ជប៉ុន កំពុងដណ្ដើម​អាហ្វ្រិក​ជាមួយ​ចិន និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-27-2016, 12:28 pm         52

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ជប៉ុន កំពុងដណ្ដើម​អាហ្វ្រិក​ជាមួយ​ចិនលោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe និង​លោក​ប្រធានាធិបតីកេនយ៉ា Uhuru Kenyatta ។ រូបថត JapanTimesនាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ កំពុង​ទស្សនកិច្ច​នៅ​កេ​ន​យ៉ា ដែលជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​របស់​អាហ្វ្រិក​។ ក្នុង​ដំណើ​ទស្សនកិច្ច​លើក​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏​នាំមក​ជំនួយ និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​សណ្ដាន​ចិត្ត​មេដឹកនាំ​អាហ្វ្រិក ដែល​កន្លងមក​ទទួល​ជំនួយ​យ៉ាងច្រើន​ក្រាស់ក្រែល​ពី​មហា​យក្ស​ចិន ហើយ​នេះ​ត្រូវគេ​មើលឃើញថា ជប៉ុន​កំពុង​ប្រជែង​យក​ឥទ្ធិពល​នៅ​អាហ្វ្រិក​ដែល​ចិន​បាន​ចាក់​គ្រិះ​ហើយ​នោះ​។

​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ បាន​ទៅដល់​រដ្ឋធានី​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ា នៅ​ថ្ងៃទី​២៦ ខែសីហា ដើម្បី​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ជាមួយ​មេដឹកនាំ​អាហ្វ្រិក​។ សន្និសីទ​អន្តរជាតិ​តូ​ក្យូ​ស្ដីពី​ការអភិវឌ្ឍ​អាហ្វ្រិក​លើក​ទី​៦ នឹងត្រូវ​ធ្វើជា​លើកដំបូង​លើ​ទឹកដី​អាហ្វ្រិក ខណៈ​ព្រឹត្តិការណ៍​៥​លើក​កន្លងមក តែង​ធ្វើឡើង​នៅឯ​ជប៉ុន​។ វា​ច្បាស់​ណាស់​ថា ជប៉ុន​កំពុង​ទាក់ទាញ​អាហ្វ្រិក​ឲ្យ​មក​ក្បែរ​ខ្លួន ស្របពេល​ដែល​មហា​យក្ស​ចិន​បាន​ចាក់​ឬ​ស​នៅ​ទ្វីប​សម្បូរ​ភោគទ្រព្យ​នេះ​រួចស្រេច​ហើយ​។​

​ឆ្លៀតពេល​នៃ​សន្និសីទ​ដ៏​ធំ​នេះ លោកនាយក​រដ្ឋមន្ត្រី អា​បេ នឹង​ឆក់​ឱកាស​ដ៏​មានតម្លៃ​នេះ ជួប​ជាមួយ​បណ្ដា​មេដឹកនាំ​អាហ្វ្រិក រួមទាំង​ប្រធានាធិបតី​កេ​ន​យ៉ា លោក អ៊ូ​ហ៊ូ​រូ កេ​ន​យ៉ា​តា (Uhuru Kenyatta) និង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក ចា​កុប ហ្ស៊ូ​ម៉ា (Jacob Zuma)​។ លោក អា​បេ នឹង​បង្ហាញ​ពី​គម្រោង​ជំនួយ និង​ផែនការ​វិនិយោគ​ផ្សេងៗ ទៅកាន់​មេដឹកនាំ​អាហ្វ្រិក​ទាំងនោះ បើទោះជា​ពួកគេ ធ្លាប់បាន​ជំនួប​រាប់លាន​ដុល្លារ​ពី​មហា​យក្ស​ចិន​ក៏ដោយចុះ​។​

​តាមពិតទៅ ជប៉ុន ក៏មាន​ឥទ្ធិពល​ខ្លះ​ដែរ​នៅ​ទឹកដី​អាហ្វ្រិក ប៉ុន្តែ​ប្រៀបធៀប​ជាមួយ​ចិន​នោះ វត្តមាន​ក្រុង​តូ​ក្យូ​នៅ​ទ្វីប​មួយ​នេះ មិនទាន់​ចាក់​ឬ​ស​ខ្លាំង​ឡើយ​។ ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាហ្វ្រិក ដោយ​ក្នុង​ឆ្នាំ​២០១៥ ទំហំ​ពាណិជ្ជកម្ម​រវាង​ចិន និង​អាហ្វ្រិក​មាន​ដល់​ទៅ​១៧៩​ពាន់​លាន​ដុល្លារ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ជប៉ុន និង​អាហ្វ្រិក​មានតែ​២៤​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

​លើសពីនេះ មហា​យក្ស​ចិន ដែល​ត្រូវការ​ធនធាន​សម្រាប់​បំប៉ន​សេដ្ឋកិច្ច​របស់ខ្លួន​តែងតែ​ផ្ដល់ជំនួយ​រាប់លាន​ដុល្លារ​ដល់​ប្រទេស​អាហ្វ្រិក​នានា ដោយ​មិនសូវ​ខ្វល់​ពី​របប​នយោបាយ ឬក៏​សិទ្ធិមនុស្ស​អ្វី​ឡើយ​។ ដោយសារ​រឿងនេះ ទើប​មេដឹកនាំ​អាហ្វ្រិក​ខ្លះ​ចូលចិត្ត​រកស៊ី​ជាមួយ​ចិន ជាជាង​ប្រទេស​ផ្សេងទៀត ដ្បិត​ចិន​មិន​ចាប់អារម្មណ៍​នឹង​ក្នុងស្រុក​ប្រទេស​ទាំងនោះ តែ​ផ្ដោត​ខ្លាំង​តែ​រឿង​សេដ្ឋកិច្ច​ប៉ុណ្ណោះ​។​

​លោក Koichi Sakamoto ជា​សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ​តូ​ក្យូ​និយាយថា ជប៉ុន​មិនអាច​ប្រជែង​ជាមួយ​ចិន​លើ​ទំហំ​ទឹកប្រាក់​បានទេ តែ​ជប៉ុន​ត្រូវផ្ដោត​ការយកចិត្តទុកដាក់​គុណភាព​ជំនួស​វិញ​។ ទាក់ទិន​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី អា​បេ ក៏​ប្រកាស​ដែរ​ថា បច្ចេកវិទ្យា​ដែលមាន​គុណភាព​ខ្ពស់ និង​ធនធាន​នៃ​ការអភិវឌ្ឍ នឹង​ជួយ​ឧស្សាហ​នីយកម្ម ក៏ដូចជា​វិស័យ​កសិកម្ម​នៅ​ទ្វីបអាហ្វ្រិក​៕