ជុំ កុសល រង​ការ​ចោទ​ថា បានបោក​ប្រាក់​ពី​ស្ត្រី​ម្នាក់

ជាការចោទប្រកាន់ ដែលលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាអ្ន​កធ្វើអត្ថាធិប្បាយនយោបាយ នៅ​តាម​កញ្ចក់​ទូរទស្សន៍ បានច្រានចោល ដោយអះអាងថា ជាការប្រឌិតឡើង ដើម្បីបរិហារកេរ្តិ៍លោក។ ប៉ុន្តែ​សម្រាប់​គណនី របស់​យុវតី​ម្នាក់ ​ដែល​បាន​ទម្លាយ​រឿងរ៉ាវនេះ ជាដំបូង​នៅលើទំព័រ​ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី​នោះ បាន​បញ្ចេញ​មុខ​​ស្ត្រី​ម្នាក់ តាមរយៈ​វីដេអូ​ចំនួនពីរ ដែល​បង្ហាញ​ពី​ឯកសារ​​មួយ​​ចំនួន​ ដើម្បីបញ្ជាក់​ពីការ​ចោទ​ប្រកាន់​​រឿង​​បោក​ប្រាក់ រំលោភ​សេចក្ដី​​ទុក​ចិត្ត​​នោះ ទៅ​​លើ​​លោក ជុំ កុសល។
ជុំ កុសល រង​ការ​ចោទ​ថា បានបោក​ប្រាក់​ពី​ស្ត្រី​ម្នាក់

ពីឆ្វេងទៅស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ជុំ កុសល ទីប្រឹក្សានាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)

រឿងរ៉ាវបានផ្ទុះឡើង នៅពីថ្ងៃព្រហស្បត្តិ៍ម្សិលម្ងៃ និងកំពុងរីករាលដាល នៅពាសពេញបណ្ដាញសង្គម នៅ​ចុង​សប្ដាហ៍នេះ។ រីករាលដាល ដោយសាររឿងរ៉ាវ «បោកប្រាក់ រំលោភសេចក្ដីទុកចិត្ត»​នេះ បានកើតឡើង បាញ់​ឆ្ពោះ​ទៅលោក ជុំ កុសល ទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអ្នកធ្វើអត្ថាធិប្បាយ គាំទ្រ​រដ្ឋាភិបាល-​គណបក្ស​ប្រជាជន​កម្ពុជា តាមកញ្ចក់ទូរទស្សន៍នោះផ្ទាល់តែម្ដង។

លោក ជុំ កុសល បានច្រានចោលការចោទប្រកាន់នេះ តាំងពីហេតុការណ៍ ត្រូវបានគណនី «YaPor YaPor» របស់​យុវតីម្នាក់ ដែលអះអាងថាខ្លួន ជាកូនស្រី​របស់ស្ត្រី ឈ្មោះ «ប្រាជ្ញ សុធារ៉ា» យកមកបង្ហោះជាលើកដំបូង នៅ​លើវេទិកាបញ្ចេញមតិយោបល់ នៃទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ជុំ កុសល បានចាត់ទុកការបង្ហោះនោះ ថាជាការប្រឌិត ដើម្បីបរិហារកេរ្តិ៍របស់លោក។ ប៉ុន្តែ នៅថ្ងៃបន្ទាប់មក លោក​​ទទួល​​ស្គាល់​ថា ពិតជាមានបណ្ដឹង​ទាំងនេះមែន ដោយគ្រាន់តែតុលាការ​សាលាដំបូង បានតម្កល់​បណ្ដឹង​នោះ មិន​​ចាត់​​ការ ក្រោមមូលហេតុ ថា«គ្មានបទល្មើស»។

មិននិយាយថា ទទួលប្រាក់ តែទាររកឯកសារ...

កាលពីព្រឹក​ថ្ងៃទី២៧ ខែសីហា ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីរូបនេះ ក៏បានចេញ​ជា​វីដេអូមួយដែរ តបទៅនឹង​ការ​​ចោទប្រកាន់ខាងលើ ប៉ុន្តែលោកមិនបាននិយាយ មួយម៉ាត់ឲ្យខ្លីថា តើលោក​បាន​ទទួល​ប្រាក់ ពីអ្នកស្រី ប្រាជ្ញ សុធារ៉ា ឬយ៉ាងណាទេ។ លោក ជុំ កុសល បាននិយាយថា បើជាការខ្ចីប្រាក់ ទោះ​ត្រឹម​​១០០ ឬ​២០០​ដុល្លារក៏​ដោយ ក៏ត្រូវមានឯកសារបញ្ជាក់ ពីការខ្ចីនោះ។ លោកបានអះអាងថា លោក​នឹង​ដាក់​​ពាក្យ​បណ្ដឹង ប្រឆាំង​ក្រុម​អ្នក​ចោទប្រកាន់លោកទាំងនេះ ទៅកាន់តុលាការ ពីបទបរិហារកេរ្តិ៍ និង​បទ​ទម្លាយ​​ឯកសារ​​របស់​តុលាការ។

សម្រាប់ក្រុមគ្រួសារ របស់អ្នកស្រី ប្រាជ្ញ សុធារ៉ា វិញ បានបន្តវាយប្រហារផ្ទួនៗ ទៅលើលោក ជុំ កុសល តាម​រយៈការបញ្ចេញមតិយោបល់របស់ពួកគេ ដោយបរិហារទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះ ថាបានទទួលប្រាក់ ពី​គេ​ហើយ បែបជាចង់មកប្តឹងតប ត្រលប់មកម្ចាស់ប្រាក់វិញទៀត។ យុវតី អ៊ឹម សុរិយាពណ៌ ម្ចាស់​គណនី​ហ្វេសប៊ុក «YaPor YaPor» ដែលបង្ហោះសារនៅលើទំព័រហ្វេសប៊ុក របស់លោក ហ៊ុន សែន បានស្រង់សំដី​របស់​មន្ត្រី​តុលាការ មកបញ្ជាក់ទៀតថា លោក ជុំ កុសល ជាអ្នកសារព័ត៌មាន ដែលមានខ្នង«ធំណាស់» មិន​អាច​មាន​​នរណា​​ម្នាក់ ធ្វើក្ដីប្ដឹងផ្ដល់ឈ្នះលោក នោះឡើយ។

មានជាប់ពាក់ព័ន្ធ ដល់លោក ប្រាក់ សុខុន...

ជ្រៅជ្រះជាងនេះ អ្នកស្រី ប្រាជ្ញ សុធារ៉ា ដែលនិយាយថា ខ្លួនបានរងគ្រោះ ពីការបោកប្រាស់លុយកាក់នោះ បាន​ទម្លាយឲ្យដឹងបន្ថែមថា រឿងរ៉ាវសុំចំណារពីនាយករដ្ឋមន្ត្រី ដើម្បីផលប្រយោជន៍ ដល់ក្រុមហ៊ុនឯកជន​មួយ​នោះ មានជាប់ទាក់ទងដល់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន ផងទៀត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកការចោទប្រកាន់ និងចម្លើយតបរបស់ភាគីទាំងសងខាង មកបង្ហោះ​ផ្សាយ​​ជូន​​ដូច​​ខាងក្រោម៖

- វីដេអូរបស់អ្នកស្រី ប្រាជ្ញ សុធារ៉ា បង្ហោះនៅល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦៖

- វីដេអូរបស់លោក ជុំ កុសល បង្ហោះនៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦៖

- វីដេអូរបស់អ្នកស្រី ប្រាជ្ញ សុធារ៉ា បង្ហោះនៅថ្ងៃទី២è ខែសីហា ឆ្នាំ២០១៦៖