ជ័យជម្នះ​សំខាន់​របស់​កងទ័ព​អីុ​រ៉ា​ក់​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​រ៉ា​ម៉ា​ឌី

ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​សេសសល់​ចុង​ក្រោយ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ បាន​ចាក​ចេញពី​ប្លុក​អគារ​រដ្ឋាភិបាល​យុទ្ធសាស្ត្រ​មួយ​នៃ​ក្រុង​រ៉ា​ម៉ា​ឌី ដែល​ផ្តល់​ឱ្យ​កងទ័ព​អីុ​រាក់​ដណ្តើម​បាន​ជ័យជម្នះ​ដ៏​សំខាន់​បំផុត​មួយ​ចាប់តាំងពី​ការ​វាយលុក​របស់​ពួក​ជី​ហា​ដ​នៅ​អីុ​រ៉ា​ក់​កាលពី​មួយ​ឆ្នាំ​មុន​មក ។

អ្នកនាំពាក្យ​ម្នាក់​របស់​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​លោក​សា​បា​ហ៍ អាល់​នូ​ម៉ា​ន់ ថ្លែងប្រាប់ AFP ថា យុទ្ធ​ជន​ទាំងអស់​របស់​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ចាកចេញ ។ ពុំ​មានការ​តស៊ូ​ទប់ទល់​ក្នុង​ទីក្រុង​ធំ​នេះ​ស្ថិត​នៅ​ភាគ​ខាងលិច​ក្រុង​បា​ដា​ដ​ទៀត​ទេ ។

ទោះបីជា​កង​យោធា​នៅ​ត្រូវ​បោសសម្អាត​គ្រាប់​មីន និង​គ្រឿងផ្ទុះ​ទាំងឡាយ​បន្សល់​ទុក​ដោយ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​បណ្តា​អ្នក​ទទួលខុសត្រូវ​បាន​សម្តែង​ការ​អបអរសាទរ​រួច​ទៅ​ហើយ ដល់​កងទ័ព​អីុ​រ៉ា​ក់​ចំពោះ​ជ័យជម្នះ​នេះ​ដែល​ដណ្តើម​បាន​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​មក ។

ប្រធាន​សភា​អីុ​រ៉ា​ក់​លោក​សាលី​ម​អាល់ ហ្សូ​ប៊ូ​រី បាន​សរសើរ​កងកម្លាំង​សន្តិសុខ​ថា ជា​វីរបុរស​ចំពោះ​ជ័យជម្នះ​ដ៏​ត្រចះត្រចង់​នេះ​ដែល​រំដោះ​ទីក្រុង​រ៉ា​ម៉ា​ឌី​ពី​ពួក​ភេរវ​ករ ។
ចំណែក​លោក STEVE WARREN អ្នកនាំពាក្យ​របស់​ក្រុមចម្រុះ​អន្តរជាតិ​ប្រឆាំង​រដ្ឋ​អ៊ិ​ស្លា​ម​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ជ័យជម្នះ​នេះ​ជា​លទ្ធផល​នៃ​ការ​បំពេញការងារ​ដ៏​លំបាក​បំផុត​រាប់​ខែ​របស់​កងទ័ព​អីុិ​រ៉ា​ក់ ភ្នាក់ងារ​តស៊ូ​ប្រឆាំង​ភេរវកម្ម កងទ័ពអាកាស​អីុរ៉ា​ក់ កងកម្លាំង​ប៉ូលិស​មូលដ្ឋាន និង​សហព័ន្ធ ព្រមទាំង​របស់​ពួក​យុទ្ធ​ជន​កុលសម្ព័ន្ធ​ទាំងឡាយ​ដែល​ទទួល​ការ​ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​ដល់​ទៅ​៦០០​លើក​ចាប់តាំងពី​ខែកក្កដា មក ។

