“ជនជាតិ​ឡាវ​ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ក្នុង​ដែន​ទឹក​ខ្មែរ​នា​ខេត្ត​ស្ទឹងត្រែង”

ក្រុម​យុវជន ពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ខែត្រ​ស្ទឹងត្រែង បារម្ភ​ពី​វាសនា​សត្វ​ផ្សោត​នៅ​អន្លង់​អូរឈើទាល បន្ទាប់​ពី​អ្នក​នេសាទ​ជនជាតិ​ឡាវ ប្រើ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​ក្បែរ​អន្លង់​អភិរក្ស​បង្ក​គ្រោះថ្នាក់​ដល់​ការ​បន្លាស់​ទី​ស្វែង​រក​ចំណី​របស់​សត្វ​ផ្សោត។ ក្រុម​យុវជន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ពង្រឹង​ការ​អភិរក្ស​តំបន់​បម្លាស់ទី​របស់​សត្វ​ផ្សោត​រក​ចំណី ខណៈ​តំបន់​សំខាន់ៗ​កំពុង​យាយី​ដោយ​ប្រជាជន​ឡាវ។

ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន រក​ឃើញ​ថា ពលរដ្ឋ​ឡាវ បាន​លួច​ឆ្មក់​នេសាទ​ប្រើប្រាស់​ឧបករណ៍​ឆក់​ទំនើប​នៅ​តំបន់​សត្វ​ផ្សោត​បម្លាស់ទី​ដែល​អាច​ប៉ះពាល់​សត្វ​ផ្សោត​នៅ​តំបន់​នោះ និង​ប៉ះពាល់​ដល់​មច្ឆជាតិ​ធ្ងន់ធ្ងរ​នា​រដូវ​ត្រី​ពង។

ក្រុម​យុវជន​ការពារ​សង្គម និង​បរិស្ថាន បាន​ចុះ​ស៊ើប​អង្កេត​ពី​ស្ថានភាព​ទន្លេ​មេគង្គ​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៤ ខែ​សីហា ដើម្បី​តាម​ដាន​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម បង្ក​ឡើង​ដោយ​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) របស់​ឡាវ។

តំណាង​ក្រុម​យុវជន លោក ជុំ ហួត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ថា តំបន់​ឆ្លងកាត់​សំខាន់ៗ​របស់​សត្វ​ផ្សោត សម្បូរ​ដោយ​អ្នក​នេសាទ​ជនជាតិ​ឡាវ ប្រើ​ឧបករណ៍​ខុសច្បាប់។ លោក​ថា ប្រសិនបើ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​យក​ចិត្ត​ទុក​ដាក់​រក​មធ្យោបាយ​អភិរក្ស​ឲ្យ​ទាន់​ពេល​ទេ សត្វ​កម្រ​នេះ​អាច​ផុត​ពូជ និង​បណ្ដាល​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ទេសចរណ៍។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​សត្វ​ផ្សោត​រស់​នៅ​អន្លង់​អូរឈើទាល នៃ​ឃុំ​ព្រះរំកិល នៅ​សល់​បី​ក្បាល​ងើប​បង្ហាញ​ខ្លួន៖ «នៅ​ជុំវិញ​តំបន់​ដនសាងហុង គឺ​គេ​ដាក់​ជា​តំបន់​ហាម​ឃាត់​គ្មាន​នរណា​គេ​ចូល​បាន​ទេ។ អ៊ីចឹង​ឡាវ គាត់​គ្មាន​មុខ»

មេ​ឃុំ​ព្រះរំកិល លោក ភាវ មឿងឃុន ទទួល​ស្គាល់​ថា ប្រជាជន​ឡាវ បាន​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​ទឹក​ប្រទេស​ទាំង​ពីរ ហើយ​អាជ្ញាធរ​ឃុំ​ធ្លាប់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ឡាវ អន្តរាគមន៍​ករណី​នេះ​តែ​ពុំ​មាន​លទ្ធផល។ តែ​យ៉ាង​ណា​លោក​បាន​រាយការណ៍​ករណី​នេះ​ទៅ​ថ្នាក់​លើ​រួច​ហើយ​ដើម្បី​អន្តរាគមន៍​បន្ត​ទៀត៖ «យើង​ទៅ​ទំនាក់ទំនង​សហការ​ពិភាក្សា​វា​អត់​មាន​ប្រតិកម្ម​ក្ដៅក្រហាយ​ជាមួយ​យើង​ទេ។ ខ្ញុំ​ក៏​មិន​ដឹង​ថា​ម៉េច​ដែរ គេ​ថា ទឹក​ដី​របស់​គេ​អធិបតេយ្យភាព​របស់​គេ»

