កំពុង​តថ្លៃយក​ទៅ​ដេក បែរជា​មកលូក​ហោ​ប៉ៅ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ម្នាក់​ស្រែក​ឱ្យ​គេ​ជួយ បន្ទាប់​ពី​ត្រូវ​នារី​រកស៊ី​ផ្លូវភេទ​មួយ​ក្រុម ធ្វើ​សកម្មភាព​បន្លំ​លូក​យក​កាបូប​លុយ​ពី​ខ្លួន ខណៈ​កំពុង​តថ្លៃ​គ្នា​នៅ​តាម​ផ្លូវ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ជិត​១១​យប់​ថ្ងៃ​ទី​២៦ សីហា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវ​លេខ​៧០ កែង​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ហើយ​ក៏​ត្រូវ​កម្លាំង​ក្របួច​បាន​នារី​សង្ស័យ​២​នាក់​។

ប្រភព​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ​ឈឿ​ន ដេ​វី​ដ អាយុ​៣៤​ឆ្នាំ ជា​និស្សិត និង​ជា​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ទួល​សង្កែ ។ រីឯ​នារី​សង្ស័យ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​ង្វៀ​ង ធី​សឹង អាយុ​២៤​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​ស្រី​វិ​ន អាយុ​៣២​ឆ្នាំ ។ ចំណែកឯ​បក្ស​២​នាក់​ទៀត​រត់គេច​ខ្លួន ម្នាក់​ឈ្មោះ​តឿ អាយុ​៣៣​ឆ្នាំ និង​ឈ្មោះ​ឌី​ណា អាយុ​២៩​ឆ្នាំ ពួក​គេ​ទាំងអស់​ជា​នារី​រកស៊ី​ផ្លូវភេទ​នៅ​ម្តុំ​កើតហេតុ​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ខាងលើ​ជិះម៉ូតូមក​រក​នារី​រកស៊ី​ផ្លូវភេទ ដោយ​ឈប់​ម៉ូតូ​តថ្លៃ​គ្នា មិន​ទាន់​ត្រូវរ៉ូវ​គ្នាផង ក៏​នារី​ៗ​ទាំងនោះ​​មក​បន្លំ ខ្លះ​ស្ទាក់​ម៉ូតូ ខ្លះ​អោប ខ្លះ​ចាប់​ហ្វ្រាំង​ម៉ូតូ និង​ខ្លះ​ទៀត​លូក​ហោប៉ៅ​យក​កាបូប ស្រាប់តែ​ត្រូវ​ជន​រង​គ្រោះ​ដឹងខ្លួន​ទាន់​​ស្រែក​ផ្អើល​ឆោឡោ ហើយត្រូវ​នារី​ទាំងនោះ​រត់​ប្រញាយ ។ ​​ពេល​នោះ គឺ​មាន​កម្លាំង​ល្បាត ក៏​ធ្វើការ​ដេញ​តាម​ចាប់​បាន​នារី​សង្ស័យ​២​នាក់​តែ​ម្តង ។