មិនគួរ​ឲ្យ​ជឿថា​តំបន់​ទេសចរណ៍​ភ្នំ​គូលែន លំអ​ទៅដោយ​អ្នកសុំទាន​យ៉ាងច្រើន​ស្អេកស្កះ​

តំបន់​ទេសចរណ៍​ភ្នំ​គូលែន ដែលជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​នៅ​ខេត្តសៀមរាប គឺ​ជាទី​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​ទីនោះ​កាន់តែ​ច្រើនឡើងៗ បើទោះបី​ពុំមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ​។ តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ដែលមាន​ព្រះអង្គ​ធំ​លើ​ខ្នងភ្នំ​និង​មាន​វត្ថុ​ស័ក្ដិ​សិទ្ធ​ជាច្រើន​ផ្សេងទៀត​នោះ អាច​ទាក់ទាញ​ចំណូល​ពី​ភ្ញៀវទេសចរ​បាន​យ៉ាងច្រើន ហើយ​គ្រាន់តែ​ថ្លៃ​ផ្ញើ​យានយន្ត​គ្រប់​ប្រភេទ​ក៏​មិនតិច​ដែរ​។ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​រិះគន់ គឺ​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ក៏ដូចជា​មន្ទីរ​ទេសច​រណ៍​ខេត្តសៀមរាប មិន​ចាត់វិធានការ​រៀបចំ​ដែន​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ប្រសើរ​នោះទេ ជាពិសេស​តំបន់​ឧទ្យាន​ជាតិ​ដ៏​ល្បីល្បាញ​បែរជា​លំអ​ទៅដោយ​អ្នកសុំទាន​យ៉ាងច្រើន​ទៅវិញ​។

ប្រភពពី​ពលរដ្ឋ​ខ្មែរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន បាន​កត់សម្គាល់ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហាក់ដូចជា​មិនបាន​ទទួលផល​ប្រយោជន៍​ពី​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​នេះ​ទេ ផ្ទុយទៅវិញ​ពួកគាត់​បាន​ត្រឹម​ធ្វើជា​អ្នកសុំទាន​ទទួលយក​ការអាណិតអាសូរ​ពី​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ នៅតាម​កាំជណ្ដើរ​ឡើងទៅ​ទីសក្ការៈ​ព្រះអង្គ​ធំ​លើ​ភ្នំ​គូលែន​មាន​អ្នកសុំទាន​ជាច្រើន​អង្គុយ​បន្ត​គ្នា ដើម្បី​សុំ​លុយកាក់​តិចតួច​ពី​ភ្ញៀវទេសចរ ដើម្បី​យកទៅ​ដោះស្រាយ​ជីវភាព​។ ហេតុនេះហើយ​ទើប​មានការ​រិះគន់ថា លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិនបាន​យកចិត្តទុកដាក់​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ភ្នំ​គូលែន​ទេ ដោយ​ប្រាក់ចំណូល​ពី​តំបន់​ទេសចរណ៍​នេះ ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​មន្ត្រី​ពាក់ព័ន្ធ​និង​ឈ្មួញ​យ៉ាង​សុខ​ស្រួល​បំផុត​។​

ករណី​មាន​អ្នកសុំទាន​យ៉ាងច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​ឧទ្យាន​ជាតិ​ភ្នំ​គូលែន គឺ​បានកើត​ឡើងជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ខេត្តសៀមរាប មិន​យកចិត្តទុកដាក់​ចាត់វិធានកា​រដោះ​ស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ ធ្វើ​ឲ្យ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​លំអ​ទៅដោយ​អ្នកសុំទាន​ចាស់​ក្មេងប្រុស​ស្រី​ជា​រៀងរាល់ថ្ងៃ​។ តាម​ការអះអាង​របស់​មេឃុំ​ខ្នងភ្នំ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ក៏បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ឃុំ​នេះ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​៩៤០​គ្រួសារ ហើយ​មាន​មនុស្ស​ប្រមាណ​ជាង​២០​នាក់​ប្រក​បរបរ​សុំទាន​ជា​រៀងរាល់ថ្ងៃ​។ ប៉ុន្តែ​តាម​ការអះអាង​របស់​ម​គ្គុ​ទ្ទេស​ក៍​ទេសចរណ៍​ដែល​ចេញចូល​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ញឹកញាប់​បាន​ឲ្យ​ដឹងថា ចំនួន​អ្នកសុំទាន​ពេលខ្លះ​មាន​ដល់​រាប់រយ​នាក់ ហើយ​ជាការ​បង្ហាញថា​លោក ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប មិន​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ​នោះទេ​៕

76លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប c56595be-7a03-4109-b9fc-4d951db2ad81 92ed9137-b218-460c-b811-cb71150a33ac