​​មាន​កញ្ចប់​សង្គ្រោះ​បឋម​ត្រៀម​ជួយ​អ្នកទេសចរ

ខេត្តសៀមរាប ៖ ចាប់ពី​ពេល​នេះ​តទៅ ភ្នាក់ងារទេសចរណ៍​ដែល​ឈរជើង​តាម​ទីតាំង​ប្រាសាទផ្សេង​ៗ​ មាន​កញ្ចប់​សង្គ្រោះ​បឋម​ជាប់​តាម​ខ្លួន​ជា​ប្រចាំ​ហើយ ។

កញ្ចប់​សង្គ្រោះ​បឋម​នេះ ​នឹង​ប្រើប្រាស់​សម្រាប់​ជួយ​ដល់​ភ្ញៀវ​ទេសចរ​ ដែល​មាន​ជំងឺ​តិចតួច ឬ​ប៉ះទង្គិចផ្សេង​ៗ​ក្នុង​ដំណើរ​ទស្សនា​របស់​ខ្លួន ។ កញ្ចប់​នេះ​មាន​សម្ភារ សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ប្រេងខ្យល់ ប្រេងកូឡា ថ្នាំ​បេ​តា​ឌី​ន កុំ​ប្រេស បង់​បិទ​ដំបៅ បង់​រុំ​របួស ស្រោមដៃ និង​កន្ត្រៃ​ជាដើម ។

តាម​ការ​បញ្ជាក់​ពី​លោក​សុខ សង្វារ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​និង​គ្រប់គ្រង​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថា ការ​បំពាក់​កាបូប​សង្គ្រោះ​បឋម​តាម​ខ្លួន​ដល់​ភ្នាក់ងារទេសចរណ៍​គ្រប់​រូប​ដែល​ឈរជើង​តាម​ប្រាសាទ​ក្នុង​តំបន់​អង្គរ គឺ​ដើម្បី​ឱ្យ​ភ្នាក់ងារ​ទាំងអស់​អាច​ជួយ​សង្គ្រោះ​ភ្ញៀវ​បាន​ទាន់​ពេលវេលា ពេល​ភ្ញៀវ​ទេសចរ​មាន​បញ្ហា​សុខភាព​ដូច​ជា ខ្យល់គរ វិលមុខ ឈឺ ក្បាល ថ្លោះ គ្រេច​ដៃជើង ឬ​រង​របួសស្រាល​ដោយ​ប្រការ​ណាមួយ​ខណៈ​កំពុង​ទស្សនា ។

ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​សម្តែង​ភាព​សប្បាយ​រីករាយ នៅ​ពេល​ដែល​ពួក​គាត់​មាន​បញ្ហា ហើយ​ត្រូវ​បាន​ភ្នាក់ងារ​ទេសចរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជួយ​ពួក​គាត់​បាន​ទាន់​ពេលវេលា ។ នេះ​ជា​សេវាកម្ម​មួយ​ថ្មី​បន្ថែម​ទៀត ដែល​អាជ្ញាធរ​ជាតិ​អប្សរា​តែង​យកចិត្តទុកដាក់​ចំពោះ​ភ្ញៀវ​ទេសចរ ដែល​មក​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​សហការ​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ពី​សហរដ្ឋអាមេរិក បណ្តុះបណ្តាល​វិធី​សង្គ្រោះ​បឋម​ដល់​ភ្នាក់ងារ​ទេសចរ នគរបាល​ការពារ​បេតិកភណ្ឌ និង​នគរបាល​ទេសចរណ៍ ដែល​ជា​ស្ថាប័ន​ពាក់ព័ន្ធ​បំផុត​ជាមួយនឹង​ដំណើរ​ទស្សនា​របស់​ភ្ញៀវ ។

ភ្នាក់ងារទេសចរណ៍​ដែល​ឈរជើង​ជា​ប្រចាំ​នៅ​តាម​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​សព្វថ្ងៃ​មាន​ចំនួន​៤១៣​នាក់ ។ ភ្នាក់ងារ​ទាំងអស់​មាន​ភារកិច្ច​សំខាន់​ក្នុង​ការ​សម្របសម្រួល​លំហូរ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​ប្រាសាទ ការពារ​ប្រាសាទ​ពី​ការ​ប៉ះពារ​របស់​ភ្ញៀវ​ជា​ប្រចាំ ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​គោរព​តាម​ក្រម​ប្រតិបត្តិ​អង្គរ ការ​ជួយ​សម្រួល​ភ្ញៀវ​ក្នុង​ករណី​បាត់បង់​សម្ភារ ជា​ពិសេស​គឺ​ជួយ​សង្គ្រោះ​ភ្ញៀវ​ដែល​ជួបនឹង​គ្រោះថ្នាក់ផ្សេង​ៗ ៕