ចិន ធ្វើ​សមយុទ្ធ​យោធា​«​បំផ្ទុះ​គ្រាប់បែក​លើ​នាវា ឬ​នាវាមុជទឹក​»​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ​ និពន្ធដោយ : ទេព អ៊ីវិសាល       August-27-2016, 3:01 pm         474

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ធ្វើ​សមយុទ្ធ​យោធា​«​បំផ្ទុះ​គ្រាប់បែក​លើ​នាវា ឬ​នាវាមុជទឹក​»​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ថ្ងៃទី​២៥ ខែសីហា​កន្លងទៅ បានធ្វើ​លំ​ហាត់​យោធា​កងទ័ពជើងទឹករ​បស់​ខ្លួន​ជាថ្មី​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​មិនមាន​នរណា​ដឹង​ឡើយ​។ អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​យោធា​លើក​នេះ ត្រូវបាន​ក្រុង​ប៉េកាំង​អះអាងថា ជាការ​បង្ហាញ​សមត្ថភាព​ថ្មី​នៃ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់​កងទ័ពជើងទឹក​ចិន​នៅ​តំបន់​កំពុង​តែមាន​វិវាទ​។​

ការ​សែត​ចិន​ជា​ភាសា​អង់គ្លេស People’s Daily នៅ​ថ្ងៃទី​២៧ ខែសីហា​នេះ បាន​ផ្សាយ​ថា កងទ័ពជើងទឹក​នៃ​កងទ័ព​រំដោះប្រជាជន​ចិន បានធ្វើ​សមយុទ្ធ​យោធា​លើ​វគ្គ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ដែនសមុទ្រ​ដែល​សំដៅលើ​ការ​បំផ្ទុះ​ទាំង​នាវា​ទូទៅ និង​នាវាមុជទឹក​។ យ៉ាងណាក៏ដោយ ទីតាំង​ច្បាស់លាស់​នៃ​ការធ្វើ​សមយុទ្ធ​នោះ មិនត្រូវ​បានបញ្ជាក់​នោះទេ ពោលគឺ​ថា​តើ​ស្ថិតនៅ​ក្បែរ​តំបន់​ប្រជុំ​កោះ Sprately ឬ ប្រជុំ​កោះ Paracel នោះទេ​។

ភ្ជាប់​ជាមួយនឹង​រូបភាព​៤​សន្លឹក People’s Daily បាន​ពណ៌នា​យ៉ាង​ដូច្នេះ​ថា «​សំឡេង​បំផ្ទុះ​លាន់លឺ​ដូច​រន្ទះបាញ់ នៅ​ព្រហស្បតិ៍​ត្រូវបាន​លឺ​ខ្ទរខ្ទារ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​កន្លែង​ដែល​កងពល​សមុទ្រ​ខាងត្បូង​នៃ​កងទ័ព​ចិន​បានធ្វើ​សមយុទ្ធ​យោធា​»​។  សារព័ត៌មាន​នោះ បាន​បន្តទៀតថា ទំហំ និង​កម្លាំង​ទឹក​ដ៏​ខ្លាំងក្លា ត្រូវបាន​ផ្ទុះ​ចេញពី​មហាសមុទ្រ​ឡើងលើ​ដែលជា​កន្លែង​ដែល​កងទ័ព​បំផ្ទុះ​គ្រាប់បែក​។

សារព័ត៌មាន​ដដែល​នោះ បាន​សង្កត់ធ្ងន់ថា សមយុទ្ធ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក ឬ​មីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​លំ​ហាត់​យោធា​មួយ​ដែលមាន​កម្រិត​ខ្ពស់ និង​ពិបាក​ខ្លាំង បើ​ប្រៀបធៀប​ទៅនឹង​ការធ្វើ​លំ​ហាត់​យោធា​មុនៗ​ឆ្ងាយ​ណាស់​។

សូម​ជម្រាប​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ រដ្ឋាភិបាល​ប៉េកាំង បានធ្វើ​សមយុទ្ធ​យោធា​ជា​បន្តបន្ទាប់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ក្រុង​ប៉េកាំង បាន​អះអាងថា ធ្វើឡើង​តាម​ទម្លាប់​របស់ខ្លួន​ដើម្បី​បង្កើន​សមត្ថភាព​យោធា​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​បច្ចុប្បន្ន ខណៈ មជ្ឈដ្ឋាន​អន្តរជាតិ មើលឃើញថា ជា​សកម្មភាព​មួយ​ដែល​អាច​ប្រែក្លាយ​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​តំបន់​យោ​ធូប​នីយកម្ម​។​

អ្វី​គួរកត់សម្គាល់​នោះ ការបញ្ចេញ​សកម្មភាព​យោធា​ញឹកញាប់​របស់​ចិន ត្រូវបាន​គេ​សង្កេតឃើញថា​ធ្វើឡើង បន្ទាប់ពី​តុលាការអន្តរជាតិ​ក្រុងឡាអេ បានប្រកាស​សាលក្រម​សំណុំរឿង​សមុទ្រ​ចិន​ខាងត្បូង​តាម​បណ្តឹង​របស់​ហ្វីលីពីន នៅ​ថ្ងៃទី​១២ ខែកក្កដា ដោយ​បកស្រាយ​ថា សកម្មភាព និង​ការទាមទារ​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង មិនមាន​មូលដ្ឋាន​ផ្នែក​ច្បាប់ ពោលគឺ​បាន​បំពាន​ច្បាប់​អន្តរជាតិ​។ តែ​ភ្លាមៗ​នោះ មេដឹកនាំ​កំពូលៗ​ចិន បានប្រកាស​មិន​អនុវត្ត និង​ការពារ​អធិបតេយ្យ​ខ្លួន​តាម​គ្រប់​មធ្យោបាយ​។ ជាពិសេស​នោះ រដ្ឋមន្ត្រី​ការពារ​ជាតិចិន បានប្រកាស​រហូតដល់​ឲ្យ​ប្រជាជន និង​ទាហាន​ត្រៀមខ្លួន​សម្រាប់​ស​ង្គ្រា​ម​នៅ​សមុទ្រ​ទៀតផង​៕