រត់​ត្រ​ហេ​ប​ត្រ​ហម​ហៅ​គេ​ជួយ ស្រង់​ឡើង​លើគោក​រួច​ទើប​ដឹង

ខេត្តសៀមរាប ៖ បុរស​ម្នាក់​បាន​រត់​ត្រហេបត្រហប​ទៅ​ហៅ​អ្នក​ជិតខាង​ឲ្យ​មួយ​ជួយ​បន្ទាប់​ពី​ប្រទះ​ឃើញ​ប្រពន្ធ​នៅ​ក្នុង​ទឹកស្រះ នៅ​ពេល​ស្រង់​ឡើងគោករួចទើបដឹងថា​ប្រពន្ធ​របស់​គាត់​ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ នៅ​ជិត​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ស្ត្រី​រង​គ្រោះ ស្ថិត​នៅ​ភូមិ​អ​ន្ស​ង​ពង ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ ព្រំ ឡែ​ម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ ហេង ឆៃ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា រូប​គាត់​បាន​ចេញ​ទៅ​ប្រកប​មុខរបរ​នៅ​ឯ​ក្រៅ​ផ្ទះ​ដូច​សព្វមួយដង ពេល​ត្រឡប់​មក​ផ្ទះ​វិញ​មិនឃើញ​ប្រពន្ធ ក៏​បាន​ដើរ​គ្រប់​ទីកន្លែង​នៅ​តែ​រក​មិនឃើញ ស្រាប់តែ​ពេល​ទៅ​រក​ជិត​ស្រះ​ទឹក​ខាងក្រោយ​ផ្ទះ​ក៏​ប្រទះ​ឃើញ​ប្រពន្ធ​នៅ​ក្នុង​ទឹកស្រះ ភ្លាម​ៗ​នោះ​គាត់​បានរ​ត់ទៅ​ហៅ​អ្នក​ជិតខាង​ឱ្យ​គេ​មក​ជួយ​ស្រង់​ចេញពី​ទឹក​យក​មក​ដាក់​លើគោក ប៉ុន្តែ​ស្រះ​ទឹក​នោះ​បាន​ឆក់​យក​ជីវិត​ប្រពន្ធ​របស់​គាត់​បាត់​ទៅ​ហើយ ។

ប្តី​ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា ក្រោយ​ពី​ស្រង់​ប្រពន្ធ​ដាក់​លើគោក​ហើយ គាត់​សន្និដ្ឋាន​ថា ប្រហែលជា​ប្រពន្ធ​របស់​គាត់​ចុះ​ទៅ​ដងទឹក​ស្រះ ហើយ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកស្រះ​បណ្ដាល​ឱ្យ​លង់​ស្លាប់​តែ​ម្តង​ទៅ ដោយសារ​គាត់​មិន​ចេះ​ហែល​ទឹក​ផង ម្យ៉ាងវិញទៀត​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​(​ស្ក​ន់​ជាន់​)​ផង ។

ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចុះ​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​ដងខ្លួន​សាកសព​រួច​មក សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន មិនមែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះ​ទេ ។

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