អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព Cyber

លោក Stephen Path ប្រធាន​សហព័ន្ធ​បច្ចេកវិទ្យា ICT កម្ពុជា​បាន​មើល​ឃើញ​ពី​ចន្លោះ​ប្រហោង​ដែល​សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា​មួយ​ភាគ​ធំ មិន​សូវ​គិតគូរ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ដែល​លោក​គិត​ថា​ដូច​​ជា​អង្គរក្ស​​ដែល​អាច​ការពារ​ហានិភ័យ​​ពី​ការ​វាយប្រហារ​របស់​ឧក្រិដ្ឋជន​ដល់​ដំណើរការ​អាជីវកម្ម​។

 

អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព Cyber

 

លើក​ឡើង​ក្នុង​សិក្ខាសាលា​បង្ហាញ​ពី​គំរូ​ថ្មី​ក្នុង​ការ​រក្សា​ការពារ​ប្រព័ន្ធ cyber លោក Stephen Path បាន​ឲ្យ​ដឹង​ថា សហគ្រាស​អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​យកចិត្តទុកដាក់​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព។ នេះ​បើ​តាម​ការ​មើល​ឃើញ​ផ្ទាល់​របស់​លោក។

 

លោក​ថា សម័យ​បច្ចេកវិទ្យា​ក្រុម​ឧក្រិដ្ឋជន​អាច​វាយប្រហារ​បាន​គ្រប់​ពេល ដែល​ពួកគេ​ប្រើ​បច្ចេកវិទ្យា​ចូល​ទៅ​លុកលុយ​ប្រព័ន្ធ​កុំព្យូទ័រ​ ដើម្បី​លួច​យក​ទិន្នន័យ​ឬ​ទៅ​បំផ្លិចបំផ្លាញ​ដែល​នាំ​ការ​ខូចខាត​ធ្ងន់ធ្ងរ។

 

លោក​ទទួល​ស្គាល់​ថា ការ​ដំឡើង​ប្រព័ន្ធ​សុវត្ថិភាព ត្រូវការ​ការ​ទុន​ច្រើន​និង​ធនធាន​មនុស្ស​ដែល​ជា​ការ​វិនិយោគ​យូរ​អង្វែង។ យ៉ាង​ណា​សហព័ន្ធ ICT កម្ពុជា​ នឹង​ព្យាយាម​បញ្ជ្រាប​ការ​អប់រំ​ដូចជា​ការ​រៀបចំ​សិក្ខាសាលា ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ដល់​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​គួរ​តែ​គិត​គូរ​ឡើង​វិញ ក្នុង​ការ​បង្កើត​ថវិកាលើការ​​អភិវឌ្ឍ​ប្រព័ន្ធ​សុវត្ថិភាព​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ម្ចាស់​អាជីវកម្ម​ផ្ទាល់​និង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន។

 

លោក Ken Soh​ អគ្គ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Athena Dynamics របស់​ប្រទេស​សិង្ហបុរី​ឲ្យ​ដឹង​ថា ការ​រៀបចំ​សិក្ខាសាលា​នេះ ដើម្បី​នាំ​អ្នក​ជំនាញ​មក​ពី​គ្រប់​កន្លែង​ចែក​រំលែក​ពី​បញ្ហាប្រព័ន្ធ​សុវត្ថិភាព Cyber ​ស្វែង​យល់​ពី​ការ​គំរាមកំហែង​ ​ក៏​ដូចជា​​ការ​ការ​រក​ដំណោះស្រាយ​សមស្រប​ដើម្បី​បង្ការ​ការ​កើត​មាន​ការ​វាយ​ប្រហារ​ណាមួយ​នៅ​ពេល​ខាង​មុខ។

 

លោក​ថា ក្រុមហ៊ុន​ជា​ច្រើន​នៅ​តែ​មិនបាន​​ដឹង​ពី​ការ​គំរាមកំហែង​លើ​ប្រព័ន្ធ​សុវត្ថិភាព ជាពិសេស​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម។ ដូច្នេះ សិក្ខា​នេះ​ក៏​ចង់​ណែនាំ​មធ្យោបាយ​ថ្មីៗ​ដែល​នឹង​នាំ​មក​ដំណោះស្រាយ​យ៉ាង​មាន​ប្រសិទ្ធភាព ដែល​ក្រុមហ៊ុន​នៅ​កម្ពុជា​អាច​ប្រើប្រាស់​ដើម្បីសុវត្ថិភាព​សម្រាប់​​ប្រតិបត្តិការ​​ក្នុង​ដំណើរការ​​អាជីវកម្ម​។

 

នៅ​ព្រឹកមិញ​នេះ ក្រុមហ៊ុន Portcullis Technologies សហការ​ជាមួយ​ក្រុមហ៊ុន Athena Dynamics​ ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន BH Global Corporation Ltd​ ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្នុង​ផ្សារ​ហ៊ុន​របស់​ប្រទេស​សិង្ហបុរី បាន​មក​ធ្វើ​បទ​បង្ហាញ​ចែក​រំលែក​នូវ​វិធីសាស្ត្រ​ដែល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ដើម្បី​ជួយ​ស្ថាបន័​​​ជា​ច្រើន​ក្នុង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព ​នៃ​ការ​ថែរក្សា​ការពារ​ទុក​ជា​មុន ដើម្បី​ជៀស​ពី​ការ​គំរាម​កំហែង​និង​ការ​វាយ​ប្រហារ​លើ​ប្រព័ន្ធ cyber​។

 

ការ​ផ្តួចផ្តើម​ការ​សហការ​នេះ​ឡើង​នាំ​មក​នូវ​ដំណោះ​ស្រាយ​ក្នុង​ការ​ ការពារ​សុវត្ថិភាព​ប្រព័ន្ធ cyber សម្រាប់​បច្ចេក​វិទ្យា​ព័ត៌មាន (IT) និង​ដំណើរ​ការ​ប្រតិបត្តិការ​បច្ចេក​វិទ្យា​ (OT) ដែល​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់​ទៅ​នឹង​រចនា​សម័្ពន្ធ​បច្ចេក​វិទ្យា​របស់​ប្រទេស​កម្ពុជា។

 

អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព Cyber

អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព Cyber

អាជីវកម្ម​នៅ​កម្ពុជា​មិន​ដល់ ៥ ភាគរយ​គិតគូរ​ពី​បញ្ហា​សុវត្ថិភាព Cyber

ចុចអាន៖

 

អត្ថបទ៖ ប៊ុណ្ណារ៉ា