ទឹកជំនន់​នៅ​ភាគ​ខាងជើង​អង់គ្លេស​នាយក​រដ្ឋមន្ត្រី​បញ្ជូនទាហាន​បន្ថែម​ទៅ​ជួយ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក​ដា​វី​ដ កា​មី​រ៉ូ​ន កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ប្រកាស​ពី​ការ​បញ្ជូនទាហាន​បន្ថែម ដើម្បី​ជួយ​នៅ​ភាគ​ខាងជើង​ប្រទេស ដែល​កំពុង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ពុំ​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ដែល​ញ៉ាំង​ឱ្យ​មានការ​ជម្លៀស​មនុស្ស​ចេញ​ជា​ច្រើន​រយ​នាក់ ពិសេស​នៅ​ទីក្រុង​ប្រវត្តិសាស្ត្រ YORK ។

ទឹកជំនន់​ធំ​នោះ​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ក្នុង​តំបន់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ លិច​ទីក្រុង និង​ភូមិ​ទាំងឡាយ​ដោយ​ពួក​អ្នក​សង្គ្រោះ​ជួនកាល​ធ្វើ​ដំណើរ​តាម​កាណូត​កៅស៊ូ​តាម​បណ្តា​វិ​ថី​ដែល​ទឹក​ជន់​លិច ។

លោក​កា​មី​រ៉ូ​ន តាម TWITTER សរសេរ​ថា ខ្ញុំ​ទើប​ដឹកនាំ​កិច្ចប្រជុំ​ពី​វិបត្តិ​ដោយសារ​ទឹកជំនន់​ធំ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ។ កង​ទាហាន​បន្ថែម​នឹង​ត្រូវ​ដាក់​ពង្រាយ ។ ទាហាន​ជិត​៣០០​នាក់ ទៅ​ចូលរួម​រួច​ហើយ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ពួក​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហម​ក្នុង​ការ​ជួយ​សង្គ្រោះ ។ ទាហាន​២០០​នាក់​ទៀត​នឹង​បញ្ជូន​បន្ថែម ៕