បេក្ខជន​បាក់ឌុប​ពិការ​ដៃ​ទាំង​សងខាង រំពឹង​ចង់​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា

ភ្នំពេញៈ មនុស្សម្នាក់ៗមានវាសនាខុសៗគ្នា តែសម្រាប់វាសនារបស់ យុវជន ហ៊ួត យូឡែន ហាក់ដូចជាអភ័ព្វពេកដែលត្រូវកើតមកពិការដៃត្រឹមកែងដៃទាំងសងខាងហើយ ថែមទាំងត្រូវកើតនៅក្នុងគ្រួសារមួយដែលមានជីវភាពមិនសូវជាធូធារ ព្រមទាំងជាកូនកំព្រាឪពុកថែមទៀតផង។ទោះជាយ៉ាងណា ហ៊ួត យូឡែន មិនចុះចាញ់និងជីវិតរបស់ខ្លូននោះឡើយ ដោយព្យាយាមប្រើឆ្អឹងដែលនៅជាប់នឹងកែងដៃមកចាប់ប៉ិចសរសេរ ជិះកង់ទៅសាលា និងខិតខំសិក្សារហូតដល់ថ្នាក់ទី ១២ និងបានចូលប្រឡងនៅក្នុងមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំនេះ ព្រមទាំងរំពឹងចង់បន្តការសិក្សាផ្នែកព័ត៌មានវិទ្យានៅមហាវិទ្យាល័យផងដែរ។

ជាកូនពៅក្នុងចំណោមកូនប្រុស ៤ នាក់នៅក្នុងគ្រួសារមួយដែលមានតែម្តាយជាមេគ្រួសារ នៅភូមក្បាលកោះ ឃុំកោះអណ្តែត ស្រុកស្រីសន្ធ ខេត្តកំពង់ចាម យុវជនវ័យ ១៩ ឆ្នាំរូបនេះបានរៀបរាប់ប្រាប់ LIFT ថា រូបគេត្រូវជួបការលំបាកស្ទើរគ្រប់សកម្មភាពទាំងអស់ក្នុងជីវិត ក៏ប៉ុន្តែគេនឹងមិនចុះចាញ់ជាដាច់ខាត។

បេក្ខជន​បាក់ឌុប​ពិការ​ដៃ​ទាំង​សងខាង រំពឹង​ចង់​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា

យូឡែន និយាយថា៖ «ពុករបស់ខ្ញុំបានស្លាប់កាលពី ៣ ឆ្នាំមុន ហើយម្តាយរបស់ខ្ញុំក៏ពុំមានមុខរបរអ្វីនោះដែរ។ ជីវភាពរបស់យើងត្រូវពឹងផ្អែកទៅលើការឧបត្ថម្ភរបស់បងប្រុសខ្ញុំទាំង ៣ នាក់ ដែលធ្វើការងារជាជាងផ្សារ»។ក្នុងចំណោមបងប្អូនបួននាក់ មានតែ យូឡែន មួយតែប៉ុណ្ណោះដែលបានរៀនដល់ថ្នាក់ទី ១២ ដោយបងៗរបស់គេសុទ្ធតែបានឈប់រៀននៅថ្នាក់ទី ៩ ដើម្បីធ្វើការចិញ្ចឹមគ្រួសារ។រូបថតនៅពេលប្រឡងបាក់ឌុបរបស់ យូឡែន ដែលរៀននៅវិទ្យាល័យ ហ៊ុន សែនប៉េងហួតស្វាយតានាន់ ត្រូវបានគេចែកចាយតៗគ្នានៅលើបណ្តាញសង្គម Facebook ដោយមហាជនជាច្រើនបានធ្វើការស្ញើចសរសើរចំពោះសមត្ថភាព និងអក្សរដ៏ស្អាតរបស់រូបគេ។យូឡែន បាននិយាយថា៖ «វាហាក់ដូចជាសមត្ថភាពពីកំណើតរបស់ខ្ញុំដែលអាចប្រើប្រាស់ឆ្អឹងនៅកែងដៃដូច្នេះបាន»។

ទោះបីជា រូបគេពិការដៃទាំងពីរក៏ពិតមែន យុវជនរូបនេះបានបង្ហាញនូវក្តីស្រមៃចង់រៀនខាងព័ត៌មានវិទ្យា។រូបគេបានបន្ថែមថា៖«ចំពោះការប្រឡងបាក់ឌុប ខ្ញុំមានសង្ឃឹមច្រើន។ ខ្ញុំស្រលាញ់ជំនាញកុំព្យូទ័រ និងព័ត៌មានវិទ្យា តែខ្ញុំមិនដឹងថា វាអាចទៅរួចក៏អត់នោះទេ ពិសេសជីវភាពរបស់គ្រួសារខ្ញុំខ្វះខាតខ្លាំងណាស់»៕

ប្រភព ៖ postkhmer

  • បេក្ខជន​បាក់ឌុប​ពិការ​ដៃ​ទាំង​សងខាង រំពឹង​ចង់​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: