ឈ្មួញ​នៅតែ​នាំចូល​ទំនិញ​ខូចគុណភាព​យ៉ាង​ពេញបន្ទុក មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​រឹបអូស​បន្តិចបន្តួច​ក​ម្ទេ​ច​ចោល​ឲ្យ​ល្អមើល​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ទំនិញ​ខូចគុណភាព និង​ចំណីអាហារ​មាន​លាយ​សារធាតុ​គីមី​ដូចជា សាច់មាន់ ឆ្លឹ​ង​មាន់ ប្រហិត​ជាដើម នៅតែ​ត្រូវ​ឈ្មួញ​ខិលខូច​នាំចូល​យ៉ាង​ពេញបន្ទុក​។ ក្នុងខណៈដែល​ឈ្មួញ​បន្ត​នាំចូល​ទំនិញ​ដូច​ខាងលើនេះ​ទាំងយប់​ទាំង​ថ្ងៃ គឺ​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ក្រោម​ការដឹកនាំ​របស់​លោក ស៊ាន ស៊ី​ណាត បានត្រឹមតែ​ដើរ​រឹបអូស​តាម​ទីផ្សារ​បន្តិចបន្តួច​យកទៅ​ដុត​កម្ទេចចោល​បង្ហាញ​ស្នាដៃ​ដោយ​ឥត​អៀនខ្មាស​។ ប្រការនេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង​។

កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ទំនិញ​ខូចគុណភាព​និង​គ្រឿង​ឧបភោគបរិភោគ​ដែលមាន​ការហាមឃាត់​ជិត​២​តោន​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ យកទៅ​ដុត​កម្ទេចចោល​ហើយ​ថត​រូបភាព​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ជា​សាធារណៈ​។ ទំនិញ​ទាំងនោះ​ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ដកហូត​ពី​ទីផ្សារ​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ ក្នុងខណៈដែល​មន្ត្រី​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ ជាពិសេស​គ្រឿងឧបភោគ​បរិភោគ​នៅលើ​ទីផ្សារ​។ ប៉ុន្តែ​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ មិន​យកចិត្តទុកដាក់​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រករបៀង​នានា ពិនិត្យ​គុណភាព​ទំនិញ​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះទេ​។

​តាម​ការកត់សម្គាល់​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​កន្លងមក​មន្ត្រី​កាំកុងត្រូល តែងតែ​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​តាម​ទីផ្សារ និង​រឹបអូស​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព មាន​លាយ​សារធាតុ​គីមី​និង​ហួស​កាលកំណត់​ប្រើប្រាស់​យកទៅ​កម្ទេចចោល​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​វិធានការ​បែបនេះ​ពុំមាន​ប្រសិទ្ធភាព​ឡើយ ហើយ​បើ​លោក ស៊ាន ស៊ី​ណាត ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​កុំ​ឲ្យ​ទំនិញ​ខូចគុណភាព​ហូរ​ចូល​ពី​ទឹកដី​សៀម​នោះ គួរតែ​បញ្ជា​ឲ្យ​មន្ត្រី​កាំកុងត្រូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏ដូចជា​ច្រកព្រំដែន​ក្នុងស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់​មុនពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​គ្រឿងឧបភោគ​បរិភោគ​។ ការដែល​មន្ត្រី​កាំកុងត្រូល​រឹបអូស​ទំនិញ​ខូចគុណភាព​តាម​ទីផ្សារ​បន្តិចបន្តួច​យកទៅ​ដុត​កម្ទេចចោល គ្រាន់តែ​ជា​រឿង​បិទបាំង​ទំនិញ​ខូចគុណភាព​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែល​កំពុង​ហូរ​ចូល​តាម​ច្រករបៀង និង​ច្រកព្រំដែន​យ៉ាង​អនាធិបតេយ្យ​តែប៉ុណ្ណោះ​៕

photo_2016-07-04_13-28-12លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល IMG_0374 IMG_0367