អតីតមន្ត្រី​សម្របសម្រួល​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ផ្ដល់​មតិ​ថា អាជ្ញាធរ​របស់​កម្ពុជា ត្រូវ​លើក​បញ្ហា​នេះ​ក្នុង​អង្គ​ប្រជុំ​អាជ្ញាធរ​មូលដ្ឋាន​ប្រទេស​ទាំង​ពីរ​ដោយ​ដាស់តឿន​ឲ្យ​អាជ្ញាធរ​ឡាវ យល់​ពី​កំហុស​ធ្ងន់ធ្ងរ​ករណី​នេះ ដែល​ប៉ះពាល់​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឆ្លងដែន​នៃ​ប្រទេស​ទាំង​ពីរ។ លោក​ថា អាជ្ញាធរ​ដែនដី​ប្រទេស​ទាំង​ពីរ​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​ទាក់ទិន​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ឆ្លង​ដែន​ឲ្យ​បាន​ត្រឹមត្រូវ និង​ពង្រឹង​ការ​ចែក​រំលែក​ព័ត៌មាន​ទៅ​វិញ​ទៅ​មក​ពី​ភាព​មិន​ប្រក្រតី​នានា នៅ​តំបន់​នោះ៖ «តំបន់​ដែល​ប្រជាជន​ឡាវ ធ្លាប់​រស់នៅ​ធ្លាប់​រក​ស៊ី​នៅ​តំបន់​នោះ វា​ត្រូវ​បាន​បាត់​មុខ​របរ​ត្រូវ​បាន​ជម្លៀស​ចេញ។ ក្នុង​ផ្នត់​គំនិត​ប្រជាជន​នៅ​តំបន់​នោះ គឺ​គេ​គិត​ថា រដ្ឋាភិបាល​បិទ​ទន្លេ​បាន​រឿង​អី​ដែល​គេ​រក​ស៊ី​មិន​បាន»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦ ពលរដ្ឋ​រស់​នៅ​ឃុំ​អូរស្វាយ និង​ឃុំ​ព្រះរំកិល ច្រើន​គ្រួសារ រើស​បាន​ត្រី​ដែល​គេ​បំពុល​ក្នុង​មួយ​គ្រួសារ​ចាប់​ពី ១​គីឡូក្រាម​ដល់​ជាង ១០​គីឡូក្រាម​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​កន្ទុយ​កោះ​ស្ដាំ ខាង​លិច​ភូមិ​វ៉ើងខាម ខែត្រ​ចម្ប៉ាដាក់ ប្រទេស​ឡាវ។ បន្ទាប់​ពី​រើស​បាន​ពលរដ្ឋ​ច្រើន​គ្រួសារ​បរិភោគ​ត្រី​គេ​បំពុល​នោះ កើត​អាការៈ​ចុក​ពោះ ក្អួតចង្អោរ និង​វិល​មុខ។

អ្នក​ជំនាញ​បរិស្ថាន​កត់សម្គាល់​ថា ជា​ទម្លាប់​ការ​នេសាទ​របស់​ប្រជាជន​ខ្មែរ និង​ប្រជាជន​ឡាវ រស់​នៅ​អម​សងខាង​ទន្លេ​មេគង្គ​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​មិន​បាន​អនុវត្ត​តំបន់​ព្រំដែន​រដ្ឋបាល​ទាក់ទង​ការ​នេសាទ​ឆ្លងដែន​ឡើយ ហើយ​ប្រជាជន​ឡាវ ច្រើន​ឆ្លង​ដែន​មក​នេសាទ​នៅ​ទន្លេ​របស់​កម្ពុជា ដោយសារ​ការ​នេសាទ​របស់​ប្រជាជន​ឡាវ នៅ​តំបន់​កោះ ហ៊ូសាហុង (Hu Sahong) ឬ​ច្រក​សាហុង និង​កោះ​ដនសាដាម (Don Sadam) ខេត្ត​ចម្ប៉ាដាក់ ប្រទេស​ឡាវ ត្រូវ​បាន​រដ្ឋាភិបាល​ឡាវ បិទ​ការ​នេសាទ​ទាំង​ស្រុង​ដើម្បី​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។