ចិនបណ្តេញអតីតប្រធានការិយាល័យស្ថិតិពីបក្សពីបទល្មោភកាម

អតីតបុរសខ្លាំងនៃការិយាល័យជាតិផ្នែកស្ថិតិ តែជាមនុស្សខ្វះសីលធម៌ ត្រូវបានបណ្តេញចេញពីជួរបក្សកុម្មុយនិស្តចិនហើយនៅថ្ងៃនេះ ពីបទមានជំនក់ចិត្តក្នុងភាពមានបាន ល្មោភអំណាច ល្មោភកាម។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការមជ្ឈិមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយចិន នាថ្ងៃសុក្រទី ២៦សីហា ២០១៦។

នៅក្នុងសេចក្តីថ្លែងការណ៍ គណៈកម្មាធិការមជ្ឈិមផ្នែកអធិការកិច្ចវិន័យ ដែលជាស្ថាប័នប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន បានអះអាង លោក វង់ បាអ័ន គ្មានមុខក្នុងនយោបាយចិនទៀតឡើយ។ ព្រោះលោក វង់ បានប្រព្រឹត្តជាប្រចាំ នូវទង្វើជាជំនឿអរូបិយ រំលោភច្បាប់និងវិន័យរបស់បក្ស ព្រមទាំងបានបញ្ចេញគំនិតយោបល់ផ្ទុយពីទស្សនៈនយោបាយរបស់គណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តចិន ក្នុងសំណុំរឿងសំខាន់ៗ។

មិនតែប៉ុណ្ណោះ គណៈកម្មការបក្សកុម្មុយនិស្តចិន បានថែមទាំងសរសេររៀបរាប់ថាលោក វង់ បាអ័ន ជាមនុស្សគ្មានសីលធម៌ ចូលចិត្តទៅរកសណ្ឋាគារប្រណិតៗ រកកន្លែងសប្បាយៗដែលថ្លៃ និងប្រើតួនាទីយកអំណាចទៅទាក់ប្រយោជន៍បម្រើកាមគុណ។ លោក វង់ បានជាប់សង្ស័យប្រព្រឹត្តអំពើពុករលួយ ទទួលកាដូ លុយ និងប្រើឥទ្ធិពលដើម្បីទាញផលប្រយោជន៍សេដ្ឋកិច្ចឱ្យគ្រួសារ និងសាច់ញាតិមិត្តភ័ក្រ្ត បើតាមប្រភពដដែលដែលបានបញ្ជាក់ថាបានបញ្ជូនសំណុំរឿងទៅតុលាការរួចរាល់ហើយ។

សូមបញ្ជាក់ថាលោក វង់ បាអ័ន ជាផ្ទាំងស៊ីបថ្មីចុងក្រោយនៃយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយ របស់លោកស៊ីជិនពីង ដែលពេលខ្លះមានទម្រង់ជាប្រយុទ្ធដណ្តើមអំណាចក្នុងផ្ទៃបក្សផង។ លោកវង់ ជាប្រធានការិយាល័យជាតិផ្នែកស្ថិតិ ដែលជាស្ថាប័នដ៏រសើបទទួលបន្ទុកគុណគិត និងផ្សព្វផ្សាយសន្ទស្សន៍សេដ្ឋកិច្ចរបស់ប្រទេស រហូតមកទល់នឹងខែមករា ឆ្នាំ២០១៦។ លោកត្រូវបានដាក់ឱ្យជាប់អង្កេត តាំងពីខែមករាដដែលនោះ ពីរបីម៉ោងក្រោយសន្និសីទកាសែត ស្តីពីសេដ្ឋកិច្ច និងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយការផ្សព្វផ្សាយរបាយការណ៍សេដ្ឋកិច្ច ថាចិនមានកំណើនយឺតបំផុតមិនធ្លាប់មាន នៅឆ្នាំ២០១៥។

របាយការណ៍ដែលតែងទទួលការរិះគន់ជារឿយៗ ពីសំណាក់អ្នកតាមដានសេដ្ឋកិច្ច ដោយយល់ថា ស្ថិតិអាចគ្មានភាពត្រឹមត្រូវ ព្រោះស្ថាប័ននេះស្ថិតក្រោមខ្សែញាក់របស់ប៉េកាំង៕

ប្រភព៖  RFI


Related Posts