អាន​ហើយ​ភ្លឺ​ភ្នែក! រឿង​បុរស​វាយ​ថ្ម បង្ហាញ​លទ្ធផល​ចុង​ក្រោយ​របស់​មនុស្ស​លោភលន់

កាល​ពី​ដើម​ឡើយ មាន​​បុរស​ម្នាក់​ដែល​តែងតែ​មិន​ពេញចិត្ត​នឹង​ជីវិត​របស់​ខ្លួន ដោយ​មាន​មុខ​របរ​ជា​អ្នក​វាយ​បំបែក​ថ្ម។ ថ្ងៃ​មួយ​បុរស​ម្នាក់​នោះ​បាន​ដើរ​កាត់​ផ្ទះ​ឈ្មួញ​ដ៏​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ ហើយ​នៅ​ពេល​បាន​ឃើញ​ភ្ញៀវ​សំខាន់​ៗ​នៅ​ទីនោះ អ្នក​វាយ​ថ្ម​គិត​ម្នាក់​ឯង​ថា៖ “ឈ្មួញ​នេះ​ពិត​ជា​មនុស្ស​មាន​អំណាច​មែន!”។ គាត់​មាន​ចិត្ត​ច្រណែន និង​ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​ឈ្មួញ​ដូច​បុរស​ម្នាក់​នោះ​ដែរ។

 

អាន​ហើយ​ភ្លឺ​ភ្នែក! រឿង​បុរស​វាយ​ថ្ម បង្ហាញ​លទ្ធផល​ចុង​ក្រោយ​របស់​មនុស្ស​លោភលន់

 

មិន​នឹក​ស្មាន​ដល់ ត្រឹម​តែ​មួយ​ប៉ប្រិច​ភ្នែក​គាត់​បាន​ក្លាយ​ជា​អ្នក​ជំនួញ​មែន។ ពេល​នេះ​គាត់​រីករាយ​នឹង​ជីវិត​រស់​នៅ​ស្ដុកស្ដម្ភ​និង​អំណាច​ដែល​គាត់​ធ្លាប់​ស្រមៃ​ចង់​បាន ហើយ​មាន​មនុស្ស​ជា​ច្រើន​ច្រណែន​នឹង​គាត់។

 

មិន​យូរ​ប៉ុន្មាន ថ្ងៃ​មួយ​គាត់​បាន​ឃើញ​មេ​ទ័ព​ម្នាក់ អម​ដំណើរ​ដោយ​កូន​ទាហាន​និង​សេនា​ហែហម​វាយ​គង​ឃ្មោះ ហើយ​គ្រប់​គ្នា​ដែល​បាន​ឃើញ​គាត់​មិន​ថា​អ្នក​មាន​ឬ​អ្នក​ក្រ សុទ្ធ​តែ​ឱន​គោរព​ពេល​គាត់​ដើរ​កាត់។ ឃើញ​ដូច្នេះ បុរស​វាយ​ថ្ម​គិត​ម្នាក់​ឯង​ថា៖ “លោក​ម្នាក់​នេះ​មាន​អំណាច​ម្ល៉េះ! ខ្ញុំ​ចង់​ក្លាយ​ជា​មេទ័ព​មាន​ឋានៈ​ខ្ពស់​ដូច្នេះ​ណាស់”។

 

រំពេច​នោះ​គាត់​ក៏​ក្លាយ​ជា​មេទ័ព​មែន និង​មាន​អំណាច​លើសលប់​ដូច​ខ្លួន​ប្រាថ្នា។ គាត់​ត្រូវ​បាន​ក្រុម​ទាហាន​និង​សេនា​តាម​បម្រើ​ដល់​គ្រប់​ទី​កន្លែង។ មនុស្ស​គ្រប់​គ្នា​នៅ​ជុំវិញ​គាត់​សុទ្ធ​តែ​ខ្លាច​កោត​ក្រែង ប៉ុន្តែ​សុទ្ធ​តែ​ស្អប់​គាត់​ពី​ក្រោយ​ខ្នង។​​​​

 

ថ្ងៃ​មួយ​គាត់​មាន​អារម្មណ៍​ក្ដៅ​ខ្លាំង និង​មិន​ស្រួល​ខ្លួន​ទាល់​តែ​សោះ​ពេល​អង្គុយ​លើ​កៅអី​ដ៏​ប្រណិត​របស់​ខ្លួន។ នៅ​ពេល​នោះ​គាត់​បាន​ងើយ​មើល​ទៅ​ព្រះ​អាទិត្យ​ហើយ​គិត​ទៅ​ខ្លួន​ឯង៖ “ព្រះ​អាទិត្យ​បញ្ចេញ​ពន្លឺ​យ៉ាង​អង់អាច​នៅ​លើ​មេឃ​ ដោយ​គ្មាន​ខ្លាច​ រង​ឥទ្ធិពល​ពី​អ្នក​ណា​ម្នាក់​ឡើយ​លើ​ផែនដី​នេះ។ ខ្ញុំ​ចង់​ក្លាយ​ជា​ព្រះ​អាទិត្យ”។

 

