គ្រូជប៉ុន សន្យានឹងវិលមកជួយកាយសម្ព័ន្ធកម្ពុជា ខណៈលោក ថោង ខុន ស្នើសិក្ខាកាមឲ្យជួយពង្រឹងថ្នាលនៅតាមខេត្ត

លោក Munehiro Kugimiya គ្រូជំនាញខាងកីឡាកាយសម្ព័ន្ធមកពីប្រទេសជប៉ុន បានសន្យាថា លោកនឹងវិលមកជួយដល់កីឡាកាយសម្ព័ន្ធកម្ពុជា ម្តងទៀត បន្ទាប់ពីលោកបានបញ្ចប់ការផ្តល់ចំណេះដឹងដល់សិក្ខាកាមរបស់កម្ពុជាចំនួន២៥នាក់ ក្នុងវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាកាយសម្ព័ន្ធកម្ពុជា ដែលបានបញ្ចប់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។

mm1

លោក Munehiro Kugimiya ដែលមានការទទួលស្គាល់សមត្ថភាព និងត្រូវបានបញ្ជូនមកពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS)នោះ បានថ្លែងថា៖«ខ្ញុំសប្បាយចិត្តចំពោះការប្រឹងប្រែងរបស់សិក្ខាកាមរបស់យើង ដែលបានយកចិត្តទុកដាក់លើការសិក្សាបានល្អ ហើយខ្ញុំនឹងវិលមកជួបគ្នាលើកក្រោយទៀត ដើម្បីពិនិត្យលើសមត្ថភាពរបស់ពួកគេ ហើយខ្ញុំរំពឹងថា កាយសម្ព័ន្ធរបស់កម្ពុជា នឹងទទួលបានលទ្ធផលល្អជាងពេលនេះ ព្រោះវគ្គសិក្សានេះផ្តោតទៅលើបច្ចេកទេសសុទ្ធសាធ ដែលមានសារៈសំខាន់ចំពោះគ្រូបង្វឹកទាំងអស់គ្នា»។

mm2

ចំណែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ដែលបានចូលរួមក្នុងពិធីបិទនោះ បានអបអរសាទរយ៉ាងខ្លាំងចំពោះសិក្ខាកាមទាំង២៥នាក់ ដែលទើបទទួលបានចំណេះដឹង និងបទពិសោធដ៏មានតម្លៃពីលោក Munehiro Kugimiya ដែលជាអ្នកជំនាញខាងកីឡាកាយសម្ព័ន្ធមកពិជប៉ុន ហើយលោកក៏បានស្នើសុំឲ្យសិក្ខាកាមទាំងនេះ នាំយកចំណេះដឹងទាំងនេះទៅជួយបណ្តុះបណ្តាលថ្នាក់ថ្នាលនៅតាមបណ្តាខេត្តផងដែរ។

mm3

លោក ថោង ខុន បានថ្លែងថា៖«ក្រោយពីទទួលបានជំនាញរួចហើយ សូមសិក្ខាកាមជាគ្រូបង្វឹកកីឡាកាយសម្ព័ន្ធទាំងអស់ មេត្តាប្រឹងប្រែងយកចំណេះដឹងទាំងនេះ ទៅ ជួយពង្រឹងថ្នាក់ថ្នាលនៅតាមបណ្ដាខេត្តឲ្យបានកាន់តែខ្លាំង គឺធ្វើយ៉ាងណាឲ្យទាន់ពេលវេលាការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ដើម្បីយើងនឹងទទួលបានជយលាភីល្អ»។

ចំណែក លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ព័ន្ធកម្ពុជា បានថ្លែងថា៖«តាមការវាយតម្លៃជារួមពីគណៈកម្មការគ្រប់គ្រងវគ្គ សិក្ខាកាម ទទួលបានចំណាត់ថ្នាក់ល្អមានចំនួន១២ភាគរយ ស្មើនឹង៣នាក់ និទ្ទេសល្អបង្គួរមានចំនួន១៧នាក់ ស្មើនឹង៦៨ភាគរយ និងនិទ្ទេសមធ្យមមានចំនួន៥នាក់គឺស្មើនឹង២០ភាគរយ»៕

The post គ្រូជប៉ុន សន្យានឹងវិលមកជួយកាយសម្ព័ន្ធកម្ពុជា ខណៈលោក ថោង ខុន ស្នើសិក្ខាកាមឲ្យជួយពង្រឹងថ្នាលនៅតាមខេត្ត appeared first on CamboSport.