ខៀវ សានសាណា គ្រងឈុតរៀបការប្រពៃណីជាមួយស្វាមីបរទេសទីពីរ

ភ្នំពេញ: មើលទៅចំណងអាពាហ៍ពិពាហ៍របស់ពិធី ការិនីទូរទស្សន៍ My TV អ្នកមេម៉ាយកូនពីរនាង ខៀវ សានសាណា កាន់តែច្បាស់ក្រឡែតសឹងតែនាងលែងហ៊ានប្រកែកហើយ ខណៈថ្មីៗនេះរូបថត Pre-wedding របស់នាង និងអនាគតស្វាមីលោក Seraj Sutton ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងរីករាយ ត្រូវបានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ។

មុននេះពិធីការិនីទូរទស្សន៍ ដែលចេះភាសាអង់គ្លេសជ្រៅជ្រះ និងសម្បូរវោហារប៉ប៉ាច់អ្នកនាង ខៀវ សានសាណា ទើបតែបានសារភាពពីការលែងលះអតីតស្វាមីបម្រើការងារនៅអង្គការណាតូជនជាតិកាណាដា ដាច់ស្រេច ក្រោយភាពស្និទ្ធស្នាលបណ្តើរសង្សារថ្មីបើកចំហផ្អើលអស់មហាជនកម្ពុជាជិតបីឆ្នាំទៅហើយដែរ។

មិនតែប៉ុណ្ណោះ ក៏មានលេចឮដែរថាគេបានកំណត់ថ្ងៃដឹកដៃសង្សារថ្មីវ័យចំណាស់ឪពុក ចូលរោងការច្បាស់លាស់ និងថែមទាំងបានល្បីកក់ទីតាំងទទួលភ្ញៀវនៅឯសណ្ឋាគារលំដាប់ផ្កាយគឺសណ្ឋាគារ Le Royalទៀតផង។

ប្រភពដដែលនេះទម្លាយថា អ្នកនាង ខៀវ សានសាណា នឹងចូលរោងការជាមួយប្ដីទី ២ នៅអំឡុង ខែតុលា ឆ្នាំ ២០១៦ ខាងមុខនេះ ដោយនឹងអញ្ជើញអ្នកសិល្បៈចូលរួមមានប្រមាណ ២០ តុតែប៉ុណ្ណោះ។

តាមធម្មតាអ្នកនាង ខៀវ សានសាណា ជាសិល្បការិនីម្នាក់ ដែលរួសរាយ ប៉ុន្តែនាងដាច់ខាតមិនយកជីវិតឯកជនមកទម្លាយឲ្យមហាជនដឹងឮឡើយ តែនៅមានមហាជនច្រើន តែងតែចង់ដឹងចង់ឮនូវរឿងរ៉ាវជីវិត និងស្នេហារបស់នាង។

ភ្នំពេញ ប៉ុស្ដិ៍ ក៏បានទាក់ទងទៅកាន់ពិធីការិនីរូបស្រស់ មេម៉ាយកូនពីរដែរ ដើម្បីបកស្រាយនឹងដំណឹងខាងលើនេះ តែប្រព័ន្ធលេខទូរស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបានទេ។

ជាមួយនឹងពាក្យសម្ដីបែបលាក់លៀមនោះ អ្នកនាង ខៀវ សានសាណា ក៏ធ្លាប់បានលើកហេតុផលនៃការមិនព្រមធ្វើការបកស្រាយនោះថា៖ «ដោយសារតែជាប់កុងត្រាផ្តល់នូវបទសម្ភាសឲ្យតែទស្សនាវដ្តីតែមួយពីរឿងឯកជន ហើយបើផ្តល់គឺវាខុសលក្ខខណ្ឌរបស់់គេ»។

កន្លងមកអ្នកនាង ខៀវ សានសាណា ក៏ធ្លាប់របូតមាត់ហៅ បុរសម្ចាស់ចិត្តជាជនបរទេសវ័យជ្រេនោះថាប្តីៗពេញមាត់នៅចំពោះមុខមហាជន ទាំងមិនទាន់រៀបចំពិធីប្រពៃណី និងសូម្បីតែភ្ជាប់ពាក្យក៏គ្មានផងនោះ។

យ៉ាងណារាល់សំណួរស្នើសុំបង្ហើបអំពីគម្រោងដឹកដៃម្ចាស់ស្នេហ៍ទី ២ ចូលរោងការបំពេញលក្ខខណ្ឌប្រពៃណីខ្មែរនៅពេលណានោះ តារាមានស្រុកកំណើតមកពីទឹកដីស្រុកកំពង់ត្របែក ខេត្តព្រៃវែង អ្នកនាង ខៀវ សានសាណា តែងតែឆ្លើយបដិសេធថា៖ «ចំពោះរឿងជីវិតផ្ទាល់ខ្លួន ឬឯកជនរបស់នាងខ្ញុំសុំមិននិយាយនោះទេ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍


Related Posts