ឥលូវ​នេះ​គាត់​បាន​ក្លាយ​ជា​ព្រះ​អាទិត្យ​ហើយ​បញ្ចេញ​កម្ដៅ​យ៉ាង​ខ្លាំង​មក​កាន់​មនុស្ស​លោក​នៅ​ខាង​ក្រោម និង​ត្រូវ​ពួក​កសិករ​និង​កម្មករ​ស្អប់​ខ្លាំង​បំផុត។ ថ្ងៃ​មួយ​ពពក​ខ្មៅ​ដ៏​ធំ​មួយ​បាន​រសាត់​មក​ចន្លោះ​គាត់​និង​ផែនដី ហើយ​ពន្លឺ​របស់​គាត់​ក៏​មិន​អាច​បញ្ចាំង​ដល់​ផែនដី​បាន។ នៅ​ពេល​នេះ​គាត់​គិត​ថា៖ “ចុះ​ពពក​នេះ​ម៉េច​ក៏​មាន​អំណាច​ខ្លាំង​ម្ល៉េះ? ខ្ញុំ​ចង់​ក្លាយ​ជា​ពពក”។

 

ឥលូវ​នេះ​គាត់​បាន​ក្លាយ​ជា​ពពក។ គាត់​បាន​បង្ក​ភ្លៀង​ជន​លិច​ភូមិ​និង​ត្រូវ​មនុស្ស​ជា​ច្រើន​ស្រែក​ជេរ​ប្រទេច។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន គាត់​បាន​ដឹង​ថា​គាត់​ត្រូវ​កម្លាំង​មួយ​រុញ​ច្រាន​ជានិច្ច ហើយ​កម្លាំង​នោះ​គឺ​ខ្យល់ ដែល​ធ្វើ​ឲ្យ​គាត់​គិត​ថា៖ “ខ្យល់​មាន​អំណាច​ខ្លាំង​ណាស់! ខ្ញុំ​ចង់​ក្លាយ​ជា​ខ្យល់”។

 

ភ្លាម​នោះ គាត់​បាន​ក្លាយ​ជា​ខ្យល់​ហើយ​បាន​បញ្ចេញ​អំណាច​ផ្លុំ​បំប៉ើង​ផ្ទះ​សម្បែង​អ្នក​ភូមិ​និង​គាស់​រំលើង​ដើម​ឈើ។ អ្នក​គ្រប់​គ្នា​សុទ្ធ​តែ​ស្អប់​គាត់។ មួយ​សន្ទុះ​ក្រោយ​មក​គាត់​បាន​ទៅ​ដល់​របស់​ម្យ៉ាង​ដែល​គាត់​មិន​អាច​បោកបក់​រំលើង​បាន នោះ​គឺ​ថ្ម។ គាត់​ក៏​គិត​ទៀត​ថា៖ “យី​ថ្ម​នេះ​ពិត​ជា​មាន​អំណាច​លើស​គេ​មែន! ខ្ញុំ​ចង់​ក្លាយ​ជា​ថ្ម”។

 

តែ​មួយ​ប៉ប្រិច​ភ្នែក គាត់​បាន​ក្លាយ​ជា​ថ្ម​មួយ​ផ្ទាំង​ដ៏​ធំ និង​មាន​អារម្មណ៍​ថា​ខ្លួន​មាន​អំណាច​លើស​គេ​លើ​ផែន​ដី​នេះ។ បន្តិច​ក្រោយ​មក​គាត់​បាន​ឮ​សំឡេង​​ញញួរ​ផូងផាង​ ដាប់​លើ​ផ្ទៃ​ថ្ម​របស់​គាត់ រហូត​ដល់​បែកបាក់​ប្រែ​រូបរាង។ គាត់​ក៏​គិត​ទៀត៖ “តើ​អ្វី​ដែល​ខ្លាំង​ជាង​យើង​ជា​ថ្ម​ទៀត​នោះ? ខ្ញុំ​ចង់​ក្លាយ​ជា​គេ”។

 

គាត់​សម្លឹង​មើល​ចុះ​ក្រោម ហើយ​ក៏​ឃើញ​បុរស​វាយ​ថ្ម​ម្នាក់ ៕

 

គំនិត​អប់​រំ៖

ការ​ចេះ​ស្កប់ស្កល់​នឹង​ខ្លួន​ឯង និង​អ្វី​ដែល​ខ្លួន​មាន​ពិត​ប្រាកដ គឺ​ជា​កូនសោ​នៃ​សុភមង្គល។ ការ​ចង់​បាន​អំណាច​ក៏​ដូច​ជា​ភាព​លោភលន់​គ្មាន​ដែន​កំណត់​នឹង​មិន​អាច​ឲ្យ​អ្នក​ស្គាល់​សេចក្ដី​សុខ​បាន​ឡើយ ៕

 

ចុចអាន៖សម្តី​មាស​​១០ឃ្លា​របស់ ខុងជឺ ដែល​អាច​ផ្លាស់ប្ដូរ​ជីវិត​អ្នក

ចុចអាន៖ថៅកែ​នំប៉័ង​ប្ដឹង​កសិករ​ថា​រក​ស៊ី​បោក​ប្រាស់ តែ​​ដូច​ហែកកេរ្តិ៍​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស