អ្នក​ភូមិ​ជាង​៣០០​គ្រួសារ​នៅ​កំពង់ឆ្នាំង​តវ៉ា​រឿង​ផ្ដល់​សំណង​ពី​គម្រោង​ធ្វើ​ប្រឡាយ​ទឹក​មិន​សមរម្យ

ពលរដ្ឋ​បួន​ភូមិ នៃ​ឃុំ​អញ្ចាញរូង ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​នឹង​អាជ្ញាធរ​ដែល​មិន​បាន​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​លើ​គម្រោង​ស្ថាបនា​ប្រព័ន្ធ​ធារាសាស្ត្រ និង​សំណង​ផល​ប៉ះពាល់​ដល់​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់។ ចំណែក​អាជ្ញាធរ​ថា ពលរដ្ឋ​ភាគ​ច្រើន​ទទួល​បាន​ព័ត៌មាន និង​យល់​ព្រម​ទទួល​សំណង ប៉ុន្តែ​មាន​មួយ​ចំនួន​តូច​ដែល​មិន​ពេញ​ចិត្ត​ទើប​បង្កើត​ឲ្យ​មាន​ការ​តវ៉ា​ឡើង។

គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​ធំៗ​ចំនួន​ពីរ នៅ​ស្រុក​បរិបូរណ៍ ដែល​មាន​លទ្ធភាព​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម​ជិត ២​ម៉ឺន​ហិកតារ ត្រូវ​បាន​ពលរដ្ឋ​ស្វាគមន៍ និង​ពលរដ្ឋ​ខ្លះ​មិន​សប្បាយ​ចិត្ត​ដោយ​ដី​ស្រែ ឬ​ចម្ការ​ពួកគេ​ប៉ះពាល់​នឹង​គម្រោង​អភិវឌ្ឍន៍ ហើយ​អាជ្ញាធរ​មិន​បាន​ផ្ដល់​សំណង​សមរម្យ។ គម្រោង​ទាំង​ពីរ​នេះ គឺ​មាន​ប្រភព​ទឹក​ចេញ​ទំនប់​លំហាច និង​ស្ទឹង​អាចាង (អាចាំង) ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន។

តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​អញ្ចាញរូង ក្នុង​ចំណោម​ពលរដ្ឋ ៣០៤​នាក់ ដែល​បាន​ផ្ដិត​មេដៃ​ដាក់​ជូន​អាជ្ញាធរ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជួយ​អន្តរាគមន៍​លើ​ការ​ផ្ដល់​សំណង​មិន​សមរម្យ។

លោកស្រី ឆៅ សាវឿន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា ថា កន្លង​ទៅ​អាជ្ញាធរ​ធ្លាប់​ប្រាប់​ពលរដ្ឋ​ពី​គម្រោង​ធ្វើ​ប្រឡាយ​ទឹក​នេះ​ដែរ ប៉ុន្តែ​មិន​បាន​ប្រាប់​ពី​តម្លៃ​នៃ​ការ​ផ្ដល់​សំណង​នោះ​ទេ៖ «ខ្ញុំ​មិន​ដឹង​បាត់​ព័ត៌មាន​នៅ​ត្រឹម​ណា​ទេ? ប៉ុន្តែ​ប្រហែល​ឃុំ​ប្រាប់​មក​អាជ្ញាធរ​ភូមិ​ឲ្យ​ប្រាប់​បន្ត​ទៅ​ពលរដ្ឋ​ចូល​រួម​ប្រជុំ តែ​ប្រហែល​ថ្នាក់​ភូមិ​អត់​ដើរ​ប្រាប់។ ឯកឧត្ដម ចេង ញ៉ាន់ ចុះ​ទៅ​ដោះស្រាយ​គាត់​ថា សំណង​មិន​អាច​បាន​ថ្លៃ​ទេ គឺ​បាន​តែ​បី​កាក់​ហ្នឹង ហើយ​ក៏​អត់​មាន​និយាយ​តបត​អ្វី​ទេ​ចំពោះ​ប្រជាពលរដ្ឋ​នោះ។ ខ្ញុំ​សំណូមពរ​សូម​ឲ្យ​អ្នក​ដែល​ចុះ​មក​ដោះស្រាយ​សុំ​ចុះ​មក​ម្ដង​ទៀត ដើម្បី​លើក​ពី​កង្វល់​របស់​ពួកគាត់​ដែល​បាន​ផ្ដិត​មេដៃ​គាំទ្រ​លើ​លិខិត​សំណូមពរ​ហ្នឹង»

