​លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ដំណើរការ​បោះឆ្នោត និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង នៅ​ចុង​សប្តាហ៍​នេះ​បានបញ្ជាក់​ពី​ដំណើរការ​បោះឆ្នោត និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​។ លោក អេង ឆៃអ៊ាង បានចាត់ទុក​ដំណើរការ​បោះឆ្នោត និង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ថា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុ​ជាមាន​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ និង​ធានា​ដល់​ការពង្រឹង​នីតិរដ្ឋ​ផងដែរ​។​

លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​លើ​បញ្ហា​៣​សំខាន់ៗ​ក្នុងនោះ​រួមមាន​៖ ទី​១-​គណបក្ស​សង្គ្រោះ​ជាតិ បានស្នើ​ទៅ​ក្រសួងមហាផ្ទៃ​នូវ​ចំណុច​ធំៗ ២​គឺ​៖ បញ្ជី​ឈ្មោះ​ជនបរទេស​បាន​ចូលសញ្ជាតិ​ខ្មែរ និង​ស្នើ​ចាត់វិធានការ​កុំ​ឲ្យ​ជនអន្ដោប្រវេសន៍ ដែល​ប្រើប្រាស់​ឯកសារ​ខុសច្បាប់​យកទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ទី​២-​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ជួប​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ដើម្បី​ជជែក​ពិភាក្សាគ្នា​ជុំវិញ​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​។ ទី​៣-​កាលពី​វេលា​ព្រឹក​ថ្ងៃ​ម្សិលមិញ ទូត​សហរដ្ឋអាមេរិក​បានមក​ជួបពិភាក្សា​ការងារ​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​

គួររំលឹកថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៦ ថ្ងៃនេះ​ជា​លើក​ទី​២ ហើយ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក វីលៀម ហេ​ដ​ថ៍​(William A. Heidt) និង​សហការី បាន​អញ្ជើញ​មកជួប​ពិភាក្សា​ការងា​ផ្ទាល់​ជាមួយ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ដោយ​ភាគី​ទាំងពីរ​ផ្តោត​សំខាន់​ពី​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន បញ្ហា​ដំណើរការ​តុលាការ និង​ការងារ​បោះឆ្នោត​។​

ទន្ទឹមនឹងនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​សំណូមពរ​ដល់​សហភាព​អឺរ៉ុប សូមជួយ​ធ្វើយ៉ាងណា​ឲ្យ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា វិល​មករក​ភាពប្រក្រតី​ឡើងវិញ ដើម្បី​ឈានទៅរក​បរិយាកាស​ល្អប្រសើរ​សម្រាប់​ការបោះឆ្នោត​នៅពេល​ខាងមុខ​។ ការស្នើសុំ​ជាថ្មី​របស់លោក កឹម សុខា គឺ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក អា​ឡាំង វ៉ាន់​ឌើ​មី​សសិន (Mr. Alain VANDERSMISSEN) ជា​ភារធារី​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ពិភាក្សា​ការងារ​ជាមួយ លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៥ សីហា កន្លងទៅនេះ​៕

10888829_828327970565286_4143904974187686356_n