រឿ​ម វណ្ណៈ និង ឌុ​ម កែវ​ដា ប៉ះ​ថៃ​ដណ្ដើម​ពិន្ទុ​គ្នា​លើ​រេញ​ខា​រ៉ា​បាវ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍ ​ទី​២៧ សីហា ស្អែកនេះ ការ​ប្រកួត​សន្សំ​ពិន្ទុ​រវាង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ឈាន​ចូល​ដល់​ស​ប្ដា​ហ៍​ទី​២​ហើយ ដោយ​កីឡាករ​កម្ពុជា​២​រូប​គឺ​រឿ​ម វណ្ណៈ និង ឌុ​ម កែវ​ដា គឺជា​អ្នក​ស្វាគមន៍​កីឡាករ​ថៃ ។ ការ​ប្រកួត​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន បន្ទាប់​ពី​ក្នុង​ស​ប្ដា​ហ៍​បើក​ឆាក​កីឡាករ​កម្ពុជា​២​រូប​សុទ្ធតែ​ចាញ់​បាត់បង់​៣​ពិន្ទុ​ទៅ​ឱ្យ​កីឡាករ​ថៃ​រួច​ទៅ​ហើយ ។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​អះអាង​ថា ការ​ប្រដាល់​ដែល​មានឈ្មោះ​ថា «​ប្រដាល់​អន្តរជាតិ​ជើងឯក​ខ្សែក្រវាត់​ខា​រ៉ា​បាវ​» កាន់តែ​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ទ្វេ​ដង​បន្ទាប់​ពី​ការ​ប្រកួត​នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​១ គឺ​កីឡាករ​កម្ពុជា​ចាញ់​កីឡាករ​ថៃ​ទាំងអស់ ។ លោក​ថា​ព្រឹត្តិការណ៍​នេះ​ពោរពេញ​ដោយ​វត្ត​មាន​កីឡាករ​វ័យក្មេង និង​សុទ្ធតែ​ខ្លាំង​ជា​ពិសេស​គឺ​កីឡាករ​ថៃ​សុទ្ធតែ​មាន​សមត្ថភាព​សម្រាប់​ប្រភេទ​ទម្ងន់ ៦៣,៥​គីឡូក្រាម ។ លោក​ថា នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡាករ​សរុប​ចំនួន​៨​រូប​ដូច​ជា​ម្ចាស់​ខ្សែក្រវាត់ K-Cement ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើង​គោក ដែល​បាន​ចាញ់​ការ​ប្រកួត​រួច​ទៅ​ហើយ កីឡាករ​រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តបន្ទាយមានជ័យ និង​កីឡាករ ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ 

សម្រាប់​កីឡា​ករ​​ថៃ​រួម​មាន​កីឡាករ Aram Boy កីឡាករ Pha  Yalek កីឡាករ Pravit និង​កីឡាករ​Yort  Sayam ។ លោក​ថា ព្រឹត្តិការណ៍​ប្រដាល់​ខា​រ៉ា​បាវ​នេះ កីឡាករ​កម្ពុជា និង​ថៃ​ដ្បិត​ថា​ ឈរ​ពូ​ល​ផ្សេង​គ្នា ប៉ុន្តែ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​ប្រមូល​ពិន្ទុ​ដើម្បី​ជ្រើស​យក​កីឡាករ​ថៃ និង​កីឡាករ​កម្ពុជា​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ​ក្នុង​ពូ​ល​រៀងខ្លួន​ឡើង​ទៅ​វគ្គ​បន្ត ។

