ប៉ូលិស ប្រេ​ស៊ី​ល​ត្រៀម​ឯកសារ​ចោទ​អតីត​ប្រធានាធិបតី​រឿង​ពុករលួយ​ និពន្ធដោយ : ថ្មីៗ       August-27-2016, 9:59 pm         128

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប៉ូលិស ប្រេ​ស៊ី​ល​ត្រៀម​ឯកសារ​ចោទ​អតីត​ប្រធានាធិបតី​រឿង​ពុករលួយ​អតីតប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងភរិយា Marisa Leticia នាពិធីមួយកាលពីឆ្នាំ២០០៧។ រូបថត Reuters​ប៉ូលិស​សហព័ន្ធ​ប្រេ​ស៊ី​ល​កំពុង​ស្វះស្វែង​ជំរុញ​ឲ្យ​រដ្ឋអាជ្ញា​ចោទប្រកាន់​អតីត​ប្រធានាធិបតី Luiz Inacio Lula da Silva និង ភរិយា​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ ដោយ​ទទួលបាន​លុយ​សំណូក​ជាង ៧​សែន​ដុល្លារ​ពី​ក្រុមហ៊ុន​សំណង់​។ តែ​មេធាវី​ការពារ​អតីត​មេដឹកនាំ​នេះ អះអាងថា ការចោទប្រកាន់​របស់​ប៉ូលិស​មិនមាន​មូលដ្ឋាន​ច្បាស់លាស់​ឡើយ​។​

អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល Luiz Inacio Lula da Silva នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ការចោទប្រកាន់​ពី​ស្ថាប័ន​តុលាការ​ជុំវិញ​សំណុំរឿង​ពុករលួយ ស្រប​ពេលដែល​ស្ថាប័ន​ប៉ូលិស​សហព័ន្ធ​កំពុង​ខ្នះខ្នែង​ស្នើ​ឲ្យ​រដ្ឋអាជ្ញា​ប្រេ​ស៊ី​ល​សម្រេច​ចោទប្រកាន់​លើ​អ្នកនយោបាយ​រូបនេះ​ជា​ផ្លូវការ​។​

បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប៉ូលិស​ស្នើ​ឲ្យ​មានការ​ចោទប្រកាន់​លើ លោក Luiz Inacio Lula da Silva និង​ភរិយា​លោក  ហើយ​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្រោម​ក្របខណ្ឌ​នៃ​ការស៊ើបអង្កេត​សំណុំរឿង​ពុករលួយ​នៅ​ក្រុមហ៊ុន​ប្រេង​រដ្ឋ Petroleo Brasileiro SA​កន្លងមក​។​

សំណុំរឿង​លោក Luiz Inacio Lula da Silva និង ភរិយា​លោក វា​ពាក់ព័ន្ធ​ទៅ​ការទិញ​និង​កែលម្អ​អា​ផាត​មិន មួយកន្លែង​នៅ​រមនីយដ្ឋាន​តំបន់ឆ្នេរ Guaruja ដែល​ស្ថិតនៅ​ចម្ងាយ​ប្រហែល​៦០​គីឡូម៉ែត្រ ពី​ក្រុង Sao Polo ។ ខាង​ប៉ូលិស​សហព័ន្ធ​បាន​អះអាងថា  លោក Luiz Inacio Lula da Silva និង​ភរិយា​បានទទួល​ផលប្រយោជន៍​ជា​លុយ​សុទ្ធ​ចំនួន ៧៤៧,៨៩៦ ដុល្លារ​អាមេរិក​ឯណោះ​ពី​ក្រុមហ៊ុន​សាងសង់ OAS​។

តែ ក្រុម​មេធាវី​ការពារ​លោក Luiz Inacio Lula da Silva និង​ភរិយា បាន​អះអាងថា ការចោទប្រកាន់​របស់​ស្ថាប័ន​ប៉ូលិស​សហព័ន្ធ​មកលើ​អ្នក​ទាំងពីរ​មិនមាន​អំណះអំណាង​និង​មូលដ្ឋាន​ត្រឹមត្រូវ​ឡើយ តែ​វា​ជាប់​ពាក់ព័ន្ធ​បញ្ហានយោបាយ​ប៉ុណ្ណោះ​។ ពួកគេ​បាន​អះអាងថា អា​ផាត​មិន​ខាងលើ​ត្រូវបាន​ចុះបញ្ជី​ដោយមាន​ឈ្មោះ​ក្រុមហ៊ុន​សំណង់ OAS ហើយ​លោក Luiz Inacio Lula da Silva បាន​ទៅ​ពិនិត្យមើល​ម្តង​។ លោក​និង​ភរិយា​កាលនោះ​គ្រាន់តែ​ចង់​ទិញ​អា​ផាត​មិន​ខាងលើ​ប៉ុណ្ណោះ​។​

យ៉ាងណា​ក៏ដោយចុះ ទៅ​មានការ​ចោទប្រកាន់​ពី​សំណាក់​ប៉ូលិស​ក៏ដោយ ខាង​រដ្ឋអាជ្ញា​ឯណោះ​ទេ​ជា​អ្នកសម្រេច​ថា ត្រូវ​ចោទប្រកាន់​លើ​អ្នក​ទាំងពីរ​ឬ​អត់​។ ប៉ុន្តែ​ខាង​សារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​ខាង​រដ្ឋអាជ្ញា​សហព័ន្ធ​ថា តើ​នឹងមាន​ការចោទប្រកាន់​អតីត​ប្រធានាធិបតី​និង​ភរិយា​ក្នុងពេល​ឆាប់ៗ​ឬ​អត់​នោះ​។​

តាមពិតទៅ ប្រេ​ស៊ី​ល​កំពុងតែ​ប្រឈម​បញ្ហា​ចម្រូងចម្រាស​ជាពិសេស​ការចោទប្រកាន់​អ្នកនយោបាយ​ជាពិសេស​មេដឹកនាំ​កំពូល​រឿង​ពុករលួយ​។ ដូច​ឃើញស្រាប់ លោកស្រី​ប្រធានាធិបតី Dilma  Rousseff  ត្រូវគេ​ព្យួរ​តំណែង​បណ្តោះអាសន្ន ដោយសារ​រង​ការចោទប្រកាន់​រឿង​ពុករលួយ​។ ហើយ​កាលពី​សប្តាហ៍​មុន តុលាការ​កំពូល​បានសម្រេច​អនុញ្ញាត​ឲ្យ​មានការ​បើក​ការស៊ើបអង្កេត​មួយ​ពាក់ព័ន្ធ​ការសហការ​រវាង​លោកស្រី  Dilma  Rousseff   និង​លោក Luiz Inacio Lula da Silva ក្នុងការ​បង្ក​ឲ្យ​មានការ​រាំងស្ទះ​ដល់​ការស៊ើបអង្កេត​រឿង​ពុករលួយ​ក្រុមហ៊ុន​ប្រេង Petrobras៕