ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ព្រមាន​ចាត់​វិធាន​ធ្ងន់ធ្ងរ​បន្ថែម​លើ​កូរ៉េខាងជើង ​ និពន្ធដោយ : ទេព អ៊ីវិសាល       August-27-2016, 10:19 pm         20

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ព្រមាន​ចាត់​វិធាន​ធ្ងន់ធ្ងរ​បន្ថែម​លើ​កូរ៉េខាងជើង ​ទូរទស្សន៍កូរ៉េខាងត្បូងផ្សាយពីការបាញ់សាកល្បងមីស៊ីលរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ រូបថត Xinhuaក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​ចំពោះ​ការបន្ត​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដែល​បាន​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់ និង​បាន​បំពាន​ទៅនឹង​បម្រាម​របស់​ក្រុមប្រឹក្សា​ទៀតផង​។ បន្ថែម​ពីនេះ ស្ថាប័ន​កំពូល​មួយ​នេះ ក៏បាន​ព្រមាន​ចាត់​វិធាន​បន្ថែមទៀត​ដើម្បី​ជា​ឆ្លើយតប​ទៅនឹង​ការផ្គើន​ជាថ្មី​របស់​កូរ៉េខាងជើង​ផងដែរ​។

ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​អង្គការសហប្រជាជាតិ ដែលមាន​សមាជិក​សរុប​១៥​ប្រទេស នៅ​ថ្ងៃទី​២៦ ខែសីហា បាន​ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ក្នុង​ការចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ការបំពាន​បម្រាម​ជាថ្មី​របស់​កូរ៉េខាងជើង ដោយបាន​បញ្ជាក់ថា «​សមា​ជិ​ក្រុមប្រឹក្សា​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​ស្ថានភាព និង​ចាត់​វិធាន​ចាំបាច់​បន្ថែមទៀត​លើ​ការបំពាន​នោះ​»​។ ក្រុមប្រឹក្សា ក៏​ទទូច​ជាថ្មី​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​សកម្មភាព​បន្ថែមទៀត​ដែល​រាប់បញ្ចូល​ទាំង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters​។

តាម​ប្រភពព័ត៌មាន​ដដែល​នោះ សេចក្តីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា ត្រូវបាន​ធ្វើឡើង​ក្រោយពី​មាន​ការចរចា​ជាមួយនឹង​ចិន​ជា​ច្រើនដង ដោយ​ចិន មិន​ចង់​ឲ្យ​ភាព​តានតឹង​នៅ​តំបន់​នោះ​កាន់តែ​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​។ តែ​សេចក្តីថ្លែងការណ៍​ដែល ព្រាង​ដោយ​ចិន និង​អាមេរិក​នោះ មិនបាន​បញ្ជាក់​ពី​វិធាន​ចាំបាច់​នោះ ជា​ប្រភេទ​អ្វី​នោះទេ​។​

សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២៤ ខែសីហា​កន្លងទៅ​ថ្មីៗ​នេះ កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ដែល​ហោះ​បាន​ចម្ងាយ​ប្រហែល​៥០០​គីឡូ​ម៉ែត ចេញពី​នាវាមុជទឹក (SLBM) នៅក្នុង​សមុទ្រ​ជប៉ុន ។ ការបាញ់​នេះ ត្រូវបាន​ក្រុង​ព្យុងយ៉ាង​អះអាងថា​ជាការ​បង្ហាញ​ពី​ការរីកចម្រើន​ថ្មី​មួយទៀត​របស់​កូរ៉េខាងជើង ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​អាវុធ ខណៈដែល​អ្នកជំនាញ​មួយចំនួន​មើលឃើញថា ការសាកល្បង​កន្លងមក​មិនបាន​ជោគជ័យ​ឡើយ​។​

ជុំវិញ​នៃ​ការបាញ់​ចុងក្រោយ​នេះដែរ មន្ត្រី​យោធា​កូរ៉េខាងត្បូង​ថា មី​ស៊ី​ល​នោះ បាន​ធ្លាក់​ចូលក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​អាកាស​របស់​ជ​ប៉ុន ដែល​បានធ្វើ​ឲ្យ​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ ថ្កោលទោស​យ៉ាងខ្លាំង​លើ​ការបាញ់​មី​ស៊ី​ល​នេះ​។ ហើយ​លោក ក៏បាន​ចាត់ទុកថា​វា​ជាស​កម្ម​ភាពព្រហើន ព្រមទាំង​ជាការ​គំរាម​ដល់​សន្តិសុខ​ជប៉ុន​ដែល​មិនអាច​លើកលែង​បាន​ថែម​ទៀតផង​។

សូម​ជម្រាប​ផងដែរ​ថា បើទោះបីជា​សហគមន៍​អន្តរជាតិ បាននិងកំពុង​តែ​បន្ត​ចាត់​វិធាន​តឹងរឹង​ដែល​រាប់បញ្ចូល​ទាំង​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ក៏ដោយចុះ កូរ៉េខាងជើង ហាក់ដូចជា​មិន​ថមថយ​ឬ​បញ្ឈប់​មហិច្ឆតា​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​ដែរ​។

នៅ​ថ្ងៃទី​០២ ខែមីនា ក្រុមប្រឹក្សាសន្តិសុខ បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​មួយ​ប្រឆាំង​សកម្មភាព​ដ៏​គឃ្លើន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ដើមឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​៕