ចេញបញ្ជាភ្លាម ត្រឹមជាង១៥ម៉ោងក្របួចបាន​

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​២៦ សីហា ២០១៦ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ពាក់ព័ន្ធ​ពី​បទប្លន់ដោយប្រើ​កាំភ្លើងខ្លី និង​ដាវ​ភ្ជង់​គំរាម​យក​កាបូប​​ប្រាក់ និង​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះជា​អ្នក​កាប់​ជ្រូក​លក់ ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ១-​ឈ្មោះ​កែវ ប៊ុ​ន​ហៀ​ង ហៅ​ត្រ​ង៉ោ​ល​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥ ក្នុងភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ២-​ឈ្មោះ​ពៅ ស្រស់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៣២ ភូមិ​៤ សង្កាត់​លេខ​៤ (​ជា​អ្នក​កាន់​កាំភ្លើង​ពេល​ប្លន់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​២​លើក​មក​ហើយ​) និង​៣-​ឈ្មោះ​រដ្ឋ រស្មី ហៅ​យួន អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ក្រុម​៥​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ។

ទាក់ទិន​ការ​ឃាត់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ ត្រូវ​មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៦ សីហា ២០១៦ មាន​ករណី​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង ទៅ​លើ​ប្តី​-​ប្រពន្ធ​ជា​អ្នក​កាប់​ជ្រូក​លក់ ដោយ​បាន​យក​កាបូប​លុយ​មាន​ប្រាក់​, ទូរស័ព្ទ​ដៃ​, អាយ​ផេ​ត និង​សម្ភារ​មួយ​ចំនួន​ទៀត ខណ​:​ពេល​ជន​រង​គ្រោះ​ម៉ូតូ​ចេញពីផ្ទះ បំណង​ជិះ​ទៅ​រក​ហូប​បង្អែម ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ដាក់​បទបញ្ជា​ទៅ​កម្លាំង​ជំនាញ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​លើ​ករណី​ប្លន់​នេះ ។ រយ​:​ពេល​១៥​ម៉ោង​កន្លះ គឺ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ ឈាន​ដល់​ការ​ឃាត់ខ្លួន​ជន សង្ស័យ​៣​នាក់ យក​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ។