ពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​

មជ្ឈដ្ឋាន​នានា​បានកត់សម្គាល់​ឃើញថា​នៅក្នុង​ឆ្នាំ​២០១៦​នេះ បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​រាលដាល​កាន់តែខ្លាំង​ឡើងៗ​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ដូចជា ខេត្តកណ្ដាល ខេត្ត​ព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តស្ទឹងត្រែង ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ខេត្ត​ត្បូងឃ្មុំ​ជាដើម​។ ការកើនឡើង​នៃ​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បានក្លាយ​ទៅជា​វិបត្តិ​គួរ​ឲ្យ​ព្រួយបារម្ភ​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ព្រោះ​យុវវ័យ​រាប់ពាន់​រាប់ម៉ឺន​នាក់​កំពុង​រងគ្រោះ​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​។ ជាក់ស្ដែង​ការដែល​មជ្ឈមណ្ឌល​បន្សា​ប​គ្រឿងញៀន​មាន​ដល់​ទៅ​១៧០​កន្លែង​ទូទាំងប្រទេស គឺជា​ភស្ដុតាង​បង្ហាញថា​គ្រឿងញៀន​កំពុង​បំផ្លាញ​សង្គម​ខ្មែរ​យ៉ាង​ពេញទំហឹង គឺ​បំផ្លាញ​ធនធានមនុស្ស​យ៉ាងខ្លាំង​ក្លា​។​

នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែងថា ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មិនមែន​ចប់​កណ្ដាល​ទីនោះ​ទេ គឺ​សមត្ថកិច្ច​ត្រូវ​តាមដាន​ករណី​ពេលដែល​បញ្ជូន​ជនល្មើស​ដល់​តុលាការ លុះត្រាតែ​តុលាការ​បើកសវនាការ​ចប់​ជា​ស្ថាពរ​។ លោក នេ​ត សាវឿន បាន​សំណូមពរ​ឲ្យ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ត្រូវធ្វើ​ឲ្យ​ដល់​ប្ញ​សគល់ គឺ​ត្រូវ​ស្រាវជ្រាវ​រក​មេខ្លោង​ចែកចាយ​គ្រឿងញៀន និង​អ្នកទទួលផល​ជាដើម​។ បទបញ្ជា​របស់លោក នេ​ត សាវឿន បែបនេះ​គឺ​ស្របទៅតាម​ស្ថានភាព​ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន ក្នុងខណៈដែល​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​នៅតែ​រាលដាល​យ៉ាងខ្លាំង​ក្លា ហើយ​សមត្ថកិច្ច​បង្ក្រាប​បានតែ​អ្នកជួញដូរ​គ្រឿងញៀន​តូចតាច ចំណែក​មេខ្លោង​ធំៗ​មិនឃើញ​សមត្ថកិច្ច​ចាត់វិធានការ​ឡើយ​។

តាម​របាយការណ៍​រប​ស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នាពេល​កន្លងមក​បានបង្ហាញ​ឲ្យ​ឃើញថា ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ គឺជា​កន្លែង​ឆ្លងកាត់​គ្រឿងញៀន​ពី​ទឹកដី​ឡាវ​ចូល​ទឹកដី​ខ្មែរ ហើយ​កន្លងមក​សមត្ថ​កិច្ច​ក្នុង​ខេត្ត​ទាំង​២​នេះ​បង្ក្រាប​ក្រុម​ជនសង្ស័យ​ជា​បន្ត​បន្តា​ប់ និង​រឹបអូស​គ្រឿងញៀន​ជាច្រើន​គីឡូក្រាម​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​បទល្មើស​គ្រឿងញៀន​ឆ្លងកាត់​ខេត្ត​ទាំង​២ នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​បើ​និយាយ​ពីបទ​ល្មើស​ប្រើប្រាស់​គ្រឿងញៀន​វិញ កំពុង​រាលដាល​ទៅដល់​តំបន់​ជនបទ ហើយ​យុវវ័យ​រាប់ពាន់ រាប់ម៉ឺន​នាក់​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ទូទៅ​អំពាវនាវ​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រកបដោយ​ប្រសិទ្ធភាព​តាមរយៈ​ការវែកមុខ​មេខ្លោង​គ្រឿងញៀន​ធំៗ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​៕

1-128-768x512លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ Monddrug1 CH-01154