ចុះចាប់ចិន​​មួយក្រុម ពីបទប្លន់​ប្រាក់១២ម៉ឺនដុល្លារ

រាជធានី​ភ្នំពេញ ​៖ ជនជាតិ​ចិន​២​ក្រុម​ ដែល​ត្រូវជា​មិត្តភក្ដិ​​បាន​ចោទប្រកាន់​គ្នា​ថា ​ប្លន់​យក​លុយ​អស់ចំនួន​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បាន​មកប្ដឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យ​​ឃាត់ខ្លួនជនជាប់សង្ស័យចំនួន​៥​នាក់​ នាំ​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​០១​​រំលង​
អធ្រា​ត្រ​ឈាន​ចូលថ្ងៃ​ទី​២៦ ​សីហា​ ​២០១៦ ខណៈ​​ដែលក្រុម​ជនសង្ស័យ​​កំពុងស៊ីផឹក​នៅ​ចំណុច​ក្នុង​ហាងចែ ថៃ ដែល​មាន​ទីតាំង ស្ថិត​នៅ​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​​។ ​

​ប្រភព​ឱ្យ​ដឹង​ថា ក្រោយ​ពេល​សាកសួរទើប​ដឹង​សាច់​រឿង​ខ្លះ​ៗ​ថា ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​២​ក្រុម​នោះ គឺ​ក្រុម​ម្ខាងមាន​កុង​ធនាគារ ឯ​ម្ខាង​ទៀត​មានមុខរ​បរជា​អ្នកលក់គ្រឿងអលង្ការ​កាឡៃ​ អត់​មាន​កុង​ធនាគារ​នោះ​ទេ ។ ហើយ​អ្នក​ដែល​គ្មាន​កុង​ធនាគារ​នេះ បាន​ពឹងពាក់​ឱ្យភាគី​ម្ខាង​​ ដែល​ជា​អ្នកមាន​កុង​ធនាគារជួយ​វេរ​លុយ​ចំនួន​៨០​ម៉ឺន​យាន់ ដែល​មាន​ចំនួន​ស្មើនឹង​១២​ម៉ឺន​ដុល្លារ​
អា​មេ​រិ​ក ទៅឱ្យថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន​ ។

ខណៈនោះ ​ភាគី​ដែល​មាន​កុង​ធនាគារបាន​ទទួល​ការ​ពឹងពាក់​ពីមិត្តភក្ដិ​នោះ​ និង​បាន​វេរ​លុយ​ចូល​ក្នុង​កុង​ទាំងអស់ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះ​ត្រង់នោះ​ឡើយ ដោយ​ក្រោយពេល​វេរ​រួច ជន​នោះ​បាន​ឲ្យ​ដៃជើង​របស់​ខ្លួនទៅ​បើក​យក​លុយ​នោះ​ទាំងអស់​មក​វិញ ដែល​នេះ​គឺជា​ការរំលោភ​លើ​ទំនុកចិត្ត​មួយ​ ។

ប្រភព​ដដែល​​​បន្ត​ថា ចំណែក​ម្ចាស់​លុយ​មិន​បានដឹង​ថា មិត្តភក្ដិ​របស់​ខ្លួន​ក្បត់​បែប​នេះ​ឡើយ ក្រោយ​ពេល​ផ្ញើរ​លុយ​ឲ្យ​ជន​នោះ​វេរ​រួច ក៏​បាន​ប្រាប់​ឲ្យ​ថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន ទៅ​បើក​យក​លុយ ដែល​ខ្លួន​ពឹង​គេ​ឲ្យ​ផ្ញើ​ឲ្យ​នោះ ប៉ុន្តែ​អ្វី​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​នោះ គឺ​ថៅកែ​បាន​ឆ្លើយ​តប​មក​វិញ​ថា បើក​អត់​បាន​នោះ​ទេ ព្រោះ​អត់​មាន​លុយ​នៅ​ក្នុង​កុង​ឡើយ ​។

