​លើក​អីវ៉ាន់​បែបណា ទើប​កុំឲ្យ​មាន​របួស ឬ​ឈឺចង្កេះ​

​លើក​អីវ៉ាន់​បែបណា ទើប​កុំឲ្យ​មាន​របួស ឬ​ឈឺចង្កេះ​

​សម្រាប់​បងប្អូន​ដែល​ធ្វើ​ការងារ​ច្រើន អាច​នឹង​តម្រូវឲ្យ​លើក​របស់របរ​ច្រើន របស់​ទាំងនោះ​អាចជា កាបូប​ទៅ​រៀន កូនតូចៗ ឬ​របស់​ធ្ងន់ៗ​ផងដែរ​។ មិន​ខ្វល់​ថា​វា​ជា​របស់​អ្វី​ឡើយ តែ​ការលើក​របស់​ទាំងអស់​នេះ ដោយ​ប្រុងប្រយ័ត្ន និង​មាន​ក្បួន​ត្រឹមត្រូវ នឹង​ជួយ​ថែរក្សា​សុខភាព មិនឲ្យ​មាន​របួស នានា ជាពិសេស ឈឺចង្កេះ​តែម្តង​បាន​។ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​វិធីសាស្ត្រ​ខ្លះៗ ដែល​ជួយ​ឲ្យ​ការលើក​អីវ៉ាន់​របស់​អ្នក កាន់តែ​មាន​សុវត្ថិភាព​។​

គិត​សិន​
មុន​ពេល​អ្នក​លើក​រប​ស់របរ​ធ្ងន់ៗ យក​ល្អ​អ្នក​គួរតែ​រៀប​គម្រោង​ជា​មុន​ថា តើ​គួរ​ធ្វើ​វា​ដោយ​របៀប​ណា ទើប​កុំឲ្យ​មាន​បញ្ហា​។ តើ​ត្រូវការ​ឧបករណ៍​ជំនួយ ឬ​អត់​? គួរ​លើក​ដាក់​លើ​ខ្លួន​ត្រង់ណា​? ពិនិត្យមើល​ជុំវិញខ្លួន​ថា តើ​អាច​ប៉ះពាល់ ឬ​រំខាន​ដល់​ការលើក​របស់​នោះ ឬ​អត់​។​

រក​ជំហរ​ហ្នឹង​នរ​មួយ​
នៅពេល​លើក​របស់របរ​ដែល​ធ្ងន់ៗ យក​ល្អ អ្នក​គួរតែ​ធ្វើ​ជំហរ​ជើង​ឲ្យបាន​ហ្នឹង​ល្អ ដោយ​ឈាន​ជើង​ទៅ​មុខ​មួយ​សិន ដើម្បី​រក្សា​លំ​ហ្នឹង​។ ចូរ​ប្រាកដថា នៅ​ពេល​អ្នក​លើក អ្នក​អាច​ធ្វើ​ចលនា​ប្រអប់​ជើងបាន​យ៉ាង​ងាយ​។

ដៃ​កាន់​ឲ្យ​ជាប់​
ចូរ​មើល​ផង​ថា អ្នក​កំពុងតែ​ប្រើ​ដៃ កាន់​របស់​នោះ​ជាប់​ល្អ​ហើយ ឬ​អត់​។ វា​នឹង​កាន់តែ​ល្អ​ថែម​ទៀត បើសិនជា​អ្នក​លើក​របស់​នោះ ដាក់​នៅ​អឹបនឹង​ដងខ្លួន ដើម្បី​ផ្តល់​ជាការ​ទ្រទ្រង់​បន្ថែម​។ បើសិនជា​ដៃ​បែក​ញើស គួរតែ​ពាក់​ស្រោមដៃ​។ មិន​ត្រូវ​ផ្លាស់ប្តូរ​របៀប​ប្រើ​ដៃ ចាប់​របស់​នោះ​ឡើយ ជាពិសេស ពេល​លើក​របស់​ពី​លើ​ដៃ​តែម្តង​។

ចៀសវាង​ការ​អោន​លើក​
អ្នក​គួរតែ​ចៀសវាង​ការ​អោន ឬ​បត់​ឆ្អឹងខ្នង​ពេញ ព្រោះ​វា​អាច​ប្រឈម នឹង​ការ​មាន​របួស​នៅ​ពេល​លើ​ក​របស់​ធ្ងន់ៗ​បាន​។ ប៉ុន្តែ ការ​អោន និង​បត់​ជង្គង់ និង​សន្លាក់​ត្រគាក​តិចតួច ពិតជា​មិន​អី​ទេ​។

មិន​ត្រូវ​រមួលខ្លួន​
មាន​មនុស្ស​មួយចំនួន ងាយ​នឹង​រមួល​រាងកាយ​ពួកគេ​ណាស់ នៅ​ពេល​លើក​របស់​ធ្ងន់ៗ ប៉ុន្តែ​រឿង​នេះ​អាច​បណ្តាល​ឲ្យ​ឈឺ​បាន​។ បើសិន​ជា​អ្នក​ផ្លាស់​ប្តូរ​ទិស​ដៅ ចូរ​ប្រើប្រាស់​ប្រអប់ជើង​បង្វិល​មុន​រាងកាយ​។

យល់ដឹង​អំពី​ដែន​កំណត់​របស់​ខ្លួនឯង​
មែន​ហើយ អ្នកត្រូវការ​លើ​ក​របស់​នោះ ប៉ុន្តែ មិនមែន​មានន័យថា អ្នក​ត្រូវ​តែ​បង្ខំ​ខ្លួនឯង​លើក​វា​ដោយ​ខ្លួនឯង​មិន​អាច​ធ្វើបាន​ផង​នោះ​។ ការយល់ដឹង​អំពី​ដែន​កំណត់​របស់​ខ្លួន អាច​ជួយ​អ្នក​ចៀសផុត​ពី​ការ​មាន​របួស និង​ដួល​បាន​។

មិន​ត្រូវ​អៀនខ្មាស់ ក្នុង​ការផ្លាស់ប្តូរ​របៀប នៃ​ការ​កាន់​របស់​ឡើយ​
ចូរ​ប្រាកដថា ការប្រើ​ដៃ​កាន់​របស់​លើក​នោះ គឺ​ធ្វើឡើង​បាន​ត្រឹមត្រូវ​ល្អ ហើយ​រាងកាយ​ត្រង់​ធម្មតា​ហើយ​។ រឿង​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​បើសិនជា​អ្នក​កាន់​មិនបាន​ល្អ ឬ​ត្រូវ​ទំនង​ទេ វា​អាច​នឹង​បង្ក​ជា​របួស​បាន​គ្រប់ពេល​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។