ចិន ប្រាប់​ជប៉ុន​ត្រូវធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ក្នុង​កិច្ចប្រជុំ G-20 ក្នុង​ក្រុង​Hangzhou និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       August-27-2016, 5:39 pm         4

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ប្រាប់​ជប៉ុន​ត្រូវធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​ក្នុង​កិច្ចប្រជុំ G-20 ក្នុង​ក្រុង​Hangzhou​កិច្ចប្រជុំ​ប្រទេស​រីកចម្រើន​ទាំង​២០ ដែលមាន​មហា​យក្ស​ចិន​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ក្រោយ​។ មេដឹកនាំ​ពិភពលោក ដែល​រួមទាំង​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏ដូចជា​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹងចូលរួម​កិច្ច​ប្រចាំ​ឆ្នាំនេះ​។ ប៉ុន្តែ​មុន​កិច្ចប្រជុំ​ដ៏​ធំ​ចាប់ផ្ដើម ចិន​បាន​ប្រាប់​ទៅ​គូប្រជែង​ជប៉ុន​ថា ត្រូវ​ដើរតួនាទី​ដែលមាន​ផលប្រយោជន៍​ក្នុងពេល​កិច្ចប្រជុំ​នេះ​។

​ខណៈ​កិច្ចប្រជុំ​G-20 កាន់តែ​ជិត​មកដល់​នោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ចិន បាន​ប្រាប់​ប្រេសិត​ជប៉ុន​ថា ជប៉ុន​គួរ​ធ្វើខ្លួន​ឲ្យ​មាន​ប្រយោជន៍​នៅក្នុង​កិច្ចប្រជុំ​ពិភពលោក​នេះ ដែល​នឹងធ្វើ​ក្នុង​ទីក្រុង Hangzhou នា​ចុង​សប្ដាហ៍​ក្រោយនេះ ព្រោះ​កិច្ចសហប្រតិបត្តិការ គឺជា​ជំហរ​របស់​គ្រប់ភាគី​ទាំងអស់​។ មហា​យក្ស​ចិន បាន​ផ្ដាំ​ទៅ​ជប៉ុន​ជាមុន ដ្បិត​ចិន​ខ្លាច​ក្រុង​តូ​ក្យូ យក​វេទិកា​នេះ​ដើម្បី​និយាយ​រឿង​ជម្លោះ​ដែនដី​រវាង​ភាគី​ទាំងពីរ​។​

​ទំនាក់ទំនង​វាង​ក្រុង​ប៉េកាំង និង​ក្រុង​តូ​ក្យូ នៅតែ​បន្ត​រកាំរកូស ដោយសារ​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងកើត បញ្ហា​ប្រវត្តិសាស្ត្រ ក៏ដូចជា​បញ្ហា​ផ្សេងទៀត​។ ហើយ​ចិន បាន​ចោទប្រកាន់​ក្រុង​តូ​ក្យូ​ចំពោះ​ការ​លូកដៃ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាទី​ដែល​ចិន និង​បណ្ដា​ប្រទេស​អាស៊ាន​មួយចំនួនទៀត ដណ្ដើម​គ្នា​កាន់កាប់​ទឹកដី​កោះ​នៅ​តំបន់​នោះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua ទីប្រឹក្សា​រដ្ឋ​ចិន លោក យ៉ាង ជា​ឈី (Yang Jiechi) បាន​ជួប​ជាមួយ​ប្រមុខ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ជប៉ុន លោក Shotaro Yachi ដែលជា​កំពុង​ទស្សនកិច្ច​នៅ​ចិន​។ លោក យ៉ាង បាន​ប្រា​ប់លោក Yachi ថា ជប៉ុន​គួរ​ដើរតួ «​ស្ថាបនា​» ក្នុង​កិច្ចប្រជុំ​G-20​។

​ប្រភពព័ត៌មាន​ដដែល​បន្តថា ទីប្រឹក្សា​រដ្ឋ​ចិន​ប្រាប់​ប្រេសិត​ជប៉ុន​ទៀតថា ការ​ជឿនលឿន​នៃ​ទំនាក់ទំនង​រវាង​ចិន និង​ជប៉ុន ត្រូវបាន​រំខាន​ដោយ​បញ្ហា​ជាច្រើន ជាពិសេស​បញ្ហា​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត ដែល​បញ្ហា​ទាំងពីរ​នេះ​មិន​ស្ថិតក្នុង​ផលប្រយោជន៍​នៃ​ភាគី​ទាំងពីរ​ឡើយ​។

​ឆ្លៀតពេល​នៃ​ដំណើការ​ទស្សនកិច្ច​នៅ​ចិន លោក Shotaro Yachi ក៏បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន លោក លី ខឺ​ឈាំ​ង (Li Keqiang) ផងដែរ​។ នាយករដ្ឋមន្ត្រី​ចិន បញ្ជាក់​ទៅ​លោក Yachi ថា ទំនាក់ទំនង​ចិន​-​ជប៉ុន នៅតែ​ផុយស្រួយ បើទោះជា​មានការ​រីកចម្រើន​ខ្លះ​ក៏ដោយ​។ លោក លី សង្ឃឹមថា ជប៉ុន​នឹង​យល់ច្បាស់​ពី​ចិន ហើយ​ឆក់យក​ប្រយោជន៍​ពី​ការអភិវឌ្ឍ​របស់​ចិន​។ ចំណែក​លោក Yachi ក៏បាន​អានសំបុត្រ​របស់លោក អា​បេ ដែល​បានលើកឡើង​ពី​ក្ដី​រំពឹង​របស់​ជប៉ុន​ជុំវិញ​កិច្ចប្រជុំ​G-20 និង​ឆ​ន្ទះ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​៕