រូបសម្បត្តិពុំមែនជារឿងសំខាន់! តែសេចក្តីស្រឡាញ់វាធំធេងណាស់សំរាប់គូស្នេហ៍នេះ

ពិតមែនហើយ ! ពាក្យចំអកឡកឡឺយថាៈ «កន្តឿអាចម៌ញ៉ុកធើអីចឹង នរណាយកធ្វើប្តី» ជារឿងមួយតែងត្រូវបានលើកយកមកនិយាយលេងសើច មិនថានៅក្នុងសង្គមណាៗនោះទេ ។ យ៉ាងណាមិញ បុរសម្នាក់មិនត្រឹមតែតឿទេ គឺថែមទាំងពិការទៀត ប៉ុន្តែ គាត់មានសំណាង បានប្រពន្ធស្អាតមិនចាញ់អ្នកមានរូបរាងល្អមាំមួននោះឡើយ កុំជោរ! ។

ប្តីប្រពន្ធខុសខ្នាតគ្នាមេឃដី១គូនេះ ដែលប្តីឈ្មោះ Dong Zhijun និងប្រពន្ធឈ្មោះ Yuan Wanyu រស់នៅក្នុងប្រទេសចិន បាននិយាយថា ពួកគេសម្រេចយកគ្នាជាប្តីប្រពន្ធ គឺកើតចេញសេចក្តីស្រឡាញ់ចេញពីបេះដូងពិតៗ ព្រោះថាគ្មានអ្វីអាចយកឈ្នះសេចក្តីស្រឡាញ់បានឡើយ ។

រម្លឹកពីពីប្រវត្តិស្នេហ៍របស់អ្នកទាំងពីរ

Dong Zhijun អាយុ២៣ឆ្នាំ មកពីខេត្ដលីវនិញ ភាគឦសានប្រទេសចិន មានកម្ពស់ត្រឹមតែ៨០ សង់ទីម៉ែត្រ។ ដោយហេតុនេះ មនុស្សគ្រប់គ្នាតែងហៅគេថា ” មាណពតូចល្អិត “។ កុមារភាពរបស់គេ ស្ទើរតែទាំងស្រុងប្រព្រឹត្តទៅតែនៅលើគ្រែ ដោយសារជំងឺងាយប្រេះឆ្អឹងដែលតម្រូវឱ្យគេត្រូវសិក្សានៅនឹងផ្ទះ។ ពេលអាយុ១៨ឆ្នាំ Zhijun បានសុំម្ដាយឱ្យទិញកុំព្យូទ័រចាស់មួយគ្រឿង ក្នុងបំណងក្លាយខ្លួន ជាបុរសមានប្រយោជន៍ចំពោះសង្គម ។

ក្រោយប្រឹងប្រែងធ្វើការអស់រយៈពេលច្រើនឆ្នាំ Zhijun បានក្លាយជាអ្នកជំនាញការក្នុងបច្ចេកវិទ្យាអ៊ីនធើណេត និងស្ថាបនាវេបសាយ។ បច្ចុប្បន្នគេជាអ្នកបង្កើតគេហទំព័រ៤ និងគ្រប់គ្រងវេបសាយ៧ផ្សេងទៀត ហើយគេត្រូវបានជ្រើសរើសធ្វើជាលេខា IT ឱ្យក្រុមហ៊ុនសេវាកម្មព័ត៌មានមួយនៅស្រុកកំណើត។

រឿងរ៉ាវស្ដីពីបុរសតឿតស៊ូជម្នះព្រហ្មលិខិត ដើម្បីទទួលបានឋានៈមួយក្នុងសង្គមធ្វើឱ្យរញ្ជួយដល់បេះដូងក្រមុំ Yuan Wanyu រស់នៅខេត្ដក្វាងទុង ភាគខាងត្បូងប្រទេសចិន។ Wanyu រងរបួសរលាកខ្លួនធ្ងន់ធ្ងរ កាលពីទើបមានអាយុមួយឆ្នាំ ដោយបាត់បង់ម្រាមដៃឆ្វេងទាំងអស់ ហើយច្រមុះក៏មិនមានលក្ខណៈពេញលេញ ។ រយៈពេល២០ឆ្នាំដែល Wanyu មិនអាចធ្មេចភ្នែក ដោយសារតែមុខរបួស។ ជីវភាពលំបាករបស់គ្រួសារ បានធ្វើឱ្យនាងត្រូវបោះបង់ចោលសុបិនបានសិក្សានៅមហាវិទ្យាល័យ ហើយភាពពិការខាងសរីរាង្គក៏បានឆក់យកឱកាសធ្វើការរបស់នាងនិងជំរុញនាងឱ្យធ្លាក់ទៅក្នុងស្ថានភាពអស់សង្ឃឹម។

