ល្បែងស៊ីសង​រាលដាល​ក្នុង​ក្រុង​ប៉ោយប៉ែត នាំ​ឲ្យ​មាន​អំពើចោរកម្ម​កើតឡើង​យ៉ាង​ពេញបន្ទុក

​ក្រោយពេល​លោក ធិ​ន ស៊ិន​ដេ​ត ចូលកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ជំនួស​លោក អ៊ុំ សុផល រួចមក​ប្រជាពលរដ្ឋ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​កត់សម្គាល់ថា ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​នៅតែ​បន្ត​កើតមាន​ឥតឈប់ឈរ ហើយ​លោក ធិ​ន ស៊ិន​ដេ​ត មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ មានការ​រិះគន់ថា​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។ ជាក់ស្ដែង​ផ្ដើមចេញពី​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ទើប​មាន​បទល្មើស​ចោរលួច ចោរប្លន់ ជា​ញឹកញាប់​នៅក្នុង​ក្រុង​ប៉ោយប៉ែត ជាពិសេស​នៅពេល​យប់ ហើយ​បទល្មើស​គ្រឿងញៀន​ក៏​រាលដាល​កាន់តែខ្លាំង​ដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​ជាច្រើន​ប្រភេទ ត្រូវគេ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដូចជា ទីតាំង​ទី​១-​មាន​ម្ចាស់​ឈ្មោះ សំបូរ អាង​អំណាច​និង​បក្ខពួក​ជា​នគរបាល​ព្រំដែន​បើក​លេង​នៅ​ផ្សារ​រាត្រី ហៅ​ផ្សារ​អាណាន់​ម៉ា​ឃី​ត ទី​២-​មេបន​ល្បែង​ជា​បក្ខពួក​មន្ត្រី​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បើក​លេងល្បែង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ចំណុច​ផ្ទះសំណាក់​ផ្កាយ​៣​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​។ ទីតាំង​ទី​៣-​មាន​ម្ចាស់​ឈ្មោះ ប៊ុន ណាំ​អ៊ាង ហៅ​បារាំង ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត បាន​បើក​ទីតាំង​លេងល្បែង​ក្នុង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥​នៅ​ភូមិ​ក្បាលស្ពាន​១ គឺ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​។ ទីតាំង​ទី​៤-​មាន​ម្ចាស់​ឈ្មោះ ធី បាន​យកឈ្មោះ​លោក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ ធ្វើជា​បង្អែក​បើក​លេងល្បែង​ភ្នាល់​បាល់​នៅ​ភូមិ​បា​លិ​លេ​យ្យ​១ និង​ទី​៥-​ទីតាំង​ល្បែងស៊ីសង​របស់​ឈ្មោះ វណ្ណ លី​ហោ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ យក​ទីតាំង​កាស៊ីណូ​របស់​ឧកញ៉ា កុក អាន បើក​លេង​បញ្ជល់មាន់ បៀ​អាប៉ោង​ខុសច្បាប់​តាម​អំពើ​ចិត្ត​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត កំពុង​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​អសន្តិសុខ​សង្គម​នៅពេលដែល​ល្បែងស៊ីសង​រាលដាល​កាន់តែខ្លាំង ហើយ​អំពើចោរកម្ម​លួច​ប្លន់ និង​បទល្មើស​ផ្សេងៗ​ទៀត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ អ្វីដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​នោះ គឺ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះឡើយ បើទោះពី​គេ​ដឹងថា​មាន​មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​មួយចំនួន គឺជា​អ្នកបើក​លេងល្បែង​ស៊ីសង​ខុសច្បាប់​យ៉ាងណាក៏ដោយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សួន បវរ ដែល​អភិបាលខេត្ត​បន្ទាយមានជ័យ និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​ក្រុង​ប៉ោយប៉ែត​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​អំពើចោរកម្ម លួច​ប្លន់ និង​បទល្មើស​ផ្សេងៗ​បំផ្លាញ​សន្តិសុខ​សង្គម​តទៅទៀត​៕

4c98da40-a8fc-4792-b604-1cc42c1ae13cលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ n-poit-pet n-police-pet-1-333x500