រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែងតាំង​លោក Kim ជា​ប្រធាន​ធនាគារពិភពលោក​សម្រាប់​អាណត្តិ​ទី​២ ​ និពន្ធដោយ : VOA       August-27-2016, 10:19 am         183

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​តែងតាំង​លោក Kim ជា​ប្រធាន​ធនាគារពិភពលោក​សម្រាប់​អាណត្តិ​ទី​២ ​សហរដ្ឋអាមេរិក​បាន​តែងតាំង​លោក Jim Yong Kim ជា​ប្រធាន​ធនាគា​ពិភពលោក​សម្រាប់​អាណត្តិ​ទី​២​។ លោក Jacob Lew រដ្ឋមន្ត្រីក្រសួង​រតនា​គារ បាន​សរសើរ​លោក Kim ចំពោះ​ការងារ​ដើម្បី​បញ្ចប់​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក ការដោះស្រាយ​អ​សមភាព និង​ការប្រយុទ្ធ​ការផ្លាស់ប្តូរ​អាកាសធាតុ​។ លោក Lew បាន​មានប្រសាសន៍ថា លោក Kim បាន​ដឹកនាំ​ការប្រយុទ្ធប្រឆាំង​ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​អ៊ី​បូ​ឡា និង​វិបត្តិ​ជនភៀសខ្លួន​ហើយ​បាន​ជំរុញ​ឲ្យ​មានការ​ធ្វើកំណែទម្រង់​នៅឯ​ធនាគារពិភពលោក​។​

លោក Kim ជា​វេជ្ជបណ្ឌិត នរ​វិទូ និង​ជា​អតីត​នាយក​មហាវិទ្យាល័យ បាន​ដឹកនាំ​ធនាគារពិភពលោក​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ កាលពី​ពេលមុន លោក​បាន​ដឹកនាំ​កិច្ច​ខំប្រឹងប្រែង​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​ដែល​បណ្តាល​ឲ្យ​កើត​ជំងឺអេដស៍ និ​ុ​ង​ចូលរួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ផងដែរ​។​

ធនាគារពិភពលោក ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​ផ្តល់​ប្រាក់កម្ចី​និង​ជំនួយ​ខាង​បច្ចេកទេស​ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​ក្នុងការ​ខំប្រឹងប្រែង​ដើម្បី​កាត់បន្ថយ​ចំនួន​ពលរដ្ឋ​ដែល​រស់​នៅមាន​ប្រាក់​តិចជាង​១​ដុល្លា​៩០​សេន​ក្នុង​មួយថ្ងៃ​ហើយ​និង​ធ្វើ​ឲ្យ​កើនឡើង​នូវ​ប្រាក់ចំណូល​សម្រាប់​ប្រទេស​ក្រីក្រ​។​

​សេចក្តីរាយការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា ការសម្រេច​ពី​ប្រធាន​ធនាគារ​ថ្មី​នេះ នឹងធ្វើ​ឡើង​នៅ​ពាក់កណ្តាល​ខែកញ្ញា​។ តាម​ប្រពៃណី ប្រធាន​ធនាគារពិភពលោក​ជា​ជនជាតិ​អាមេរិកាំង​ខណៈដែល​ជនជាតិ​អឺរ៉ុប ដឹកនាំ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។​កាលពី​អតីតកាល ពួក​អ្នក​រិះគន់​ធនាគារពិភពលោក បាន​បញ្ចុះបញ្ចូល​ឲ្យ​មាន​មេដឹកនាំ​ធនាគារ​នោះមក​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​៕