បច្ចេកវិទ្យា ៥ យ៉ាង កំពុង​ជួយ​ក្រុម​សង្គ្រោះ​រញ្ជួយ​ដី​នៅ​អ៊ីតាលី

ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ កំពុង​ផ្ដល់​សេវាកម្ម​របស់​ពួកគេ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​នៅ​អ៊ីតាលី បន្ទាប់​ពី​មាន​គ្រោះ​រញ្ជួយ​ដ៏​អាក្រក់​មួយ​កណ្ដាល​អ៊ីតាលី កាល​ពី​ថ្ងៃ​ពុធ ដែល​មាន​មនុស្ស​យ៉ាង​ហោច​ណាស់ ២៤១ ស្លាប់។ ប្រតិបត្តិការ​រុក​រក​មនុស្ស​នៅ​រស់ កំពុង​តែ​ប្រជែង​នឹង​ពេល​វេលា។ ខាង​ក្រោម​នេះ ជា​បច្ចេកវិទ្យា​ដែល​ត្រូវ​គេ​ប្រើ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ៖

 

១. ការ​ទទួល​បាន​អ៊ីនធឺណិត​ប្រើ

កាកបាទ​ក្រហម​អ៊ីតាលី បាន​ស្នើ​ដល់​ប្រជាជន​ឲ្យ​លុប​លេខ​កូដ​សម្ងាត់ (password) WiFi របស់​ពួកគេ ដើម្បី​អាច​ឲ្យ​គេ​ប្រើ​អ៊ីនធឺណិត​បាន ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ​សង្គ្រោះ។ អង្គការ​នេះ​បាន​ចេញ​វិធី​ណែនាំ​សម្រាប់​ក្រុមហ៊ុន និង​ប្រជាជន​ពី​របៀប​លុប​លេខ​សម្ងាត់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ប្រើ​អ៊ីនធឺណិត​បាន។

 

២. Airbnb

Airbnb បាន​លុប​ចោល​រាល់​ការ​គិត​ប្រាក់​ថ្លៃ​សេវាកម្ម​ទាំង​អស់​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​គ្រោះ​មហន្តរាយ​នេះ និង​អនុញ្ញាត​ឲ្យ​ជន​រងគ្រោះ​ស្នាក់​នៅ​រហូត​ដល់​ថ្ងៃ​ទី​១១ កញ្ញា​ឯណោះ។ មនុស្ស​ជាង ១០០០ នាក់​ត្រូវ​ភៀស​ខ្លួន ដោយ​សារ​រញ្ជួយ​ដី។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​របស់​អ៊ីតាលី។

Airbnb ជា​ទីផ្សារ​អនឡាញ​ដែល​អាច​ឲ្យ​មនុស្ស​រក និង​ជួល​ផ្ទះ​សម្រាប់​លំហែ​កាយ ដោយ​គិត​ថ្លៃ​សេវា។

 

បច្ចេកវិទ្យា ៥ យ៉ាង កំពុង​ជួយ​ក្រុម​សង្គ្រោះ​រញ្ជួយ​ដី​នៅ​អ៊ីតាលី

 

៣. មុខងារ Safe Check របស់ Facebook

ភ្លាមៗ​នោះ Facebook បាន​ដំណើរ​ការ​មុខងារ​ឆែក​សុវត្ថិភាព Safety Check របស់​ខ្លួន ដោយ​អនុញ្ញាត​ឲ្យ​អ្នក​លេង Facebook អាច​ជូន​ដំណឹង​ដល់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​ថា​គេ​មាន​សុវត្ថិភាព។

 

៤. ការ​បរិច្ចាគ​តាម​សារ​ទូរសព្ទ

បណ្ដា​ទីភ្នាក់ងារ​ជួយ​សង្គ្រោះ ដូចជា កាកបាទ​ក្រហម​អ៊ីតាលី​ជា​ដើម បាន​អំពាវ​នាវ​ដល់​ប្រជាជន​ឲ្យ​បរិច្ចាគ​ប្រាក់​កាស​តាម​រយៈ​ផ្ញើ​សារ​ទូរសព្ទ។ ប្រព័ន្ធ​នេះ អនុញ្ញាត​ឲ្យ​ប្រជាជន​ផ្ញើ​សារ​លេខ​កូដ ទៅ​កាន់​លេខ​អង្គការ​សប្បុរសធម៌​ណា​មួយ ហើយ​ការ​បរិច្ចាគ​នោះ នឹង​គិត​​លើ​វិក្កយបត្រ​ទូរសព្ទ​ប្រចាំ​ខែ​របស់​ពួកគេ។

 

៥. ខល និង​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ

ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ​ចល័ត​ធំៗ​របស់​អាមេរិក​ជា​ច្រើន ដូចជា AT&T, T-Mobile និង Verizon កំពុង​ផ្ដល់​ការ​ខល និង​ផ្ញើ​សារ​ដោយ​ឥត​គិត​ថ្លៃ​រវាង​អាមេរិក និង​អ៊ីតាលី ដើម្បី​អាច​ឲ្យ​ក្រុម​គ្រួសារ​​ទាក់ទង​គ្នា​បាន​នៅ​ក្នុង​តំបន់។ ឯ​ក្រុមហ៊ុន​បណ្ដាញ​ទូរសព្ទ TIM របស់​អ៊ីតាលី បាន​បង្កើត​បណ្ដាញ​ខ្សែ​ទូរសព្ទ​សង្គ្រោះ​បន្ទាន់​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ​សម្រាប់​ប្រជាជន​ក្នុង​តំបន់៕

 

 

ដោយ៖ សុផាត
ប្រភព៖ CNN