សមាសភាព​គូប្រកួត​ដែល​មានមុខ​ឡើង​សង្វៀន​ថ្ងៃនេះ​រួម​មាន កីឡាករ​រឿ​ម វណ្ណៈ ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Pravit និង​កីឡាករ ឌុ​ម កែវ​ដា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yort Sayam ។ ជំនួប​រវាង​ពួក​គេ​សុទ្ធតែ​មាន​អ្នកគាំទ្រ​រៀងខ្លួន​យល់​ថា​នឹង​អាច​ដណ្ដើម​បាន​៣​ពិន្ទុ​មុន​មិន​ខុស​គ្នា ដោយសារ​តែ​កីឡាករ​ម្ខាង​ៗ​សុទ្ធតែ​មាន​ក្រេ​ឌី​ត​មិន​ណ​យ​ដូច​គ្នា ។ សម្រាប់​គូ​រឿ​ម វណ្ណៈ គេ​ជឿ​ភាគច្រើន​ថា​កីឡាករ​រូប​នេះ​នឹង​យក​បាន​៣​ពិន្ទុ​បើក​ឆាក​ដោយ​ផ្អែក​តាម​គេ​តាំងពី​បាន​ក្លាយ​ខ្លួន​ជា​កីឡាករ​ដែល​មាន​ក្រេ​ឌី​ត គឺ​មាន​លទ្ធផល​ឈ្នះ​កីឡាករ​ថៃ​ស្ទើរតែ​គ្រប់ពេល​ឡើង​រេញ​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។

រីឯ​អ្នកគាំទ្រ​កីឡាករ​ថៃ​មិន​យល់​ដូច្នោះ​នោះ​ទេ បន្ទាប់​ពី​កីឡាករ​Pravit​ក៏​មាន​ប្រវត្តិ​បំបាក់​កីឡាករ​ខ្លាំង​ៗ​របស់​កម្ពុជា​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​រាប់​មិន​អស់​ឱ្យ​គេ​បាន​ស្គាល់​ពី​ថ្វីដៃ​រួច​មក​ហើយ​ផង​ដែរ ។ ក្រុម​អ្នក​យល់​ឃើញ​បែប​នោះ គិត​ថា រឿ​ម វណ្ណៈ អាច​នឹង​យកមុខ​មាត់​របស់​គេ​ទៅ​ចាក់ចោល​កណ្ដាល​រេញ​ខា​រ៉ា​បាវ​នៅ​រសៀល​ថ្ងៃនេះ​ក៏​ថា​បាន ប្រសិនបើ​ការ​ប្រកួត​របស់​គេ​មិន​មាន​បច្ចេកទេស​ខ្ពស់​ណាមួយ​អាច​ធ្វើ​ឱ្យ​ថៃ​បាក់មុខ ។ គូ​នេះ​អ្វី​ដែល​គេ​ទស្សន៍​ទាយ គឺ​អ្នក​ឈ្នះ និង​អ្នក​ចាញ់​នឹង​ទ្រម​ខ្លួន​មិន​ខុស​គ្នា​ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ចង់បាន​៣​ពិន្ទុ​ពី​កម្មវិធី ។ កីឡាករ​រឿ​ម វណ្ណៈ ធ្លាប់​ប្រកួត​បាន​៦៧​លើក ឈ្នះ​៥០​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡា​ករ​ថៃ​ប្រកួត​បាន​រហូត​ដល់​៩២​លើក ឈ្នះ​៧៩​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក​។

មួយគូ​ទៀត គឺជា​ជំនួប​រវាង​កីឡាករ ឌុ​ម កែវ​ដា និង​កីឡាករ​ថៃ​ឈ្មោះ Yort Sayam​។ គូ​នេះ​មាន​មនុស្ស​ភាគច្រើន​យល់​ថា​ជើង​ខ្លាំង​មក​ពី​ថៃ​នឹង​មាន​ក្រេ​ឌី​ត​ខ្លាំង​ជាង ដោយ​សារ​តែ​មុន​ឡើង​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ខា​រ៉ា​បាវ​រសៀល​នេះ គេ​បាន​បង្ហាញ​ភាព​ខ្លាំង​ជាមួយ​កីឡាករ​កម្ពុជា​រួច​ទៅ​ហើយ ។ ទោះបី​យ៉ាងណា ឌុ​ម កែវ​ដា ដ្បិតថា​ក្មេង និង​ខ្ចី​បទ​ពិសោធន៍​ក៏​មិន​អន់​ដល់​ថ្នាក់​ឱ្យ​កីឡាករ​ថៃ​យក​៣​ពិន្ទុ​បាន​ដោយ​ស្រួល​នោះ​ដែរ ទើប​ពួក​គេ​ដាច់ខាត​ត្រូវ​តែ​បញ្ចេញ​អស់​សមត្ថភាព​រៀងខ្លួន ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​បាន​៧៦​លើក ឈ្នះ​៦៤​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​៧១​លើក ឈ្នះ​៥៨​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ៕