ព្យុះ​សម្លាប់​មនុស្ស និង​ធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​អា​មេ​រិ​ក​ពេល​បុណ្យ​ណូអែល

ភាគ​ខាងត្បូង​សហរដ្ឋ​អា​​មេ​រិ​ក កាលពី​ថ្ងៃ​ទី​២៤ ធ្នូ ជួប​ប្រទះ​នឹង​ខ្យល់ព្យុះ​កំបុតត្បូង​នានា ដែល​សម្លាប់​មនុស្ស​ច្រើន​នាក់ រួច​ទន្ទឹម​នឹង​នេះ​នា​ឱកាស​បុណ្យ​ណូអែល ដែល​ធ្លាប់តែ​មាន​ព្រិល​ធ្លាក់​ខ្លាំង ធាតុអាកាស​បែរជា​ក្តៅ​ខ្លាំង​នៅ​ក្រុង​ញូ​វ​យ៉​ក និង​ក្រុង​វ៉ា​ស៊ី​ន​តោន ។

យោង​តាម​អាជ្ញាធរ​មូលដ្ឋាន និង​បណ្តាសារ​ព័ត៌មាន​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់ ហើយ​ជា​ច្រើន​សិប​នាក់​រង​របួស ដោយសារ​ព្យុះកំបុតត្បូង​មួយ​ចំនួន​ដែល​បោកបក់​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ លើ​ភាគ​ខាងត្បូង​សហរដ្ឋ​អា​មេ​រិ​ក ។

បណ្តា​ភ្នាក់ងារ​ជួយ​សង្គ្រោះ​និយាយ​ថា មនុស្ស​៧​នាក់​ស្លាប់ ក្នុង​រដ្ឋ​មី​ស៊ី​ស៊ី​ពី​តែ​មួយ​គត់ ។ ជន​រង​គ្រោះ​ឯទៀត​ៗ​ជំរឿន​ឃើញ​៣​នាក់​នៅ​រដ្ឋ​តេន​ណេ​ស៊ី និង​ម្នាក់​នៅ​រដ្ឋ​អា​កាន់​សាស់ ។ ផ្ទះ​ជា​ច្រើន​ខ្នង​រង​ការ​ខូចខាត ឬ​រង​ការ​បំផ្លាញ​ទាំងស្រុង ខណៈ​ប្រជាជន​កំពុង​រៀបចំ​បុណ្យ​ណូអែល បែរមក​សម្អាត​គំនរ​បាក់បែក​ទៅ​វិញ ។

ចំណែក​សីតុណ្ហភាព​វិញ​បែរជា​មាន​ខ្ពស់​នា​ឱកាស​បុណ្យ​ណូអែល​ដល់​២២,២​អង្សា​សេ​នៅ​ក្រុង​ញូ​វ​យ៉​ក​ពុំ​ធ្លាប់​ជួប​ប្រទះ​ទាល់តែ​សោះ ក្នុង​ទីក្រុង​នេះ​នា​ថ្ងៃ​ទី​២៤ ធ្នូ ។ នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន​រដ្ឋធានី​សហព័ន្ធ​សីតុណ្ហភាព​មាន​ដល់​២១,៥​អង្សា​សេ ពេល​បុណ្យ​ណូអែល​រួច​នៅ​រដ្ឋ​វៀជី​នៀរ​វិញ ពិសេស​នៅ​កំពង់​ផែ NORFOLK សីតុណ្ហភាព​មាន​ដល់​២៨​អង្សា​សេ ៕