មាន​ផ្ទុក​មេរោគ​ជំងឺគ្រុនឈាម​។​

​សំនួរ​ទី​៧  តើ​គ្រូពេទ្យ​គួរ​ផ្តល់​ជា​ដំបូន្មាន​ចំពោះ​ឪពុក​ម្តាយ​ឬ​អាណាព្យបាល​របស់​កុមារ​ដែល​មាន​ជំងឺគ្រុនឈាម ទាក់ទង​នឹង​ការបញ្ជូន និង​ដាក់​កុមារ​ឲ្យ​សម្រាក​ពេទ្យ​?
​ចម្លើយ​៖ ឪពុក​ម្តាយ​ឬ​អាណាព្យបាល​របស់​កុមារ​ដែល​សង្ស័យ​មាន​កើត​ជំងឺ​គ្រុនឈាម គួរ​ដឹង​នូវ​រោគសញ្ញា​ព្រមាន​ដូចតទៅ​៖ អាការ​ក្តៅខ្លួន​ចាប់ផ្តើម​ថយចុះ ខណៈពេល​ដែល​ស្ថានភាព​ទូទៅ​របស់​អ្នកជំងឺ​កាន់​យ៉ាប់យ៉ឺន​។ រោគសញ្ញា​នៃ​ភាព​យ៉ាប់យ៉ឺន​របស់​អ្នកជំងឺ​មានដូចជា សន្លឹម​, មិន​ឃ្លាន​អាហារ​, ក្អួត​ខ្លាំង​, ឈឺ​ពេញ​ក្នុង​ពោះ​ខ្លាំង​, ឡេះ​ឡះ​, ហូរឈាម​, អត់​ទឹកនោម​(៤ ៦​ម៉ោង​)​។

​ជាទូទៅ នៅពេល​ដែល​ក្មេង​ម្នាក់​មាន​លេចចេញ​នូវ​អាការ​ក្តៅខ្លួន​ស្រួចស្រាល់ (​មិន​ឆ្លើយតប​នឹង​ថ្នាំ​បំបាត់​កម្តៅ ប៉ា​រ៉ា​សេ​តា​ម៉ុល​) ហើយ​អាការ​ក្តៅខ្លួន​នោះ​មាន​២​ថ្ងៃ​ជាប់ ពេល​នោះ​ឪពុកម្តាយ​ឬ​អាណាព្យាបាល គួរ​នាំ​ក្មេង​នោះ​ទៅ​ជួប​គ្រូពេទ្យ បើទោះជា​មិនទាន់មាន​រោគសញ្ញា​អម​មក​ជាមួយ​នៅ​ឡើយ​ក៏ដោយ​។​

​សំនួរ​ទី​៨  តើ​មាន​ការព្យាបាល សម្រាប់​ជំងឺ​គ្រុនឈាម​ដាំង​ដែរឬទេ​?
​ចម្លើយ​៖ ដោយសារ​ជំងឺ​គ្រុនឈាម​ដាំ​ង បង្កឡើង​ដោយ​ពួក​វីរុស ដូច្នេះ​គ្មាន​ការព្យាបាល​ជាក់លាក់​សម្រាប់​ជំងឺ​នេះ​នៅឡើយ​ទេ​។ អ្វី​ដែល​យើង​អាចធ្វើ​បាន គឺ​ត្រូវ​ចេញ​វេ​ជ្ជ​បញ្ជា​ឲ្យ​ព្យាបាល​តាម​របៀប​ថែទាំ និង​ព្យាបាល​រោគសញ្ញា ព្រមទាំង​ព្យាបាល​ផលវិបាក​ទាំងឡាយ​ដែល​អាច​កើតមាន​ឡើង​ពី​ជំងឺគ្រុនឈាម​ដាំង​។​