ក្នុង​ទីក្រុង​ជា​ច្រើន​របស់​ប្រទេស ពលរដ្ឋ​អីុ​រ៉ា​ក់​ក៏​ប្រារព្ធ​ការ​អបអរសាទរ​ចំពោះ​ជ័យជម្នះ​នេះ លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។
ជួយ​ទ្រទ្រង់​ដោយ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​កងទ័ព​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២២ ធ្នូ បាន​លុក​ចូល​ដល់​កណ្តាល​ក្រុង​រ៉ា​ម៉ា​ឌី​សំដៅ​ដណ្តើម​យក​ទីក្រុង​នេះ​វិញ ក្រោយ​ធ្លាក់​ក្នុង​ដៃ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពី​ខែឧសភា​មក ។ ក៏​ប៉ុន្តែ​ការ​រុលទៅមុខ​បន្ទាប់​មក​ជួប​ការ​យឺតយ៉ាវ​មក​ពី​ការ​បង្កៃ​គ្រឿងផ្ទុះ ពួក​អ្នក​លប​បាញ់ និង​ការ​វាយប្រហារ​អត្តឃាត​នានា​របស់​ពួក​ជី​ហា​ដ ។

ក្រុង​រ៉ា​ម៉ា​ឌី ស្ថិត​នៅ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ខាងលិច​ក្រុង​បា​ដា​ដ ជាទី​ប្រជុំជន​ខេត្ត​អាល់​អាន​បា មាន​ពួក​ស៊ុន​នី​ត​ភាគច្រើន​ជា​ខេត្ត​ធំ​ជាងគេ​របស់​អីុ​រ៉ា​ក់​មាន​ព្រំដែន​ជាប់​ស៊ី​រី ហ្ស​ក​ដា​នី និង​អា​រ៉ា​ប៊ី សា​អ៊ូ​​ឌី​ត ។ ទីក្រុង​នេះ​លាតសន្ធឹង​តាម​ដង​ទន្លេ EUPHRATE ។ ការ​ដណ្តើម​បាន​ទីក្រុង​នេះ​វិញ​ជា​ការ​ស្តារ​មុខមាត់​របស់​កងទ័ព​អីុ​រ៉ា​ក់ ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ដោយសារ​ការ​បាក់ទ័ព​យ៉ាង​អាម៉ាស់​របស់​ខ្លួន​កាលពី​ខែមិថុនា ឆ្នាំ​២០១៤ ប្រឈម​មុខ​នឹង​ការ​វាយលុក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ដណ្តើម​កាន់កាប់​ដែន ដី​យ៉ាង​ធំ​ក្រោយ​ការ​វាយលុក​ដ៏​រហ័ស​មួយ​មក ។

ការ​ប្រយុទ្ធ​ចុង​ក្រោយ​ទាំងឡាយ​នៅ​ក្រុង​រ៉ា​ម៉ា​ឌី​បណ្តាល​ឱ្យ​សមាជិក​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​ស្លាប់​យ៉ាងតិច​៥​នាក់​ចាប់តាំងពី​ថ្ងៃ​ទី​២៥ ធ្នូ មក ។ រដ្ឋាភិបាល​ពុំ​បាន​លាត​ត្រដាង​ពី​តុល្យការ​សរុប​នៃ​ចំនួន​អ្នក​ស្លាប់​ក្នុង​ជួរ​របស់​ខ្លួន​តាំងពី​ចាប់ផ្តើម​ការ​វាយលុក​ឡើយ ។ ប្រភព​មន្ទីរពេទ្យ​ក្រុង​បា​ដា​ដ​គូសបញ្ជាក់​ថា សមាជិក​កងកម្លាំង​សន្តិសុខ​៩៣​នាក់​រង​របួស​បញ្ជូន​មក​មន្ទីរពេទ្យ​នា​ថ្ងៃ​ទី​២៧ ធ្នូ តែ​មួយ​គត់ ។ យោង​តាម​ប្រភព​យោធា​ថា ពួក​ជី​ហា​ដ​ជាង​៥០​នាក់​ត្រូវ​សម្លាប់​រយៈពេល​៤៨​ម៉ោង​ចុង​ក្រោយ​នេះ ៕