ស្ត្រីមេការហាង «រាត្រីបាត់ដំបង» ព្រៃផ្សៃ វ៉ៃជាន់ក ក្មេងស្រីប៊ិះក្ស័យ ព្រោះតែមិនព្រមដេក ជាមួយជនជាតិថៃ នៅសណ្ឋាគារម្កុដពេជ្រ ខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១កន្លះនាទីរំលងអធ្រាត្រ រហូតដល់ម៉ោង៣និង១០នាទី ទៀប ភ្លឺថ្ងៃទី២៦ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន ។នារីវ័យក្មេងម្នាក់បានរងរបួសដៃជើងបែកមាត់ និង ជាំពេញខ្លួន ដោយត្រូវស្ត្រីមេការឃោរឃៅ ហាង«រាត្រីបាត់ដំបង» ចាប់ក្របួចសក់និងវាយដំនៅក្នុង បន្ទប់ ភោជនីយដ្ឋានកាស៊ីណូម្កុដពេជ្រ ដោយសារតែបង្ខំនាងឲ្យដេកជាមួយភ្ញៀវជនជាតិថៃ តែនាង មិនព្រម ។

ប្រភពព័ត៌មានពីនារីរងគ្រោះឈ្មោះ ម៉ុន ស្រីនាង អាយុ២៤ឆ្នាំ ជានារីបម្រើការងារនៅក្នុង ហាង «រាត្រីបាត់ដំបង» រស់នៅភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានឱ្យដឹងថា មុនពេលកើតហេតុមេការហាង«រាត្រីបាត់ដំបង»ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិ កម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។បានបបួលនាងឱ្យជិះរថយន្តជាមួយ ដោយធ្វើដំណើរ ពីខេត្តបាត់ដំបង ទៅលេងនៅខេត្តប៉ៃលិន ហើយក៏ចូលទៅក្នុងសណ្ឋាគារ កាស៊ីណូម្កុដពេជ្រ ដោយនាំគ្នាផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ ។

លុះពេលផឹកស៊ីរហូតដល់ស្រវឹង ស្រាប់តែស្ត្រីមេការនោះបានបង្ខំឱ្យនាង ទៅដេកជាមួយភ្ញៀវ ជនជាតិថៃ តែដោយសារនាងមិនព្រមក៏ប្រកែកគ្នាចុះឡើងៗ ទើបស្ត្រីខាងលើនោះបានស្ទុះទៅ ចាប់បោចសក់ និងវាយជាច្រើនដៃ ហើយជាន់កស្ទើរដាច់ខ្យល់ស្លាប់ ។

ពេលនោះដោយឃើញថាមិនអាចស៊ូវទ្រាំបានក៏ប្រាប់ថានាងយល់ព្រមទៅដេកជាមួយជនជាតិ ថៃហើយ ទើបស្ត្រីដៃដល់បន្ទូរដៃ រួចនាងក៏ស្ទុះរត់ចេញទៅក្រៅស្រែក ហៅឱ្យគេជួយតែម្តង ។

រហូតដល់ព្រឹកថ្ងៃកើតហេតុ នាងក៏សម្រេចចិត្តទៅដាក់ពាក្យប្តឹង នៅបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថ ខេត្តប៉ៃលិនតែម្តង ដើម្បីចាត់ការតាមច្បាប់ ៕

ស្ត្រីមេការហាង «រាត្រីបាត់ដំបង» ព្រៃផ្សៃ វ៉ៃជាន់ក ក្មេងស្រីប៊ិះក្ស័យ ព្រោះតែមិនព្រមដេក ជាមួយជនជាតិថៃ នៅសណ្ឋាគារម្កុដពេជ្រ ខេត្តប៉ៃលិន