លោកស្រី ឆៅ សាវឿន បញ្ជាក់​ថា ជាក់​ស្ដែង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ផ្ដល់​សំណង​ត្រឹម​តែ​បី​កាក់ ឬ​ស្មើ​នឹង​មួយ​ពាន់​ពីរ​រយ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ប៉ុន្តែ​ជំហរ​របស់​លោកស្រី និង​អ្នកភូមិ​ជា​ច្រើន​ទៀត​ចង់​បាន​សំណង់​សមរម្យ​ដោយ​ដី​ស្រែ​ជម្រៅ ឬ​មិន​ជាប់​ផ្លូវ​ត្រូវ​ផ្ដល់​សំណង​ប្រាំ​កាក់ ដី​ស្រែ​ជាប់​ផ្លូវ​លំ​ត្រូវ​ផ្ដល់​មួយ​ដុល្លារ និង​ដីស្រែ​ជាប់​ផ្លូវ​ធំ​ត្រូវ​ផ្ដល់​សំណង​ឲ្យ​បាន​មួយ​​ដុល្លារ​កន្លះ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ចេង ញ៉ាន់ ដែល​បាន​ចុះ​សម្របសម្រួល​ពលរដ្ឋ​ជុំវិញ​បញ្ហា​នេះ​នៅ​សាលា​ឃុំ​អញ្ចាញរូង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​សីហា ដើម្បី​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ ខណៈ​ប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​លោក ដោក ប៊ុនថុន មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា​អភិបាល​ស្រុក​បរិបូរណ៍ លោក ឃួន សៅរុំ បញ្ជាក់​ថា គម្រោង​អភិវឌ្ឍ​ប្រឡាយ​ទឹក​លំហាច​នេះ បាន​ប៉ះពាល់​ដី​ពលរដ្ឋ​ប្រមាណ ៤០០​ក្បាល​ដី ហើយ​បច្ចុប្បន្ន​ទូទាត់​សំណង​បាន ២១៩​ក្បាល​ដី​ហើយ។ លោក​ថា អាជ្ញាធរ​បាន​ប្រជុំ​ផ្សព្វផ្សាយ ហើយ​ពលរដ្ឋ​ភាគ​ច្រើន​ស្ងប់ចិត្ត​ក្នុង​ការ​ទទួល​សំណង ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បំផុស​បំផុល​ចង់​បាន​សំណង​ច្រើន៖ «យើង​បាន​ប្រជុំ​ហើយ​គាត់​ស្ងប់​អារម្មណ៍​តើ​មាន​រឿង​អី! គ្រាន់​តែ​ថា មាន​អ្នក​ចលនា​ឲ្យ​អ្នក​ទទួល​លុយ​ក៏​មក​ផ្ដិតមេដៃ​តវ៉ា​នឹង​គេ​ដែរ។ ដល់​ពេល​សួរ​គាត់​ទៅ​ថា​ទេ! គាត់​អត់​បាន​ផ្ដិត​ផង​មាន​អ្នក​ចលនា​ចង់​ឲ្យ​បាន​ឡើង​ថ្លៃ​បន្តិច​ទៀត ហើយ​បង​ប្អូន​បាន​ផ្ដិត​មេដៃ​ចុះ​កិច្ចសន្យា​អស់​ហើយ​ហ្នឹង។ ការ​ពិត ២១៩​ក្បាល​ដី​គាត់​ទទួល​លុយ​អស់ ១៤​ម៉ឺន​ដុល្លារ​ហើយ»

មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ឆ្នាំង លោក សៅ ភារៈ ថ្លែង​ថា បញ្ហា​មិន​ទទួល​ព័ត៌មាន​ច្បាស់លាស់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​នេះ លោក​មិន​ដាក់​កំហុស​ទៅ​ខាង​អាជ្ញាធរ ឬ​ពលរដ្ឋ​នោះ​ទេ។ ប៉ុន្តែ​អាជ្ញាធរ​មាន​ភារកិច្ច​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ច្បាស់លាស់​ពី​គម្រោង​ដល់​ពលរដ្ឋ​ដើម្បី​បញ្ចៀស​ការ​យល់​ច្រឡំ ឬ​ជម្លោះ​កើត​ឡើង​រវាង​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច៖ «អាជ្ញាធរ​ត្រូវ​តែ​ជូន​ដំណឹង​ដល់​ពលរដ្ឋ ដើម្បី​គាត់​បាន​មក​ចូល​រួម​បើ​មិន​អ៊ីចឹង​ទេ រឿង​នេះ​មិន​អាច​ដោះស្រាយ​កើត ដោយសារ​តែ​ប្រជា​ពលរដ្ឋ​មួយ​អត់​បាន​ទទួល​ព័ត៌មាន ហើយ​អត់​បាន​ចូល​រួម​អ៊ីចឹង​មិន​ដឹង​និយាយ​គ្នា​ពី​រឿង​អី។ បាទ! ខាង​ប្រជាពលរដ្ឋ​តវ៉ា​ថា សុំ​ឲ្យ​អាជ្ញាធរ​ហ្នឹង​ផ្ដល់​សំណង​ជូន​គាត់»

មន្ត្រី​ក្រសួង​ធនធាន​ទឹក និង​អាជ្ញាធរ​ស្រុក​បរិបូរណ៍ អះអាង​ថា បើ​ទំនប់​ស្ទាក់​ទឹក​ស្ទឹង​អាចាង អាច​ស្ថាបនា​រួចរាល់​ក្នុង​ឆ្នាំ​២០១៧ ហើយ​ទំនប់​លំហាច​អាច​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៨ តាម​ការ​គ្រោង​ទុក​អន្ដរក្រសួង​ដែល​ចេញ​គម្រោង​នេះ វា​អាច​ផ្ដល់​ទឹក​ស្រោចស្រព​ផ្ទៃ​ដី​កសិកម្ម​នៅ​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស និង​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ប្រមាណ ១៨.០០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។