​សំនួរ​ទី​៩  តើ​ក្មេង​ដែល​កើត​ជំងឺគ្រុនឈាម មាន​គ្រោះថ្នាក់​ដែរឬទេ​?
​ចម្លើយ​៖ ជំងឺគ្រុនឈាម​ដាំង គឺ​ជា​ជំងឺ​ដ៏​គ្រោះថ្នាក់ និង​អាច​ប៉ះពាល់​ដល់​ជីវិត​។ អ្នក​ជំងឺគ្រុនឈាម អាច​លេចចេញ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​មួយចំនួន ដែល​អាច​នាំ​ទៅរក​ការស្លាប់​បាន​។ ផលវិបាក​ទាំងនោះ​រួមមាន​៖ ការ​លើស​ជាតិ​ទឹក​ក្នុង​រាងកាយ​, ការ​ហូរ​ឈាម​ច្រើន (​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​ពពួក​អាស្ពីរីន ឬ អ៊ី​ប៊ុយ​ប្រូ​ហ្វែ​ន ឬ ការបាត់បង់​កត្តា​កំណក​ឈាម​), ភាព​ខ្សោយតម្រងនោម​, ការ​ខ្សោយ​ចង្វាក់​ដង្ហើម និង​ការ​ខ្សោយបេះដូង​បែប​តឹង​ណែន​។

សំនួរ​ទី​១០  តើ​វិធានការ​ការពារ​កុំឲ្យ​កើត​ជំងឺគ្រុនឈាម មាន​ដូចម្តេចខ្លះ​?
​ចម្លើយ​៖ វិធានការ​ការពា​រកា​រ​ឆ្លង​ជំងឺ​គ្រុនឈាម មានដូចជា​៖

១ វិធានការ​បែប​សមូហភាព​៖ លុបបំបាត់​នូវ​ទី​ជម្រក​មូស​ពង ដែល​អាច​បង្កើត​ជា​ដង្កូវ​ទឹក (​ព្រៃ​ជុំវិញ​ផ្ទះ​, សំបក​កង់ឡាន​ចាស់ៗ សំបក​កំប៉ុង​ចាស់ៗ​។ ការគ្រប់គ្រង និង​លុបបំបាត់​ដង្កូវ​ទឹក​។ ការប្រើ​ថ្នាំ​បាញ់​សម្លាប់​សត្វ​មូស​។ យុទ្ធនាការ​អប់រំ និង​លើក​កំពស់​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​បណ្តាញ​ផ្សព្វផ្សាយ បណ្តាញ​សង្គម សាលារៀន និង​យុទ្ធនាការ​ផ្សេងៗ​ក្នុង​សហគមន៍​ជាដើម​។​

២ វិធានការ​បែប​បុគ្គល​៖ គេង​ក្នុង​មុខ ប្រើ​ថ្នាំលាប​ការពារ​កុំ​ឲ្យ​មូស​ខាំ ស្លៀកពាក់​ខោអាវ​វែងៗ និង ប្រាប់​ក្មេងៗ​ឲ្យ​ចៀសវាង​ការ​លេង​នៅ​ទីកន្លែង​ងងឹត​ដែល​សំបូរ​សត្វ​មូស​។​ល​។​

សំនួរ​ទី​១១  តើ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ថ្នាំ​ចាក់​បង្ការ​ជំងឺគ្រុនឈាម​ហើយ​ឬ​នៅ​?
​ចម្លើយ​៖ កាលពី​ចុងឆ្នាំ​២០១៥ និង​ដើមឆ្នាំ​២០១៦​នេះ ថ្នាំ​ចាក់​បង្ការ​ជំងឺគ្រុនឈាម​ដំបូង​គេ​បំផុត ដែល​ផលិត​ដោយ​ក្រុមហ៊ុន​សាណូ​ហ្វី​ប៉ាស្ទ័​ររបស់​ប្រទេស​បារាំង ត្រូវបាន​គេ​ចុះ​បញ្ជិកា​ដាក់ឲ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​មួយចំនួ​ន ដែល​ស្ថិត​នៅក្នុង​តំបន់​កើតមាន​ជំងឺគ្រុនឈាម​។ កាលពី​ខែ​មេសា​កន្លងទៅនេះ ប្រទេស​ហ្វីលីពីន​បាន​អនុវត្ត​មុនគេ​នូវ​ការដាក់បញ្ចូល​ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម ទៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​បង្ការ​ថ្នាក់​ជាតិ​របស់​ខ្លួន​។ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​យើង ថ្នាំ​បង្ការ​ជំងឺគ្រុនឈាម​នេះ​នៅ​មិនទាន់​មក​ដល់​នៅ​ឡើយ​ទេ ប៉ុន្តែ​សង្ឃឹមថា​វា​នឹង​អាច​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ ៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។