ផ្ដន្ទាទោសលោក ពៅ សិទ្ធិ 18ខែ ពីបទក្លែងបន្លំយកដីក្រុមហ៊ុន

ផ្ដន្ទាទោសលោក ពៅ សិទ្ធិ 18ខែ ពីបទក្លែងបន្លំយកដីក្រុមហ៊ុន



រាជធានីភ្នំពេញ ៖ អតីតសមាជិកព្រឹទ្ធសភាគណបក្សហ្វ៊ុនស៊ិនប៉ិចឈ្មោះ ពៅ សិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចប្រកាសសាលក្រម កាលពីរសៀលថ្ងៃទី២៥ សីហា ឆ្នាំ២០១៦ ដាក់ពន្ធនាគាររយៈ១៨ខែ
ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ពាក់ព័ន្ធនឹងករណីរំលោភយកដីរបស់ក្រុមហ៊ុនវិនិយោគទុនជប៉ុនមួយ ទំហំជាងមួយពាន់ហិចតា ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ឈ្មោះ ពៅ សិទ្ធិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ ។

ដើមរឿងនៃការផ្តន្ទាទោសនេះ បានកើតឡើងដោយសារឈ្មោះ ពៅ សិទ្ធិ បានឃុបឃិតជាមួយមនុស្សមួយចំនួនទៀត បង្កើតជាប្រព័ន្ធ
ខុសច្បាប់ក្លែងឯកសារយកទៅប្តឹងនៅតុលាការខេត្តកណ្តាល ក្នុងបំណងស៊ីដាច់ដីជាងមួយពាន់ហិចតារបស់អ្នកវិនិយោគជនជាតិជប៉ុន។ ប៉ុន្តែត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូលបដិសេធចោលវិញ ហើយសម្រេចប្រគល់ដីទំហំជាងមួយពាន់ហិចតានេះទៅឱ្យក្រុមហ៊ុនវិនិយោគវិញ បន្ទាប់ពីចំណាយអស់រយៈពេលជាង៤ឆ្នាំរួចមក ។

នៅថ្ងៃទី៩ កក្កដា ឆ្នាំ២០១៥ លោកអ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើលិខិតទៅប្រធានតុលាការកំពូល ដើម្បីសុំការបំភ្លឺលើសំណុំរឿងនេះ ។ បន្ទាប់មកនៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០១៥ លោករដ្ឋមន្ត្រី អ៊ឹម ឈុនលឹម ក្នុងនាមតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានដាក់ពាក្យបណ្តឹងប្តឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ឃាត់ខ្លួនឈ្មោះពៅ សិទ្ធិ យកមកផ្តន្ទាទោសតាមច្បាប់តែម្តង ។

បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បាននិងកំពុងរៀបចំបែបបទ ជាបន្តបន្ទាប់ តាមរយៈតុលាការខេត្តកណ្តាល និងមន្ត្រីជំនាញអនុវត្តសាលដីការបស់តុលាការកំពូល ដោយមោឃភាពប័ណ្ណដីរបស់អ្នកកាន់កាប់ក្បាលដីពីឈ្មោះ ពៅ សិទ្ធិ និងបក្សពួក រួចប្រគល់ដីទាំងអស់នេះមកក្រុមហ៊ុនជាភាគីឈ្នះក្តីវិញ ។

នៅចន្លោះពេលដែលមន្ត្រីជំនាញកំពុងអនុវត្តការងារនេះ ស្រាប់តែអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបានលូកដៃចូលមកជំទាស់ ធ្វើឱ្យការអនុវត្តសាលដីកាស្ថាពររបស់តុលាការកំពូលនេះ មានការរអាក់រអួល ។

ទាក់ទិនបញ្ហានេះ អ្នកច្បាប់យល់ឃើញថា ដីទាំងអស់ខាងលើនេះសុទ្ធសឹងតែមានប័ណ្ណកម្មសិទ្ធិប្លង់រឹងទាំងអស់ ដែលពុំមែនជាសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទេ ។ បញ្ហានេះ ធ្វើឱ្យអ្នកច្បាប់មើលឃើញថា បច្ចុប្បន្ននេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី មានអំណាចធំជាងតុលាការកំពូលទៅទៀត ដែលបញ្ហានេះផ្ទុយនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា មានតែតុលាការទេ មានសមត្ថកិច្ចក្នុងការដោះស្រាយរឿងក្តីនេះ ។ ម្យ៉ាងទៀត ឈ្មោះ ពៅ សិទ្ធិ កំពុងជាប់ឃុំក្នុងពន្ធនាគារ តែបានចេញមុខមកធ្វើលិខិតអន្តរាគមន៍ពឹងពាក់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីទៅវិញ ។

គួរកត់សម្គាល់ថា នៅថ្ងៃប្រកាសសាលក្រមខាងលើនេះ មានគ្រប់ភាគីចូលរួមស្តាប់ក្នុងសាលសវនាការជំនុំជម្រះ ។ ក្នុងនោះមានលោក SCIARONI មេធាវីតំណាងភាគីជប៉ុន ព្រមទាំងមេធាវីផ្សេងទៀតតំណាងឱ្យភាគីក្រុមហ៊ុន មីន យូ ឃូលឆឺ ហ្វោនដេស្ហិនផងដែរ ៕