ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ

6 Videos


«ទួលប្រធាតុប្រាសាទព្រៃដើមស្រុក» គឺជាឈ្មោះប្រាសាទបុរាណមួយ ដែលមានអាយុកាលរាប់រយឆ្នាំ និង ជាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ត្រូវបានអាជ្ញាធរមូលដ្ឋាន កំពុងបណ្ដោយឲ្យឈ្មួញជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារស្រះដើម្បីអភិវឌ្ឍន៍ផ្លូវ ដែលធ្វើឲ្យមានការប៉ះពាល់ដល់តួប្រាសាទយ៉ាងខ្លាំង ហើយនឹងអាចឈានទៅដល់ការបាត់បង់រូបភាពទៀតផង បើគ្មានការទប់ស្កាត់បានទាន់ពេលវេលានោះទេ ។

ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ

ទីទួលប្រាសាទព្រៃដើមស្រុក គឺជាប្រាសាទបុរាណមួយ ដែលបច្ចុប្បន្នកំពុងតែឈរបង្ហាញរាងយ៉ាងត្រដាបត្រដួស នៅក្រោមទំងន់សង្កត់ដ៏ធ្ងន់របស់ដើមពោធ៌ដ៏ធំមួយ ព្រមទាំងមានដើមឈើធំៗជាច្រើន ដុះពទ្ធ័ជុំវិញផ្តល់ម្លប់យ៉ាងត្រជាក់ គ្រប់ពីលើតួប្រាសាទ ដែលស្ថិតនៅក្នុងភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ ដោយឆ្លងកាត់ជាច្រើនសម័យកាលនិងពេលវេលារាប់រយឆ្នាំមកហើយ ដែលបានធ្វើឲ្យតួប្រាសាទទាំងមូលមានសភាពចាស់ទ្រុឌទ្រោមជាខ្លាំង ហើយកំពុងតែដង្ហោយរកការជួយការពារ និងអភិរក្សជាចាំបាច់ ។

ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ

លោកតាចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិ ជាមន្ត្រីជាប់កិច្ចសន្យារបស់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រៃវែង មានតួនាទីនៅចាំថែទាំ និង ការពារប្រាសាទព្រៃដើមស្រុកនេះផង បានឲ្យដឹងថា ប្រាសាទនេះតែងតែមានប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយមកបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ហើយពេលថ្មីៗនេះដែរ ស្រាប់តែមានមនុស្សមួយក្រុមបានចូលមកជីកបំផ្លាញដីទួល នៅខាងមុខប្រាសាទ ដោយមានអាជ្ញាធរភូមិឃុំចេញមុខមកការពារដោយអះអាងថា “ការជីកយកអាចម៍ដីទៅចាក់ធ្វើផ្លូវអភិវឌ្ឍន៍មូលដ្ឋាន តែលើសពីនេះម្ចាស់គ្រឿងចាក់ឆ្លៀតជីកយកអាចម៍ដីលក់ទៅឱ្យប្រជាពលរដ្ឋនៅតាមផ្ទះ និង ដីឡូត៍ជាលក្ខណៈឯកជនទៅវិញ ហើយការជីកនោះគឺគេជីកតាមតែទំនើងចិត្ត ពាសវាល ពាសកាល ធ្វើឲ្យខូចទ្រង់ទ្រាយដើមនៃភូមិសាស្ត្រប្រាសាទនិងប៉ះពាល់ដល់ផ្លូវបុរាណដែលនៅខាងមុខប្រាសាទថែមទៀតផង” ។

ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ

ដោយមើលឃើញសកម្មភាពបែបនេះ ប្រជាពលរដ្ឋ និង មន្ទីរវប្បធម៌ វិចិត្រសិល្បៈខេត្ត ព្រៃវែង បានចុះទៅហាមឃាត់ឲ្យបញ្ឈប់សកម្មភាពជីកយកអាចម៌ដីតទៅទៀត ប៉ុន្តែពេល ដែលមន្ត្រីជំនាញចេញផុត គេក៏យកគ្រឿងចក្រទៅដាក់វិញដដែល គ្រាន់តែមិនទាន់ធ្វើសកម្ម ភាព ទើបធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ថា នៅពេលខាងមុខ បើគេចរចាគ្នាត្រូវក្នុងលក្ខខណ្ឌណាមួយនោះ សកម្មភាពជីកយកអាចម៌ដីនេះ អាចនឹងបន្តកើតមានសារជាថ្មី ដូច្នេះ ទើបសំណូមពរឲ្យមន្ត្រីជំនាញ និងអាជ្ញាធរខេត្តជួយទប់ស្កាត់រឿងនេះផង បានទាន់ពេលវេលា ។

លោក អ៊ុន ហៃ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង បានឲ្យដឹងថា ចំពោះសម័យកាល រចនាបទប្រាសាទ និង អ្នកកសាងប្រាសាទនេះ មន្ទីរវប្បធម៌ខេត្តមិនបានដឹងឬស្គាល់នោះទេ ហើយបើដឹងក៏មិនអាចនិយាយបានដែរ គឺទាល់តែខាងបុរាណវិទ្យារបស់ក្រសួង ទើបអាចនិយាយបាន ។

ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ

ដោយឡែកចំពោះរឿង គ្រឿងចក្រចូលធ្វើសកម្មភាពជីកយក អាចម៌ដីក្នុងប្រាសាទនោះ លោកបានចាត់មន្ត្រីជំនាញសហការណ៍ជាមួយអាជ្ញាធរស្រុក ចុះទៅទប់ស្កាត់ និង ពិនិត្យទីតាំងដែលជីកនោះរួចហើយ ៕

សុថាត់

ក្រុមឈ្មួញ ជីកយកអាចម៍ដីក្បែរប្រាសាទបុរាណ