រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ប៉ា​គី​ស្ថាន​ស្លាប់​2​នាក់​របួស​ច្រើន​នាក់

យោង​តាម​អ្នក​ទទួលខុសត្រូវ និង​សារព័ត៌មាន​ក្នុងស្រុក​ថា មនុស្ស​យ៉ាងតិច​២​នាក់​ស្លាប់ ហើយ​៦០​នាក់​ទៀត​រង​របួស​បន្ទាប់​ពី​ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៦,៩​រី​ស្ទ័​រ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ក្នុង​តំបន់​ជា​ច្រើន​នៃ​ប្រទេស​ប៉ា​គី​ស្ថាន ។

ទូរទស្សន៍ GEO NEWS រាយការណ៍​ថា នារី​ម្នាក់​ស្លាប់ ហើយ​សមាជិកគ្រួសារ​គាត់​៤​នាក់​ត្រូវ​របួស​ដោយសារ​ការ​បាក់​ដី​មក​ពី​ការ​រញ្ជួយ​ដី​នោះ​នៅ​GHAZAR ភាគ​ខាងជើង​ប្រទេស​។ នៅ MOHMAND ភាគ​ពាយ័ព្យ​ប្រទេស ទាហាន​ម្នាក់​ស្លាប់​ដោយសារ​ការ​រលំ​បាក់​ប៉ុស្តិ៍​យាម​មួយ ។ ចំណែក​មនុស្ស​ប្រមាណ​ជា​៥៦​នាក់​បាន​ត្រូវ​របួស​ក្នុង​ខេត្ត KHYBER PAKHTUNKHWA ជា​តំបន់​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ការ​រញ្ជួយ​ដី​នេះ​ដែល​ញ័រ​រង្គើ​ដល់​រដ្ឋធានី​អុ​ី​ស្លា​ម៉ា​បា​ដ ក្នុង​ខេត្ត PUNJAB និង​បណ្តា​តំបន់​កុលសម្ព័ន្ធ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ។

នៅ​ទីក្រុង​ប៉េ​សាវ៉ា​ទីប្រជុំជន​ខេត្ត KHYBER PAKHTUNKHWA ការ​រញ្ជួយ​ដី​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​៣៧​នាក់​រង​របួស ។ ការ​រញ្ជួយ​ដី​នេះ​កើត​មាន​ក្នុង​ជម្រៅ​១៩៧​គីឡូម៉ែត្រ ក្នុង​ជួរ​ភ្នំ​ហ៊ី​ន​ឌូ​គូ​ច​តាម​បណ្តោយ​ព្រំដែន​អា​ហ្វ​ហ្គា​នី​ស្ថាន​-​តា​ហ្ស៊ី​គី​ស្ថាន ។

យោង​តាម​វិទ្យាស្ថាន​ភូ​គ​ម្ភ​សាស្ត្រ​អា​មេ​រិ​ក USGS ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​៦,២​រី​ស្ទ័​រ​ជាមួយ​ចំណុចកណ្តាល​ស្ថិត​នៅ​ជម្រៅ​២០៣​គីឡូម៉ែត្រ​ក្នុង​តំបន់ AKSHASAM របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ៕