ហ៊ុន សែន៖ ខ្ញុំ​មិន​មែន​ជា​«អាយ៉ង»

ទោះជាសំនួរ មិនសួរលោក ក្នុងករណីនេះក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា​​បាន​​បក​ស្រាយ​ជា​ថ្មី​ទៀត ថា​លោក មិន​មែន​ជា​«អាយ៉ង» របស់​វៀតណាម​នោះ​ទេ។ លោក ហ៊ុន សែន ថែម​ទាំង​ស្នើ ទៅមេ​ដឹកនាំ​​វៀតណាម ឲ្យ​អប់រំ​​ពលរដ្ឋ​វៀតណាម​​ទាំង​ឡាយ ដែលមាន​គណនី​ហ្វេសប៊ុក កុំ​ឲ្យ​មក​រំខាន​​លោក​​ជា​​បន្ត​ទៅ​​ទៀត។
ហ៊ុន សែន៖ ខ្ញុំ​មិន​មែន​ជា​«អាយ៉ង»

លោក ហ៊ុន សែន ជួបជជែកជាមួយទាហានវៀតណាម ដែលមានវត្តមានក្នុងទឹកដីកម្ពុជា កាលពីអំឡុងដើម​ទសវត្សន៍ឆ្នាំ៨០។ (រូបថតឯកសារ)

តើលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានការងារអ្វីខ្លះ? នៅក្នុងរយៈចុងក្រោយនេះ គេឃើញ​លោក​រវល់​ចុះ​ផ្ទាល់ នៅតាមមូលដ្ឋាន ជួបជាមួយពលរដ្ឋ​សឹងតែរាល់ថ្ងៃ។ សកម្មភាពនេះ ត្រូវ​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួន​ឯង​និយាយ​ថា លោកចុះស្វែងរកសម្លេងឆ្នោត។ ប៉ុន្តែបន្ទាប់ពីសកម្មភាពនេះ គឺឃើញលោក ហ៊ុន សែន មាន​ការងារ​ដ៏​ចាំបាច់​មួយ​ទៀត៖ តាមដានមតិយោបល់ របស់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម និងឆ្លើយតប​ទៅ​កាន់​មតិ​យោបល់​ទាំង​នោះ ​យ៉ាងក្បោះក្បាយ។

សូម្បីមតិយោបល់ របស់អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដែលទំនងជាជនជាតិវៀតណាម ដាក់ឈ្មោះ «Nguyen Van Tai» សរសេរដាក់នៅខាងក្រោម ការបង្ហោះផ្សាយ​ របស់​ទំព័រ​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រីនោះ ក៏​លោក ហ៊ុន សែន បានចំណាយពេលឆ្លើយតប រហូតឆ្លើយលើស ពីប្រធានបទ​ដែល​លើក​ឡើង​ ដូចជា​ឃ្លា​ថា លោក​មិន​មែន​ជា​អាយ៉ង របស់វៀតណាម និងសារផ្ដាំ​ផ្ញើរ​បន្ថែម​មួយ​ចំនួន​​ទៀត​ជាដើម។ ម្ចាស់គណនីជាតិ​វៀតណាម​នោះ បាន​សរសេរ​ជា​ភាសាវៀតណាម និងបានប្រើ «Google Translate» ដើម្បីបកប្រែឃ្លាឃ្លោង​វៀតណាម​នោះ ឲ្យទៅជាភាសាខ្មែរ និងអង់គ្លេស ដែលមានអត្ថន័យ​(ឲ្យស្រួលយល់) ដូចខាងក្រោម៖

«ក្នុងសង្គមបច្ចុប្បន្ននេះ គ្មានប្រជាជាតិណាមួយ ស្ថិតនៅជាបងប្អូនមិត្តភក្តិនឹងគ្នាឡើយ។ តែបើជាខ្មាំង​សត្រូវ​ទាំង​អស់ គឺមាន! ប្រសិនបើខ្ញុំជាមេដឹកនាំ របស់វៀតណាមកម្ពុជា(??? ឬចង់និយាយថា មេដឹកនាំកម្ពុជា ដែល​ស្និត​នឹង​វៀតណាម???)នោះ គោលដៅរបស់ខ្ញុំ គឺរៀបចំយុទ្ធសាស្ត្ររបស់ខ្លួន ដោយមិនលោតចូលទៅ​​នៅ​ក្រោម​​ឥទ្ធិពល របស់​ប្រទេស​ចិន ដូចជាពេលបច្ចុប្បន្ននេះទេ។ នៅក្នុងបញ្ហាសមុទ្រខាងកើតក៏ដូច្នេះដែរ គឺគេ​មិន​គួរ​ពឹង​ផ្អែក លើប្រទេសតូចៗ ដូចជាប្រទេសកម្ពុជា និងឡាវ ក្នុងការធ្វើអន្តរាគមន៍នោះឡើយ។ វៀតណាម​គួរ​​ប្រឈម​មុខ​ដោយ​ផ្ទាល់ ជាមួយប្រទេសចិន ដែលធ្លាប់បានធ្វើរួចហើយ នៅក្នុងសង្គ្រាមឆ្នាំ ១៩៧៨-​១៩៧៩...» (*)