បន្ទាប់​ពី​ទទួល​​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះហើយ ម្ចាស់​លុយ​បាន​ទៅ​សួរ​អ្នក​ដែល​ខ្លួន​ពឹង​នោះ​ហើយ​ត្រូវ​បាន​ជន​នោះ​ប្រាប់​ថា លុយ​​របស់​ឯង ​គឺជា​លុយខ្មៅ​បើក​អត់​បាន​ទេ​ ព្រោះពេល​នេះ ​ត្រូវ​គេ​បិទ​កុង​ចោល​​ហើយ ប៉ុន្តែ​ទោះបីជា​មានការ​​ឆ្លើយដោះសារ​បែប នេះ​ក្ដី ជនជាតិ​ចិន​ ដែល​ជា​ម្ចាស់​លុយ​នោះ បាន​ទាមទារ​ដក​កុយ​នោះ​យក​មក​វិញ ទោះជា​លុយខ្មៅ​ក៏​ដោយ ។

ប្រភព​ខាងលើ​​បន្ត​ថា ទាំង​២​ភាគី​នោះ​មិន​បាន​ប្រាប់​ឱ្យដឹង​ឈ្មោះ​នោះ​ឡើយ ហើយដោយសារ​តែ​ជន​រង​គ្រោះ កើតទុក្ខ​មិន​សុខចិត្ត​កាន់តែ​ខ្លាំង ទើប​ជន​នោះយល់ព្រម​ដក​ឲ្យ​វិញ ហើយ​នៅ​វេលា​ម៉ោង​៤រសៀល​ថ្ងៃ​ទី​២៥ ​សីហា ក៏​បាន​ណាត់គ្នា​ទៅ​យក​លុយ នៅ​ចំណុច​សួន​ឧស្សាហ៍កម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ខណៈនោះ​ ជនសង្ស័យ​បាន​ប្រគល់​លុយ​ខាងលើ ទៅ​ឲ្យ​ជន​រង​គ្រោះ​វិញ ប៉ុន្តែ​បន្តិច​ក្រោយមក បាន​ប្រើ​ឲ្យ​ដៃជើង របស់​ខ្លួន​ចាប់​ក្រៀក​ជន​រង​គ្រោះប្លន់​យក​លុយ​នោះ​វិញ បន្ទាប់​មក​បាន​នាំ​គ្នាជិះ​រថយន្ត​២​គ្រឿង​គេចខ្លួន​បាត់​អស់​ ។ ចំណែក​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះបាន​នាំ​គ្នា​តាម​រក​រហូតដល់​វេលា​ង​១​យប់​រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ​សីហា ទើប​ប្រទះ​ឃើញក្រុម​ជនសង្ស័យ​កំពុងផឹកស៊ី​នៅ​ក្នុង​ហាងចែ ថៃ ​ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ប្ដឹង​ឲ្យ​នគរបាល​ឃាត់ខ្លួន​បាន​៥​នាក់ ក្នុង​នោះ​ មាន​ស្រី​ម្នាក់​រួម​និង​រថយន្ត​ចំនួន​២​គ្រឿង​ គឺ​រថយន្ត​ម៉ាក​រ៉ែ​ង​រ៉ូ​វើ ពណ៌​ស​១​គ្រឿង ពាក់​ស្លាក់​ភ្នំពេញ​2AE.5858 នឹង​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស​ពណ៌​ស្ករ​១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ.1969 ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​ ទៅ​កាន់ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ប៉ុន្តែ​ឮ​ថា​ភាគី​ទាំង​ពីរ​បានសម្រួល​ត្រូវរ៉ូវ​គ្នា ដោយ​ខាង​ជនសង្ស័យមាន​ខ្នង​អ្នកធំ​ជួយ​អន្តរា​គម​ន៍ និង​បានយល់ព្រម​ប្រគល់​លុយ​នោះទៅ​ឲ្យ​ជន​រង​គ្រោះ​វិញ ។