រដ្ឋាភិបាលចាត់វិធានការ​គ្រប់គ្រងលើការព​ពោះ​ជំនួស ​ខណៈ​អាជីវកម្ម​នេះប្តូរ​ទិសមក​កម្ពុជា​

រដ្ឋាភិបាលនឹងកោះប្រជុំនៅខែនេះដើម្បីចាប់ផ្ដើមដោះស្រាយក្ដីកង្វល់នានាដែលលើកឡើងថា កង្វះការគ្រប់គ្រងលើអាជីវកម្មពពោះជំនួសអាចនាំឱ្យមានការកើនឡើងយ៉ាងគំហុកនូវចំនួនភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដែលធ្វើប្រតិបត្តិការនៅកម្ពុជា និងប្ដីប្រពន្ធបរទេសដែលធ្វើដំណើរមកទីនេះដើម្បីប្រើសេវារបស់ពួកគេ។ លោក ផុន ពុធបុរី អ្នកនាំពាក្យក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ក្រសួងនេះគ្រោងរៀបចំកិច្ចប្រជុំមួយនៅសប្ដាហ៍ក្រោយដើម្បីពិភាក្សាអំពីការពពោះជំនួស និងផលប៉ះពាល់របស់វាមកលើកម្ពុជា និងដើម្បីចាប់ផ្ដើមរៀបចំសេចក្តីលម្អិតស្តីពីការឆ្លើយតបរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា លិខិតអញ្ជើញផ្លូវការបានផ្ញើទៅបណ្ដាក្រសួងពាក់ព័ន្ធ ព្រមទាំងអង្គការអភិវឌ្ឍន៍ជាតិ និងអន្តរជាតិនៅសប្ដាហ៍នេះ ប៉ុន្តែលោកបដិសេធមិនបញ្ចេញឈ្មោះក្រសួង ឬអង្គការទាំងនោះ ឬបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃកិច្ចប្រជុំនេះទេ។ លោកលើកឡើងតាមរយៈសារអេឡិចត្រូនិកមួយកាលពីថ្ងៃពុធថា ”ក្រសួងកិច្ចការនារីកំពុងព្យាយាមស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់នៃបញ្ហានេះ និងរិះរកវិធានការដែលត្រូវចាត់បន្ថែមទៀតដើម្បីការពារសិទ្ធិរបស់ស្ត្រី និងកុមារកម្ពុជា។ ពេលនេះក្រសួងកំពុងតែពិនិត្យមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់  ទោះបីជាគ្មានព័ត៌មានផ្លូវការទាក់ទិនករណីពពោះជំនួសនៅកម្ពុជាក្ដី”។ លោក ម៉ាក ដឺវូ (Marc Derveeuw) តំណាងមូលនិធិប្រជាជនសហប្រជាជាតិ (United Nations Population Fund) ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នគ្មានក្របខ័ណ្ឌគតិយុត្តិសម្រាប់គ្រប់គ្រងការពពោះជំនួសទេនៅកម្ពុជា ទោះបីជាមានភ្នាក់ងារយកកម្រៃជើងសារលើសេវាពពោះជំនួសដល់ទៅជាង៥០កំពុងផ្សព្វផ្សាយតាមបណ្ដាញអុីនធឺណិតអំពីសេវានេះរបស់កម្ពុជា ហើយប្ដីប្រពន្ធអូស្ត្រាលី កំពុងធ្វើដំណើរមកទីនេះដើម្បីស្វែងរកសេវាពពោះជំនួសក្ដី។ លោកគូសបញ្ជាក់ថា “យ៉ាងហោចណាស់ក៏ពួកគេត្រូវការក្របខ័ណ្ឌគតិយុត្តិមួយដែរដើម្បីចៀសវាងការប្រព្រឹត្តខុសវិជ្ជាជីវៈ។ ប្រសិនបើគ្មានក្របខ័ណ្ឌគតិយុត្តិទេ វាមានហានិភ័យខ្ពស់ដែលអាចមានការរំលោភបំពាន និងការប្រព្រឹត្តខុសវិជ្ជាជីវៈ”។ លោកលើកឡើងទៀតថា កាលពីពេលថ្មីៗនេះលោកបានផ្ដល់អនុសាសន៍ឲ្យដាក់ការពពោះជំនួសស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលដែលកំពុងធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយ ហើយជម្រើសមួយក្នុងចំណោមជម្រើសនានាគឺត្រូវដាក់បម្រាមលើការអនុវត្តនេះសម្រាប់មនុស្សទូទៅទាំងអស់ លើកលែងតែប្ដីប្រពន្ធកម្ពុជា។ “នៅកម្ពុជា យ៉ាងហោចណាស់គួរតែមានក្របខ័ណ្ឌមួយសម្រាប់ប្ដីប្រពន្ធកម្ពុជា ដែលប្រើសេវានេះ”។ សូមបញ្ជាក់ថា ការពពោះជំនួសទទួលបានការពេញនិយមយ៉ាងឆាប់រហ័សនៅកម្ពុជា ខណៈរដ្ឋាភិបាលនានានៅទូទាំងតំបន់បានអនុវត្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹង។ កាលពីឆ្នាំមុន រដ្ឋសភារបស់ប្រទេសថៃ បានអនុម័តច្បាប់ដាក់បម្រាមលើការពពោះជំនួសក្នុងរូបភាពអាជីវកម្មចំពោះប្ដីប្រពន្ធបរទេស និងប្ដីប្រពន្ធភេទដូចគ្នា បន្ទាប់ពីពីរនាក់ប្ដីប្រពន្ធជនជាតិអូស្ត្រាលីឈ្មោះ ដេវីដ (David) និង វិនឌី ហ្វាណេល (Wendy Farnell) ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិចុះផ្សាយព្រោងព្រាត នៅពេលពួកគេរងការចោទប្រកាន់ថាបានទុកចោលកូនប្រុសភ្លោះម្នាក់នៅនឹងស្ត្រីជនជាតិថៃ ដែលជាម្ដាយពពោះជំនួសរបស់កូនភ្លោះនោះកាលពីឆ្នាំ២០១៤ ក្រោយពីដឹងថាទារកនោះមានជំងឺខ្សោយបញ្ញាពីកំណើត។ សេចក្ដីសម្រេចនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលនេប៉ាល់ បានដាក់បម្រាមលើការពពោះជំនួសកាលពីខែកញ្ញា និងបន្ទាប់ពីប្រទេសឥណ្ឌា និយាយកាលពីដើមសប្ដាហ៍នេះថា ខ្លួនមានគម្រោងដាក់បម្រាមលើជនបរទេស ប្ដីប្រពន្ធភេទដូចគ្នា និងអ្នកនៅលីវមិនឱ្យប្រើប្រាស់សេវាពពោះជំនួស។ លើកឡើងពីករណីពីរនាក់ប្ដីប្រពន្ធដែលទុកចោលទារកពិការម្នាក់នៅនឹងស្ត្រីពពោះជំនួស និងករណីមួយទៀតដែលពីរនាក់ប្ដីប្រពន្ធយកតែម្នាក់ក្នុងចំណោមកូនភ្លោះពីរនាក់ លោកស្រី ស៊ូស្មា ស្វារ៉ាច (Sushma […]

The post រដ្ឋាភិបាលចាត់វិធានការ​គ្រប់គ្រងលើការព​ពោះ​ជំនួស ​ខណៈ​អាជីវកម្ម​នេះប្តូរ​ទិសមក​កម្ពុជា​ appeared first on The Cambodia Daily.