ម្ចាស់​ហាង​«​រតនៈ​រចនា​ម៉ូ​ដ​»​អាច​ជាប់គុក​ពី​២​ទៅ​៥​ឆ្នាំ

រាជធានី​ភ្នំពេញ​៖ ទីបំផុត​ទៅ​ម្ចាស់​ហាង​«​រតន​:​រចនា​ម៉ូ​ដ​»  ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វាយ​តា​ម៉ូតូ​កង់​បី​បណ្តាល​ឲ្យ​បាក់ដៃ ត្រូវ​បាន​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២៦ សីហា សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ រួច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ  ចាត់ការ​បន្ត​តាម​នីតិវិធី ។

មន្ត្រី​តុលាការ​បញ្ជាក់​ថា លោក​ព្រះរាជអាជ្ញា​រង សៀង សុខ បាន​ចោទប្រកាន់​ឈ្មោះ ពៅ រតនៈ ហៅ​ប្រុស អាយុ​៣០​ឆ្នាំ​ពី​បទ " ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​» ។ សំណុំរឿង​និង​ជន​ត្រូវ​ចោទ កំពុង​ស្ថិត​ក្រោម​ចំណាត់ការ​របស់​លោក តុ​ប ឈុ​ន​ហេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។ នៅ​ដំណាក់កាល​នេះ ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ឃុំ​ឬ​មិន​ឃុំខ្លួន ជន​ត្រូវ​ចោទ ។

ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល ៕