អាណាព្យាបាល​សុំ​កុំ​ឲ្យ​បិទ​សាលា​ហ្សាម៉ាន់

ភ្នំពេញៈ អាណាព្យាបាលសិស្សសាលាហ្សាម៉ាន់ដែលជាសាលាឯកជនល្បីឈ្មោះមួយបានអំពាវនាវឲ្យរដ្ឋាភិបាលកុំបិទសាលាមួយនេះតាមការស្នើសុំពីរដ្ឋាភិបាលតួកគីព្រោះអាចប៉ះពាល់ដល់អារម្មណ៍ និងការសិក្សារបស់កូនៗពួកគាត់។កាលពីម្សិលមិញសាលាហ្សាម៉ាន់បានធ្វើសន្និសីទសារព័ត៌មានមួយស្តីពីដំណើរការរបស់សាលាហើយក្នុងឱកាសនោះក្រុមអាណាព្យាបាលដែលមានកូនរៀននៅសាលានេះបានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាកុំបិទសាលាតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Lhan Kemal Tug ដែលបានជួបលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី ២២ សីហា ដើម្បីស្នើរាជរដ្ឋាភិបាលបិទសាលាអន្ដរជាតិហ្សាម៉ាន់ដោយចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងករណីរដ្ឋប្រហារនៅតួកគី។

អាណាព្យាបាល​សុំ​កុំ​ឲ្យ​បិទ​សាលា​ហ្សាម៉ាន់

អ្នកស្រី ប៊ូ អណូវិតា ដែលមានកូនរៀនថ្នាក់ទី ៥ បានថ្លែងថាការបិទសាលានេះអាចប៉ះពាល់ដល់កូនរបស់គាត់ព្រោះពួកគាត់រៀនតាំងពីថ្នាក់មតេ្តយ្យមកពួកគេស៊ាំនឹងការសិក្សានៅទីនេះហើយ។ អ្នកស្រីថា៖ «ខ្ញុំជឿថាស្ថានភាពកម្ពុជាមិនទាន់ដល់ថ្នាក់ពាក់ព័ន្ធនឹងអំពើភេរវកម្មអីនោះទេ»។

អ្នកស្រី គង់ បុប្ផាភួង ឲ្យដឹងថា អ្នកស្រីមានកូនដល់ទៅបីនាក់រៀននៅសាលាហ្សាម៉ាន់។ ពួកគាត់ស្រឡាញ់សាលានេះណាស់បន្ទាប់ពីផ្ទះគឺសាលានេះហើយដែលគាត់ស៊ាំនឹងការសិក្សាពួកយើងសំណូមពរឲ្យរដ្ឋាភិបាលរក្សាដំណើរការសិក្សាបន្ដទៀតពីព្រោះការបិទសាលាវានឹងប៉ះពាល់ដល់អារម្មណ៍ និងការសិក្សាកូនខ្មែរនៅទីនេះ»។

នាយកផ្នែកបឋមសិក្សាចំណេះដឹងទូទៅនៃសាលាអន្តរជាតិហ្សាម៉ាន់ លោក អ៊ីសាអានទេព្លី បានឲ្យដឹងក្នុងសន្និសីទនោះថាសាលានៅតែដំណើការគឺមិនមានការបិទដូចទៅនឹងការស្នើសុំនោះទេ។

លោកថា បច្ចុប្បន្ន សាលាបឋមសិក្សាមានសិស្សជិត ៥០០ នាក់បានចុះឈ្មោះថ្មីរួចរាល់សម្រាប់បវេសនាកាលថ្មីខណៈដែលសាលាមួយនេះដំណើរការជាង ២០ ឆ្នាំមកហើយ។

លោក អានទេព្លី ថា៖ «សាលានេះគឺជាសាលារបស់ប្រទេសកម្ពុជាមិនមែនជាសាលារបស់តួកគីទេ។ យើងអត់មានអីពាក់ព័ន្ធជាមួយរដ្ឋាភិបាលតួកគីទេ»។

លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេសកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសថៃបានប្រាប់ភ្នំពេញប៉ុស្តិ៍តាមរយៈសារអេឡិចត្រូនិកថារហូតមកទល់ពេលនេះសាលាហ្សាម៉ាន់ មិនបានធ្វើអ្វីប្រាសចាកពីច្បាប់កម្ពុជាដែលត្រូវបិទនោះទេ។

លោកបញ្ជាក់ថា កម្ពុជាក៏មិនបានទទួលភ័ស្តុតាងណាមួយពីរដ្ឋាភិបាលតួកគីដែលថាសាលានេះជាប់ពាក់ព័ន្ធនឹងអង្គការភេរវកម្មនោះដែរ៕

ប្រភព ៖ postkhmer

  • អាណាព្យាបាល​សុំ​កុំ​ឲ្យ​បិទ​សាលា​ហ្សាម៉ាន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: