អ​.​ស​.​ប សង្ឃឹម​ចាប់ផ្តើម​ការ​ចរចា​សន្តិភាព​នៅ​ស៊ី​រី​ពី​ថ្ងៃ​ទី​25 មក​រា​ទៅ

អ​.​ស​.​ប ប្រកាស​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ ពី​ឆន្ទៈ​ចាប់ផ្តើម​ការ​ចរចា​រវាង​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ប្រឆាំង​ស៊ី​រី​ពី​ថ្ងៃ​ទី​២៥ មក​រា ទៅ ដើម្បី​បញ្ចប់សង្គ្រាម​បន្ទាប់​ពី​កងទ័ព​ស៊ី​រី​សម្លាប់​ប្រមុខ​ឧទ្ទាម​សំខាន់​ម្នាក់​មក ។

លោក ZAHRANE ALLOUCHE អាយុ​៤៤​ឆ្នាំ ជា​ប្រមុខ​ក្រុម​ជីវពល​អ៊ិ​ស្លា​ម​និយម​ក្រុម JAICH AL ISLAM ជា​ក្រុម​ឧទ្ទាម​សំខាន់​បំផុត​មួយ​ក្នុង​តំបន់​ដា​ម៉ាស់​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​ក្រុម​នេះ​ក៏​បាន​យល់ព្រម​ចូលរួម​ចរចា​អន្តរ​ស៊ី​រី​ដែរ ។ សម្រាប់​បណ្តា​អ្នកជំនាញ​ការ​យល់​ថា ការ​ស្លាប់​របស់​ប្រមុខ​ឧទ្ទាម​រូប​នេះ​អាច​ជា​អន្លូង​ធ្ងន់​មួយ​សំពង​លើ​ពួក​ឧទ្ទាម ក៏​ប៉ុន្តែ​វា​អាច​ប៉ះពាល់​ដល់​ការ​ចរចា​ដែល​សង្ឃឹម​បើក​ធ្វើ​រវាង​របប​ក្រុង​ដា​ម៉ាស់ និង​ពួក​ប្រឆាំង ។

ទោះបី​យ៉ាងណា អ្នក​អាជ្ញាកណ្តាល​របស់ អ​.​ស​.​ប លោក STAFFAN DE MISTURA អះអាង​ក្នុង​សេចក្តី​ប្រកាស​មួយ​ថា លោក​បាន​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ជាមួយ​ទិស​ដៅ​ចាប់ផ្តើម​ការ​ចរចា​អន្តរ​ស៊ី​រី​នា​ថ្ងៃ​ទី​២៥ មក​រា ខាង​មុខ​នេះ នៅ​ក្រុង​ហ្សឺ​ណែវ ។

ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ស្លាប់​របស់​លោក ALLOUCHE បណ្តា​អ្នក​ទទួលខុសត្រូវ​សំខាន់​ៗ របស់​ក្រុម JAICH AL ISLAM បាន​ជ្រើសរើស​ប្រមុខ​ក្រុម​ថ្មី លោក ABOU HAMAM AL BUWALDANI អាយុ​៤០​ឆ្នាំ ។ នា​យប់​ថ្ងៃ​ទី​២៦ ធ្នូ ប្រមុខ​ក្រុម​ថ្មី​រូប​នេះ​អំពាវនាវ​ដល់​ពួក​ឧទ្ទាម​ឱ្យ​រួបរួម​គ្នា​ដោយ​គូសបញ្ជាក់​ពី​ការ​ប្រកាន់​និយម​កណ្តាល​នៃ​ចលនា​របស់​លោក ។ ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម​អុ​ី​ន​ធើ​រ​ណេ​ត លោក​បញ្ជាក់​ថា ចលនា​លោក​បន្ត​ការ​សន្យា​ចូលរួម​ចរចា ។

អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​ស៊ី​រី​ម្នាក់​អះអាង​ប្រាប់ AFP ថា ការ​វាយប្រហារ​តាម​អាកាស​ដែល​សម្លាប់​លោក ALLOUCHE ធ្វើ​ឡើង​ដោយ​យន្តហោះ​ស៊ី​រី​២​គ្រឿង ដែល​បាញ់​ពីរ​លើក​នូវ​មី​ស៊ី​ល​៤​គ្រាប់ ដែល​រុ​ស្ស៊ី​ផ្តល់​ឱ្យ ។ គ្រាប់​មី​ស៊ី​ល​ទាំងនេះ​សំដៅលើ​កិច្ចប្រជុំ​ជា​សម្ងាត់​មួយ​របស់​បណ្តា​មេដឹកនាំ​ក្រុម​អ៊ិ​ស្លា​ម​និយម​ច្រើន​ក្រុម ។ ប្រមុខ​ពួក​ឧទ្ទាម និង​អង្គរក្ស​ពួក​គេ​ជា​ច្រើន​សិប​នាក់​ត្រូវ​ស្លាប់ ៕