មេកាវាយជាន់កបង្ខំឲ្យកូនចៅដេកជាមួយភ្ញៀវ

6 Videos


ស្ត្រីវ័យក្មេងម្នាក់បានរងរបួសដៃជើង បែកមាត់ និងជាំពេញខ្លួន ដោយត្រូវស្ត្រីមេការហាង«រាត្រីបាត់ដំបង» ចាប់ក្របួចសក់និងវាយដំនៅក្នុងបន្ទប់ភោជនីយដ្ឋានកាស៊ីណូម្កុដពេជ្រ ដោយសារតែបង្ខំនាងឲ្យដេកជាមួយភ្ញៀវជនជាតិថៃ តែនាងមិនព្រម ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ កន្លះរំលងអធ្រាត្ររហូតដល់ម៉ោង ៣ ទៀបភ្លឺ ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ នៅក្នុងបន្ទប់សណ្ឋាគារម្កុដពេជ្រ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

នារីរងគ្រោះឈ្មោះ ម៉ុន ស្រីនាង អាយុ២៤ឆ្នាំ ជានារីបម្រើការងារនៅក្នុងហាង«រាត្រីបាត់ដំបង» រស់នៅភូមិអូរដំបងពីរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។ ចំណែកស្ត្រីដៃដល់ឈ្មោះ ហម ស្រីមុំ អាយុ៣៦ឆ្នាំ ជាមេការហាងខាងលើ រស់នៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

មេកាវាយជាន់កបង្ខំឲ្យកូនចៅដេកជាមួយភ្ញៀវ

មុនពេលកើតហេតុមេការហាងខាងលើបានបបួលនាងឱ្យជិះរថយន្តជាមួយ ដោយធ្វើដំណើរពីខេត្តបាត់ដំបងទៅលេងនៅខេត្តប៉ៃលិន ហើយក៏ចូលទៅក្នុងសណ្ឋាគារកាស៊ីណូម្កុដពេជ្រ ដោយនាំគ្នាផឹកស៊ីជួបជុំមិត្តភក្តិប្រុសស្រី៤-៥នាក់ ។

លុះពេលផឹកស៊ីរហូតដល់ស្រវឹង ស្រាប់តែស្ត្រីមេការនោះ បានបង្ខំឱ្យនាងទៅដេកជាមួយភ្ញៀវជនជាតិថៃ តែដោយសារនាងមិនព្រមក៏ប្រកែកគ្នាចុះឡើងៗ ទើបស្ត្រីខាងលើនោះបានស្ទុះទៅចាប់បោចសក់ និងវាយជាច្រើនដៃ ហើយជាន់កនារីរងគ្រោះស្ទើរដាច់ខ្យល់ស្លាប់ ។ ពេលនោះដោយឃើញថា មិនអាចស៊ូទ្រាំបាន នារីរងគ្រោះក៏បានប្រាប់ថា នាងយល់ព្រមទៅដេកជាមួយជនជាតិថៃនោះហើយ ទើបស្ត្រីដៃដល់បន្ទូរដៃ រួចនាងក៏ស្ទុះរត់ចេញទៅក្រៅស្រែកហៅឱ្យគេជួយតែម្តង ។

មេកាវាយជាន់កបង្ខំឲ្យកូនចៅដេកជាមួយភ្ញៀវ

នៅព្រឹកថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦ នាងក៏សម្រេចចិត្តទៅដាក់ពាក្យប្តឹងនៅស្នាក់ការកងរាជអាវុធហត្ថភូមិផ្សារព្រំ លុះពិនិត្យមើលទៅមិនអាចដោះស្រាយបានក៏ប្រាប់ឱ្យនាងទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិនវិញ ។

លោកឧកញ៉ា ជា គា ម្ចាស់សណ្ឋាគារម្កុដពេជ្រ បានឱ្យដឹងថា ស្ត្រីទាំង ២ នាក់ខាងលើ គឺជាភ្ញៀវមកពីខេត្តបាត់ដំបងទេ ដោយចូលទៅលេងនៅក្នុងសណ្ឋាគាររបស់លោក ពួកគេមិនមែនជាបុគ្គលិកធ្វើការក្នុងកាស៊ីណូរបស់លោកឡើយ ។ លោកបានបន្តទៀតថា ស្ត្រីដៃដល់បានទាក់ទងជាមួយអ្នកផ្សេងទៀត រួចដឹកញីបន្ស៊ីឈ្មោលឱ្យទៅដេកជាមួយភ្ញៀវ លុះនារីរងគ្រោះមិនព្រម ក៏កើតជារឿងវាយនារីរងគ្រោះបណ្តាលឱ្យរបួសតែម្តង ។

មេកាវាយជាន់កបង្ខំឲ្យកូនចៅដេកជាមួយភ្ញៀវ

លោកវរសេនីយ៍ត្រី នង វណ្ណនី ប្រធានមន្ទីរស្រាវជ្រាវ និង យុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឱ្យដឹងថា លោកបានទទួលពាក្យបណ្តឹងហើយ ក៏បានហៅស្ត្រីដៃដល់មកសួរនាំរួចរាល់អស់ហើយដែរ ៕

សុថាត់