នៅ​យេ​ម៉ែ​ន​ការ​ប្រយុទ្ធ​គ្នា​មានការ​កើនឡើង​ជិត​រដ្ឋធានី

ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​ស្មោះត្រង់​នឹង​ប្រធានាធិបតី និង​ពួក​ឧទ្ទាម​នៅ​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ប្រមូលផ្តុំ​នៅ​ជុំវិញ​រដ្ឋធានី​សា​ណា ៩​ខែ បន្ទាប់​ពី​អន្តរាគមន៍​យោធា​ចូល​ក្នុង​ប្រទេស​នេះ​របស់​ក្រុមចម្រុះ​យោធា​អា​រ៉ាប់ ក្រោម​បញ្ជាការ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត មក ។

ប្រភព​យោធា​គូសបញ្ជាក់​ថា ការ​វាយលុក​មួយ​របស់​ពួក​ឧទ្ទាម​ស៊ី​អីុ​ត​ហ៊ូ​ធី ដើម្បី​ដណ្តើម​កាន់កាប់​វិញ បណ្តា​ទីតាំង​ដែល​ពួក​គេ​បាត់បង់​នៅ​ភាគ​ឦសាន​រដ្ឋធានី​ត្រូវ​បរាជ័យ​ដោយសារ​កងទ័ព​រដ្ឋាភិបាល ។ ប្រភព​នេះ​រៀបរាប់​ថា ពួក​ឧទ្ទាម​យ៉ាងតិច​២០​នាក់​បាន​ត្រូវ​ស្លាប់ ។

ប្រមុខ​មួយ​រូប​របស់​កងកម្លាំង​រដ្ឋាភិបាល​ថ្លែងប្រាប់ AFP ថា ពួក​ហ៊ូ​ធី​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ បាន​ធ្វើការ​វាយលុក​មួយ​សំដៅលើ​ទីក្រុង JEBEL AL SALB ក្នុង​តំបន់​ណា​ហ៊ី​ម ជា​តំបន់​ភ្នំ​មួយ​ដែល​កងកម្លាំង​រដ្ឋាភិបាល​វាយ​យក​បាន ក៏​ប៉ុន្តែ​ពួក​គេ​ត្រូវ​វាយ​រុញច្រាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ ។

ប្រការ​ដែល​កងកម្លាំង​ប្រធានាធិបតី​វាយ​ដណ្តើម​យក​បាន​កាលពី​ថ្ងៃ​ទី​១៨ ធ្នូ នូវ​ទីក្រុង JEBEL AL SALB ចម្ងាយ​ប្រមាណ​ជា​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​សា​ណា បាន​បើក​នូវ​រណសិរ្ស​ថ្មី​មួយ​ក្នុង​សង្គ្រាម​ជុំវិញ​រដ្ឋធានី​ដែល​ស្ថិត​ក្នុង​កណ្តាប់ដៃ​ពួក​ឧទ្ទាម​ចាប់តាំងពី​មួយ​ឆ្នាំ​មក​ហើយ ។

ការ​បញ្ជូន​កម្លាំង និង​សម្ភារ​បន្ថែម​ក្នុង​នោះ​រួម​មាន​រថពាសដែក និង​រថក្រោះ​ទៅ​កាន់​តំបន់​នេះ​ត្រូវ​បាន​ធ្វើ ដោយ​កងទ័ព​រដ្ឋាភិបាល និង​កងកម្លាំង​ចម្រុះ​អា​រ៉ាប់ ដែល​ធ្វើ​អន្តរាគមន៍​ចាប់តាំងពី​ដំណាច់​ខែមីនា​មក​នៅ​យេ​ម៉ែ​ន​ជួយ​ទ្រទ្រង់​រដ្ឋាភិបាល​ប្រធានាធិបតី​លោក​អាប​ដ៏​រ៉ា​បូ ម៉ា​ន​សួរ​ហា​ឌី ។ ក្រុមចម្រុះ​អា​រ៉ាប់​នៅ​តែ​បន្ត​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​ប្រឆាំង​ពួក​ហ៊ូ​ធី និង​សម្ព័ន្ធមិត្ត ៕