ឆ្នាំ២០០៩ Wanyu ក្រោយពេលត្រូវបដិសេធក្នុងការសម្ភាសន៍សុំការងារធ្វើជាច្រើន នាងរកបានមិត្ដយល់ទុក្ខធុរៈលើគេហទំព័រសម្រាប់ជនពិការមួយ។ មិត្ដជិតស្និទ្ធនោះគឺជា Zhijun។ ដោយស្ថិតក្នុងស្ថានភាពដូចគ្នា Wanyu មានអារម្មណ៍គោរពស្រឡាញ់ Zhijun និងចាត់ទុកបុរសតូចល្អិតនេះជាពាក់កណ្ដាលទៀតរបស់ខ្លួន។ Wanyu បាននិយាយថា ” គាត់ជាបុរសដ៏ល្អ “។

នៅខែមេសាឆ្នាំ២០១០ Zhijun បានសារភាពក្ដី ស្នេហ៍របស់ខ្លួនចំពោះWanyu។ បុរសនេះនិយាយថា ” ខ្ញុំស្រឡាញ់នាងពេញបេះដូង ហើយខ្ញុំនឹងកម្ដៅបេះដូងនាងអស់មួយជីវិត “។ Wanyu ដោយរំភើបចិត្ដយ៉ាងខ្លាំងចំពោះមនោសញ្ចេតនាស្មោះត្រង់របស់ Zhijun នាងក៏បានប្ដូរមករស់នៅក្នុងផ្ទះរបស់ប្រុសស្នេហ៍នៅខេត្ដលីវនិញ។

ដើម្បីព្យាបាលភ្នែករបស់ Wanyu មាណពតូចល្អិតរបស៍ចិនបានប្រមូលប្រាក់សន្សំទាំងអស់របស់ខ្លួននាំនាងទៅស៊ីនជាងវះកាត់កែសម្ផស្ស។ សេចក្ដីស្នេហារបស់ពួកគេពុំត្រឹមតែនាំមកនូវក្ដីសង្ឃឹមឱ្យពួកគេប៉ុណ្ណោះទេ ថែមទាំងទទួលបានការជួយទំនុកបម្រុងពីមនុស្សជុំវិញទៀតផង។ ដោយបានដឹងរឿងរ៉ាវ របស់គូស្នេហ៍ទាំងពីរ មន្ទីរពេទ្យកែសម្ផស្ស Whenyang Xiehe បានសម្រេចចុះថ្លៃ១០០.០០០យន់ (១៥.០០០ដុល្លារ) ក្នុងការចំណាយវះកាត់។

ក្រោយការវះកាត់លើកដំបូង Wanyu បានឈានមួយជំហានទៅដល់ការក្លាយខ្លួនជានារីធម្មតាម្នាក់។ ក្នុងពេលនោះ Zhijun ក៏ចាប់ផ្ដើមមុខរបរថ្មីមួយ។ គេបានបើកកសិដ្ឋានដាំបន្លែ និងផ្គត់ផ្គង់បន្លែបៃតងសម្រាប់ប្រជាជនតំបន់ និងទីក្រុងទាំងមូល។ Zhijun បាននិយាយថា “ចំពោះខ្ញុំ Wanyu ជានារីល្អឆើតឆាយម្នាក់ និងសិចស៊ីបំផុតពិភពលោក។ មិនថាមានរឿងអ្វីកើតឡើងនោះទេ ខ្ញុំនិងនាងនឹងនៅក្បែរគ្នារៀងរហូត “។ (ប្រភពអត្ថបទ៖ magazinecambodia.com)

 


រូបសម្បត្តិពុំមែនជារឿងសំខាន់! តែសេចក្តីស្រឡាញ់វាធំធេងណាស់សំរាប់គូស្នេហ៍នេះ

តើរថយន្តពិសេសរបស់ប្រធានាធិបតី អូបាម៉ា មានតម្លៃប៉ុន្មាន និងទំនើបបុណ្ណា? (មានឃ្លីប)

រូបសម្បត្តិពុំមែនជារឿងសំខាន់! តែសេចក្តីស្រឡាញ់វាធំធេងណាស់សំរាប់គូស្នេហ៍នេះ

កក្រើកនៅហុងកុងតួភាពយន្ត ឆឺន ហាវមីន «កោររោម» ឲ្យភរិយា