តបទៅវិញ លោក ហ៊ុន សែន បានសរសេរបញ្ជាក់ ក្នុងយប់ថ្ងៃទី២៦ ចូលថ្ងៃទី២៧ ខែសីហានេះថា៖ «ជាការ​ប្រសើរ​ហើយ ប្រសិនបើលោកយល់ថា (បញ្ហា)សមុទ្រចិនភាគខាងត្បូង មិនគួរត្រូវបានទាក់ទាញកម្ពុជា និង​ឡាវ​​ឲ្យ​ចូល​ពាក់​ព័ន្ឋ ដូចដែលលោកបានលើកឡើង។ ការជ្រើសរើសរបៀបដោះស្រាយ រវាងចិន និង​វៀតណាម​​យ៉ាង​ណា​នោះ គឺ​ជា​សិទ្ធិ​សម្រេច​របស់​មេ​ដឹកនាំ​វៀតណាម។ លោកចង់ជ្រើសរើសផ្លូវសង្គ្រាម ឬ​ផ្លូវ​សន្តិភាព គឺ​ជា​សិទ្ធិ​របស់​វៀតណាម​ផ្ទាល់។»

ក្នុងសំណេរឆ្លើយតបនោះ នាយករដ្ឋមន្ត្រីកម្ពុជាបានឆ្លៀតផ្ញើរជាសារ ទៅកាន់មេដឹកនាំវៀតណាមថា ឲ្យអប់រំ​ពលរដ្ឋ​វៀតណាម កុំឲ្យរំខានដល់លោក តទៅទៀត ដោយសារក្នុងរយៈកាលកន្លងទៅ «មានជនជាតិ​វៀតណាម​​មួយ​ចំនួន បាន​ចូលមកនិយាយមិនត្រឹមត្រូវ» ចំពោះរូបលោក និងប្រជាជនកម្ពុជា។

លោក ហ៊ុន សែន បានរំលឹកឃ្លាដដែលនេះ មកវិញទៀតថា៖ «ខ្ញុំជាមេដឹកនាំកម្ពុជា ដែលមានឯករាជ្យ​អធិបតេយ្យ​ភាព និងបូរណភាពទឹកដី ដែលស្មើភាព និងស្មើសិទ្ធិ ជាមួយប្រទេសទាំងអស់ រាប់ទាំង​ជាមួយ​នឹង​វៀតណាម​​ផង​ដែរ។ (...) ខ្ញុំមិនមែនជាអាយ៉ងរបស់វៀតណាម ដែលត្រូវបម្រើវៀតណាម លើបញ្ហាដែលជា​ផល​ប្រយោជន៍ របស់​វៀតណាម ហើយខ្ញុំមិនមែនជាចៅហ្វាយវៀតណាមដែរ។»

កាលពីថ្ងៃទី៣១ ខែកក្កដាកន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានសរសេរឆ្លើយតបដូច្នេះ និងប៉ុន្មានថ្ងៃក្រោយ​មក លោកបានចម្លងចម្លើយនេះ យកមកឆ្លើយតបម្ដងទៀត ទៅកាន់អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ដែល​គេ​​គិត​ថា ជាជនជាតិ​វៀតណាមឈ្មោះ «Pham Duc Hien»។ គណនី «Pham Duc Hien» នោះ បាន​សរសេរ​ចោទ​​លោក ហ៊ុន សែន ថា«បានក្បត់វៀតណាម»។

នៅពេលនោះ លោក ហ៊ុន សែន ក៏បានលើកមកបញ្ជាក់ដូចលើកនេះដែរថា លោក​ជា​មេ​ដឹកនាំ​កម្ពុជា ដែល​​មាន​ឯករាជ្យ អធិបតេយ្យភាព ដែល​ត្រូវ​មាន​ទំនាក់ទំនង​ ជាមួយ​មេ​ដឹកនាំ​វៀតណាម ដោយ​ស្មើ​ភាព និង​​ស្មើ​​សិទ្ធិ។ នាយក​រដ្ឋមន្ត្រី​ចាស់​វស្សារបស់កម្ពុជា បានបញ្ជាក់ថា លោក​ស្គាល់​ច្បាស់ នូវ​ចរិតរបស់​មេ​ដឹកនាំ​វៀតណាម ដែល​តែង​គោរព​នូវ​ឯករាជ្យ អធិបតេយ្យភាព​របស់​កម្ពុជា មិនដូចជាការលើកឡើង របស់​ម្ចាស់​គណនី «Pham Duc Hien» នេះឡើយ។

អ្វីដែលគួរឲ្យចាប់​អារម្មណ៍​ដែរ​នោះ ក្នុងចម្លើយតបនាយប់ថ្ងៃទី២៦ ចូលមកថ្ងៃទី២៧ ខែសីហានេះ លោក ហ៊ុន សែន បានអះអាងថា លោកមិនអាចឆ្លើយតប ជាភាសាវៀតណាម ត្រឡប់ទៅម្ចាស់គណនី «Nguyen Van Tai» វិញបានឡើយ ដោយសារលោក មិនមែនជាជនជាតិវៀតណាម។ តែលោក ហ៊ុន សែន ទំនងជាភ្លេចថា​លោក​ចេះ​និយាយ ភាសា​វៀតណាម​​យ៉ាង​ស្ទាត់​ជំនាញ៕

-------------------------
(*) ឃ្លាឃ្លោងដើម ជាភាសាវៀតណាម របស់គណនី «Nguyen Van Tai»៖

Xã hội bây giờ không có một đất nước dân tộc nào là anh em bạn bè gì cả. tất cả đều là địch ! nếu tôi là lãnh đạo nước việt nam thì campuchia chính là mục tiêu để tôi giải phóng chế độ của họ, sẽ không để trung quốc nhảy vào thao túng họ như bây giờ. còn trong vấn đề biển đông đừng bao giờ trông chờ vào những nước nhỏ bé như campuchia và laos để làm gì. việt nam nên đối đầu trực tiếp với trung quốc như trận chiến 1978-1979...