ចិន​លេង​4​សន្លឹក​ដាក់​គ្នា​រឿង​ប្រាក់​12​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​២​ក្រុម ដែល​ជា​មិត្តភក្ដិ​នឹង​គ្នា បាន​ចោទប្រកាន់​គ្នា​ថា​បាន​ប្លន់​យក​លុយ​អស់​៨០​ម៉ឺន​យាន់​ស្មើនឹង​ប្រមាណ​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក និង​បាន​ប្ដឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឱ្យធ្វើ​ការ​ឃាត់ខ្លួន ជនជាប់សង្ស័យ​ចំនួន​៥​នាក់ នាំ​ទៅ​សាកសួរ កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ខណៈ​ក្រុម​ជនសង្ស័យ​ខាងលើ​កំពុង​ស៊ីផឹក​នៅ​ក្នុង​ហាង ចែ​ថៃ ស្ថិត​នៅ​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​សាកសួរ​ទើប​ដឹង​សាច់​រឿង​ខ្លះ​ៗ​ថា ក្នុង​ចំណោម​ជនជាតិ​ចិន​ទាំង​២​ក្រុម​នោះ គឺ​ក្រុម​ម្ខាង​មាន​កុង​(​គណនី​)​ធនាគារ ឯ​ម្ខាង​ទៀត​មានមុខរ​បរជា​អ្នកលក់​គ្រឿងអលង្ការ​កាឡៃ​អត់​មាន​គណនី​ធនាគារ​នោះ​ទេ ។ អ្នក​ដែល​គ្មាន​គណនី​ធនាគារ​នេះ បាន​ពឹងពាក់​ភាគី​ម្ខាង​ទៀត​ដែល​មាន​គណនី​ធនាគារ​ឲ្យ​ជួយ​វេរ​លុយ​ចំនួន​៨០​ម៉ឺន​យាន់ គឺ​ប្រហាក់ប្រហែល​១២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទៅ​ឱ្យ​ថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន ។ 

ខណៈនោះ ភាគី​ដែល​មាន​គណនី​ធនាគារ​បាន​ទទួល​ការ​ពឹងពាក់​ពី​មិត្តភក្ដិ ក៏​បាន​វេរ​លុយ​ចូល​ក្នុង​គណនី​ទាំងអស់ ប៉ុន្តែ​មានចិត្ត​មិន​ស្មោះត្រង់​ឡើយ ដោយ​ក្រោយ​ពេល​វេរ​រួច​ជន​នោះ​បានឱ្យ​ដៃជើង​របស់​ខ្លួន​ទៅ​បើក​យក​លុយ​នោះ​ទាំងអស់​មក​វិញ ដែល​នេះ​គឺជា​ការ​រំលោភ​លើ​ទំនុកចិត្ត ។

ប្រភព​ដដែល​បន្ត​ថា ចំណែក​ម្ចាស់​លុយ​មិន​បានដឹង​ថា​មិត្តភក្ដិ​របស់​ខ្លួន​ក្បត់​បែប​នេះ​ឡើយ ហើយ​ក្រោយ​ពេល​ផ្ញើ​លុយ​ឱ្យ​ជន​នោះ​វេរ​រួច ក៏​បាន​ប្រាប់​ថៅកែ​របស់​ខ្លួន​នៅ​ឯ​ប្រទេស​ចិន​ឲ្យ ទៅ​បើក​យក​លុយ​ដែល​ខ្លួន​ពឹង​គេ​ឱ្យ​ផ្ញើ​នោះ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល គឺ​ថៅកែ​បាន​ឆ្លើយ​តប​មក​វិញ​ថា បើក​អត់​បាន​ទេ ព្រោះ​អត់​មាន​លុយ​នៅ​ក្នុង​គណនី​ឡើយ ។

បន្ទាប់​ពី​ទទួល​បាន​ដំណឹង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ ម្ចាស់​លុយ​បាន​ទៅ​សួរ​អ្នក​ដែល​ខ្លួន​ពឹង​នោះ​ហើយ​ត្រូវ​បាន​ប្រាប់​ថា លុយ​របស់​ឯង​គឺជា​លុយខ្មៅ​បើក​អត់​បាន​ទេ ព្រោះ​ពេល​នេះ​ត្រូវ​គេ​បិទ​គណនី​ចោល​ហើយ ។ ប៉ុន្តែ​ទោះបីជា​មានការ​ឆ្លើយ​ដោះសា​បែប​នេះ​ក្ដី  ក៏​ជនជាតិ​ចិន​ដែល​ជា​ម្ចាស់​លុយ​បាន​ទាមទារ​ដក​លុយ​នោះ​យក​មក​វិញ ទោះជា​លុយខ្មៅ​ក៏​ដោយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា ទាំង​២​ភាគី​នោះ​មិន​បាន​ប្រាប់​ឱ្យ​ដឹង​ឈ្មោះ​ឡើយ ហើយ ដោយសារ​តែ​ជន​រង​គ្រោះ​កើតទុក្ខ​មិន​សុខចិត្ត​កាន់តែ​ខ្លាំង ទើប​ជន​នោះ​យល់ព្រម​ដក​លុយ​ឱ្យ​វិញ ហើយ​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី​២៥ ខែសីហា ក៏​បាន​ណាត់គ្នា​ទៅ​យក​លុយ​នៅ​ចំណុច​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​ខណៈនោះ ជនសង្ស័យ​បាន​ប្រគល់​លុយ​ខាងលើ ទៅ​ឱ្យ​ជន​រង​គ្រោះ ប៉ុន្តែ​បន្តិច​ក្រោយមក បាន​ប្រើ​ដៃជើង​របស់​ខ្លួន​ឲ្យ​ចាប់​ក្រៀក​ជន​រង​គ្រោះ​ប្លន់​យក​លុយ​នោះ​វិញ បន្ទាប់​មក​ក៏​នាំ​គ្នា​ជិះ​រថយន្ត​២​គ្រឿង​គេចខ្លួន​បាត់​អស់​ទៅ ។

ចំណែក​ជនជាតិ​ចិន​ដែល​ជា​ជន​រង​គ្រោះ បាន​នាំ​គ្នា​តាម​រក រហូត​ដល់​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែសីហា ទើប​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​ផឹកស៊ី​នៅ​ក្នុង​ហាង ចែ​ថៃ ស្ថិត​នៅ​មុខ​ច្រកចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ពេល​នោះ​ក៏​ប្ដឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​បាន​៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​ផង រួម​នឹង​រថយន្ត​២​គ្រឿង​គឺ​ម៉ាក​រ៉ែ​ង​រ៉ូ​វើ​រ ពណ៌​ស​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AE 5858 និង​ឡិច​ស៊ី​ស​ពណ៌​ស្ករ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2AJ 1969 ។

ក្រោយ​ពេល​ឃាត់ខ្លួន កម្លាំង​នគរបាល​បាន​បញ្ជូន​ជន​ទាំង​៥​នាក់​នេះ​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង ។ ប៉ុន្តែ​ក្រោយមក​ឮ​ថា ភាគី​ទាំង​ពីរ​បាន​សម្រួល​ត្រូវរ៉ូវ​គ្នា ដោយ​ខាង​ជនសង្ស័យ​មាន​ខ្នង​អ្នកធំ​ជួយ​អន្តរាគមន៍ និង​បាន​យល់ព្រម​ប្រគល់​លុយ​នោះ​ទៅ​ឱ្យ​ជន​រង​គ្រោះ​វិញ ៕