ម៉ែយ៉ែមវាយបង្ខំនាងឱ្យដេកជាមួយភ្ញៀវថៃ

ម៉ែយ៉ែមវាយបង្ខំនាងឱ្យដេកជាមួយភ្ញៀវថៃ



ខេត្តប៉ៃលិន ៖ ស្ត្រីវ័យក្មេងម្នាក់រងរបួសបែកមាត់ និងជាំពេញខ្លួន ព្រមទាំងរបួសដៃជើង ដោយត្រូវស្ត្រីមេការហាងយីហោ «រាត្រីបាត់ដំបង» ចាប់ក្របួចសក់វាយដំនៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូម្កុដពេជ្រ ដោយសារតែ
បង្ខំឱ្យដេកជាមួយភ្ញៀវថៃតែនាងបានប្រកែក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ រហូត ដល់ម៉ោង៣និង១០នាទីឈានចូលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ ក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

ប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះ ឈ្មោះ ម៉ុន ស្រីនាង អាយុ២៤ឆ្នាំ ជានារីបម្រើការនៅក្នុងហាង «រាត្រីបាត់ដំបង» រស់នៅភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីជនដៃដល់ ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ ជាមេការហាង ខាងលើ រស់នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ មេការហាងខាងលើបានបបួលនាងឱ្យជិះរថយន្តមកជាមួយ ដោយធ្វើដំណើរពីខេត្តបាត់ដំបង ទៅលេងនៅខេត្តប៉ៃលិន ហើយក៏ចូលទៅក្នុងសណ្ឋាគារកាស៊ីណូម្កុដពេជ្រ ដោយនាំគ្នាផឹកស៊ី ជួបជុំមិត្តភក្តិប្រុសស្រីចំនួន៤ទៅ៥នាក់ ។ ការផឹកស៊ីនោះរហូតដល់ស្រវឹង ស្រាប់តែស្ត្រីជាមេការនោះ បានបង្ខំឱ្យនាងទៅដេកជាមួយភ្ញៀវជនជាតិថៃ ។

ប្រភពបន្តទៀតថាដោយសារតែនាងមិនព្រម លុះប្រកែកគ្នាចុះឡើងៗ ទើបស្ត្រីខាងលើនោះ បានស្ទុះទៅវាយជាច្រើនដៃ និងបោចសក់ ហើយជាន់ក.ស្ទើរដាច់ខ្យល់ស្លាប់ថែមទៀត ។ ពេលនោះដោយគិតថាមិនអាចស៊ូទ្រាំបាន ក៏ប្រាប់ថា នាងយល់ព្រមទៅដេកជាមួយជនជាតិថៃហើយ ទើបស្ត្រីជនដៃដល់បន្ទូរដៃ ហើយនាងក៏ស្ទុះរត់ចេញទៅក្រៅស្រែកហៅឱ្យគេជួយតែម្តង ។

រហូតដល់ព្រឹកថ្ងៃកើតហេតុ នាងក៏សម្រេចចិត្តទៅដាក់ពាក្យបណ្តឹងនៅស្នាក់ការកងរាជអាវុធហត្ថភូមិផ្សារព្រំ លុះពិនិត្យមើលទៅមិនអាចដោះស្រាយបាន ក៏ប្រាប់ឱ្យនាងទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ខេត្ត ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកឧកញ៉ា ជា គា ម្ចាស់សណ្ឋាគារម្កុដពេជ្រ បានឱ្យដឹងថា ស្ត្រីទាំងពីរនាក់ខាងលើ គឺជាភ្ញៀវមកពីខេត្តបាត់ដំបងទេ ដោយចូលទៅលេងនៅក្នុងសណ្ឋាគាររបស់លោក ពួកគេមិនមែនជាបុគ្គលិក ធ្វើការក្នុងកាស៊ីណូរបស់លោកឡើយ ។

លោកបន្តទៀតថា ស្ត្រីជនដៃដល់បានទាក់ទងជាមួយអ្នកផ្សេងទៀត រួចដឹកញីបន្ស៊ីឈ្មោលឱ្យទៅដេកជាមួយភ្ញៀវ លុះមិនព្រមក៏វាយទៅលើនារីរងគ្រោះ បណ្តាលឱ្យរបួសតែម្តង ។ ចំណែកនៅក្នុងកាស៊ីណផូវិញ គឺខាងលោកបានដាក់វិន័យតឹងរ៉ឹងណាស់ មិនឱ្យមានបុគ្គលិកណាម្នាក់វាយតប់គ្នានៅក្នុងនោះឡើយ ។

ចំណែកលោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការ ដ្ឋានកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ខាងលោកបានទទួលពាក្យបណ្តឹងហើយ ក៏បានហៅស្ត្រីជនដៃដល់មកសួរនាំរួចរាល់អស់ហើយដែរ ។

លោកបន្តទៀតថា ខាងជនរងគ្រោះគ្រាន់តែដាក់ពាក្យបណ្តឹង ចំពោះបញ្ហាប្រើអំពើហិង្សាដោយចេតនាទៅលើរូបនាងប៉ុណ្ណោះ មិនបាននិយាយអ្វីលើសពីនេះទេ ព្រោះនាងយោគយល់ថា បានរាប់អានជាមួយស្ត្រីជនដៃដល់ខាងលើ តាំងពីមុនមក ដូច្នេះខាងលោកនឹងអនុវត្តតាមនីតិវិធីនេះផងដែរ ៕