លេខាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង​ទទួលមរណភាព​ដោយ​គ្រោះថ្នាក់​ចរាចរណ៍

យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA ថា លោក KIM YANG GON ជា​អ្នកនយោបាយ​កូរ៉េ​ខាងជើង​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាងត្បូង​បាន​ទទួលមរណភាព​ហើយ​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

KCNA រាយការណ៍​ពី​មរណភាព​របស់​លោក KIM YANG GON ដោយ​និយាយ​ថា លោក​ជា​សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មាធិការ​កណ្តាល​បក្ស​ពលករ​កូរ៉េ និង​ជា​ប្រតិភូ​សភា​ប្រជាជន​ជាន់ខ្ពស់​កូរ៉េ​ខាងជើង ហើយ​ទទួលមរណភាព​ក្នុង​គ្រោះថ្នាក់​រថយន្ត​កាលពី​ថ្ងៃ​ទី​២៩ ធ្នូ វេលា​ម៉ោង​៦​និង​១៥​នាទី​ក្នុង​ជន្មាយុ​៧៣​ឆ្នាំ ។

លោក KIM ជា​ប្រមុខ​ក្រុម​អ្នក​ចរចា​ជាមួយ​កូរ៉េ​ខាងត្បូង ក្នុង​ឋានៈ​ជា​លេខាធិការ​បក្ស​ពលករ​កូរ៉េ​ខាងជើង រួច​ជា​តំណាង​មួយ​រូប​ក្នុង​ចំណោម​តំណាង​២​រូប​របស់​កូរ៉េ​ខាងជើង ដែល​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្ងៃ​ទី​២៥ សីហា ២០១៥ ដែល​សម្រាល​ភាព​តានតឹង​រវាង​កូរ៉េ​ទាំង​២ ។

លោក​ក៏​ជា​អ្នក​ទទួល​បន្ទុក​កិច្ចការ​ខាង​ការទូត​ក្នុង​ផ្ទៃ​របប​កូរ៉េ​ខាងជើង ពិសេស​លើ​ទំនាក់ទំនង​ជាមួយ​ចិន ៕