អភិបាលខេត្ត​ស្វាយរៀង មិនអាច​បិទបាំង​រឿង​ពលរដ្ឋ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​បានទេ

​ថ្មីៗ​នេះ​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសង្កេតការណ៍​ឯករាជ្យ​មួយចំនួន​បាន​ស្រាវជ្រាវ​ឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ឃុំ​ទួល​ស្ដី និង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ជួល​ដីស្រែ​តាម​ព្រំដែន​ឲ្យ​យួន​សរុប​ជិត​៤០០​ហិកតា​។ ចំណែក​នៅក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត មានការ​រកឃើញ​ថាព​ល​រដ្ឋ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន​ប្រកប​របរ​កសិកម្ម​ប្រមាណ​៤០​ហិកតា ដោយសារ​ពួកគាត់​ពុំមាន​លទ្ធភាព​បង្កបង្កើនផល​នៅលើ​ដី​នោះ​។ ក៏ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​បដិសេធថា​ពុំមាន​ករណី​យួន​ជួល​ដី​ខ្មែរ​តាម​ព្រំដែន​នោះទេ ក្រោយ​ក្រុមការងារ​សាលាខេត្ត​ចុះទៅពិនិត្យ​ផ្ទាល់​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៦​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​សង្កាត់​ប្រាសាទ ក្រុង​បាវិត បានបញ្ជាក់​ថា​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង កំពុង​ព្យាយាម​បិទបាំង​ករណី​យួន​ជួល​ដីស្រែ​ប្រជាកសិករ​ខ្មែរ​តាម​តំបន់​ព្រំដែន​សម្រាប់​ដាំ​ដំណាំ​ផ្សេងៗ​។ ពលរដ្ឋ​នៅ​សង្កាត់​ប្រាសាទ បានបញ្ជាក់​យ៉ាងច្បាស់​ថា ករណី​ជួល​ដី​ឲ្យ​យួន​គឺជា​រឿង​ពិតតែ​បច្ចុប្បន្ន​ជនជាតិ​យួន​បាន​ប្ដូរ​រូបភាព​នៃ​ការជួល​ដី​ដោយ​ឲ្យ​ជនជាតិខ្មែរ​ជា​អ្នក​ឈរឈ្មោះ​ជំនួស​។ ប្រជាពលរដ្ឋ​សង្កាត់​ប្រាសាទ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តស្វាយរៀង ក៏ដូចជា​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ករណី​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​ខ្មែរ​នាពេលខាងមុខ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន នៃ​ស្រុក​ចន្ទ្រា និង​ក្រុង​បាវិត ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​អំឡុង​ខែកុម្ភៈ រហូតមកដល់​ពេលនេះ ភាគី​យួន​បានធ្វើ​សាងសង់​ផ្លូវ​ក្រវាត់​ព្រំដែន​ជា​ឯកតោភាគី​យ៉ាង​ពេញបន្ទុក​នៅក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា និង​នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត​។ ករណី​ដែលមាន​ប្រជាកសិករ​ខ្មែរ​ជួល​ដីស្រែ​ឲ្យ​យួន​ដាំ​ដំណាំ​កសិកម្ម​ផ្សេងៗ​តាម​ព្រំដែន គឺ​ដោយសារ​ទីនោះ​ពុំមាន​ប្រព័ន្ធធារាសាស្ត្រ​ដើម្បី​ពួកគាត់​អាច​ប្រកប​របរ​កសិកម្ម​ចិញ្ចឹមជីវិត​។ លើស​នេះ​ទៅទៀត​ជនជាតិ​យួន​ប្រើ​រូបភាព​ខុសពី​មុន គឺ​គេ​ឲ្យ​ជនជាតិខ្មែរ​ធ្វើជា​តំណាង​ក្នុង​ការជួល​ដី​ពី​កសិករ​ខ្មែរ ហើយ​ពួកគេ​ចូលមក​ដាំ​ដំណាំ​ផ្សេងៗ​និង​ធ្វើស្រែ​តាម​តំបន់​ព្រំដែន​យ៉ាង​រលូន​។ ដូច្នេះ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង មិនអាច​បិទបាំង​ការពិត​បានទេ ព្រោះ​ពលរដ្ឋ​រស់នៅ​សង្កាត់​ប្រាសាទ ក្រុង​បាវិត បាន​បញ្ជាក់ថា ករណី​ប្រជាកសិករ​ខ្មែរ​ជួល​ដី​តាម​ព្រំដែន​ឲ្យ​យួន គឺជា​រឿង​ពិត​គ្រាន់តែ​មានការ​ផ្លាស់ប្ដូរ​រូប​ភាពខុស​ពីមុន​បន្តិច​បន្តួច​ប៉ុណ្ណោះ​៕

12783617_1109036792473846_111389610219831883_o 12719541_1109036799140512_6754163427726903432_o 49c218f87a09ec8239cbd29eb68e6e47លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង e8f1c121-7db8-43c1-9575-42e7e56b0eb2